ភ្នំពេញ៖ កង្វះព័ត៌មានអំពីការសិក្សា ព័ត៌មានអំពីគោលនយោបាយ និងកង្វះលទ្ធភាពផ្តល់ហិរញ្ញវត្ថុរបស់រដ្ឋាភិបាល គឺជាកត្តាចម្បងដែលធ្វើឱ្យការស្រាវជ្រាវបែបវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៅកម្ពុជានៅតែអន់ថយជាងប្រទេសក្នុងតំបន់។ នេះបើយោងតាមមន្ត្រីជំនាញនានា។
នៅប្រទេសកម្ពុជា ធនធានមនុស្សក្នុងវិស័យនេះនៅមានកម្រិតដ៏ទាបនៅឡើយ បើប្រៀបធៀបនឹងប្រទេសក្នុងតំបន់។ តួយ៉ាងចំនួននិស្សិតដែលសិក្សាមុខវិជ្ជាវិទ្យាសាស្ត្រដូចជារូបវិទ្យា គីមីវិទ្យា ជីវវិទ្យា វិស្វកម្មនិងសំណង់ សុខភាព និងកសិកម្មនៅឆ្នាំ២០១២ មានអត្រាត្រឹមតែ២៧ភាគរយប៉ុណ្ណោះក្នុងចំណោមនិស្សិតសរុបប្រមាណ៣០,០០០នាក់។ អត្រានេះគឺទាបខ្លាំងជាងចំនួននិស្សិតដែលសិក្សាមុខវិជ្ជាវិទ្យាសាស្ត្រសង្គមដូចជាច្បាប់ គណនេយ្យ គ្រប់គ្រង និងធនាគារជាដើម។
ដោយឡែកប្រទេសជាច្រើនក្នុងតំបន់ដូចជាឥណ្ឌូនេស៊ី មានអត្រានិស្សិតសិក្សាមុខវិជ្ជាវិទ្យាសាស្ត្រចំនួន៣៣% ម៉ាឡេស៊ី ៤៥% និងសឹង្ហបុរី រហូតដល់ចំនួន៥៣%។ នេះបើតាមរបាយការណ៍មួយរបស់វិទ្យាស្ថានបណ្តុះបណ្តាលនិងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) នៅឆ្នាំ២០១២។
លោកស្រី ល្វីស អារ៉េន (Luise Ahrens) មន្ត្រីសម្របសម្រួលគម្រោងរបស់អង្គការម៉ារីណុល (Maryknoll) ដែលជាអង្គការផ្តល់ប្រឹក្សាយោបល់ផ្នែកអប់រំ ថ្លែងថាអត្រានិស្សិតដែលសិក្សាមុខវិជ្ជាវិទ្យាសាស្ត្រទាបដោយសារកង្វះព័ត៌មានអំពីការជ្រើសរើសមុខជំនាញសិក្សានិងគោលនយោបាយឱ្យបានច្បាស់លាស់លើវិស័យនេះ។
«រដ្ឋាភិបាលចាំបាច់ត្រូវចាប់អារម្មណ៍និងផ្តល់ព័ត៌មានទាក់ទឹននឹងមុខវិជ្ជាផ្នែកវិទ្យាសាស្ត្រនេះដល់សិស្ស ហើយសិស្សក៏ត្រូវចេះស្វះស្វែងរកព័ត៌មានផងដែរ។ បច្ចុប្បន្ននេះរដ្ឋាភិបាលនៅមិនទាន់មានគម្រោងជាប្រព័ន្ធដើម្បីចែករំលែកព័ត៌មានប្រភេទនេះនៅឡើយទេ។ ពួកគេគ្រាន់តែផ្តល់សៀវភៅណែនាំពីមុខវិជ្ជានៅមហាវិទ្យាល័យដល់សិស្ស ប៉ុន្តែមិនបានលម្អិតពីឱកាសការងារបន្ទាប់ពីបញ្ចប់ការសិក្សា ឬក៏គុណសម្បត្តិនិងគុណវិបត្តិនៃមុខវិជ្ជានីមួយៗទេ»។
នៅពេលដែលខ្វះព័ត៌មានអំពីមុខវិជ្ជាសិក្សានៅមហាវិទ្យាល័យ សិស្សបន្ទាប់ពីរៀនចប់វិទ្យាល័យភាគច្រើនតែងតែជ្រើសរើសយកមុខវិជ្ជាវិទ្យាសាស្ត្រសង្គម ដែលកំពុងមានទីផ្សារការងារចង្អៀតណែនស្រាប់ទៅហើយ។ បើតាមការស្រាវជ្រាវមួយរបស់អង្គការឌីអាម៊ីកូ (D’Amico) នៅឆ្នាំ២០១២ វិស័យសេវាកម្មដូចជាគណនេយ្យ គ្រប់គ្រង ច្បាប់ និងសេដ្ឋកិច្ចត្រូវការបុគ្គលិកចំនួនតូចប៉ុណ្ណោះ។ តួយ៉ាងនៅឆ្នាំ២០១២ ទីផ្សារការងារអាចស្រូបយកនិស្សិតបានត្រឹមតែ១៦,០០០នាក់ប៉ុណ្ណោះ ប៉ុន្តែការផ្គត់ផ្គង់មានរហូតដល់ជាង២៩,០០០នាក់ ជាហេតុធ្វើឱ្យនិស្សិតជិតពាក់កណ្តាលគ្មានការងារធ្វើ។
លោកស្រី ល្វីស អារ៉ែន ថ្លែងថាទីផ្សារការងារបច្ចុប្បន្នកំពុងខ្វះនិស្សិតផ្នែកវិទ្យាសាស្ត្រដែលមានសមត្ថភាពចូលទៅបំពេញ។
«ការងារជាច្រើនគឺនៅផ្នែកវិទ្យាសាស្ត្រអនុវត្តន៍ ប៉ុន្តែសិស្សនៅតែជ្រើសរើសមុខវិជ្ជាពាណិជ្ជកម្មនិងច្បាប់ដែលពួកគេមិនអាចរកការងារបានធ្វើនៅពេលរៀនចប់។ ពួកគេជ្រើសរើសយកមុខវិជ្ជាទាំងនោះដោយសារមិត្តភ័ក្តិពួកគេណែនាំឱ្យរៀន»។
កត្តាមួយទៀតដែលធ្វើឱ្យវិស័យវិទ្យាសាស្ត្រនៅកម្ពុជានៅអន់ថយ គឺដោយសារការវិនិយោគលើវិស័យនេះនៅមានកម្រិតទាបខ្លាំងនៅឡើយ។
បើយោងតាមការស្រាវជ្រាវថ្មីមួយរបស់វិទ្យាស្ថានCDRI គ្រឹះស្ថានឧត្តមសិក្សាឬសាកលវិទ្យាល័យនៅកម្ពុជាជាពិសេសនៅតាមគ្រឹះស្ថានឯកជនមិនបានផ្តោតលើការពង្រឹងការស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រទេ ដោយសារកង្វះធនធាននិងឧបករណ៍ពិសោធន៍។
មូលហេតុមួយទៀតប្រហែលបណ្តាលមកពីកង្វះចំណាប់អារម្មណ៍ក្នុងកម្រិតបុគ្គល។
និស្សិតភាគច្រើនដែលវីអូអេ ខេមរភាសា បានជួបសម្ភាសន៍យល់ថាការសិក្សាមុខវិជ្ជាវិទ្យាសាស្ត្រជាមុខវិជ្ជាពិបាករៀននិងមានឱកាសការងារមិនច្បាស់លាស់។
លោក ខ្លូត សុបញ្ញា អាយុ២២ឆ្នាំ ជានិស្សិតឆ្នាំទី៤ជំនាញសេដ្ឋកិច្ចអភិវឌ្ឍន៍ម្នាក់នៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិយល់ថាអ្នកសិក្សាមុខវិជ្ជាវិទ្យាសាស្ត្រភាគច្រើននឹងធ្វើជាគ្រូបង្រៀនប៉ុណ្ណោះ។
«ខ្ញុំគិតថាអ្នកដែលរៀនចប់មុខវិជ្ជាវិទ្យាសាស្ត្រហើយ គេនឹងក្លាយជាគ្រូបង្រៀន។ ឧទាហរណ៍ប្រសិនបើគាត់សិក្សាជីវវិទ្យា ពេលរៀនចប់គាត់អាចក្លាយជាគ្រូលើមុខវិជ្ជានេះ»។
ចំណែកឯនិស្សិតម្នាក់ទៀត ឈ្មោះ ញិល សុធី អាយុ២០ឆ្នាំដែលកំពុងសិក្សាជំនាញរូបវិទ្យានៅសកលវិទ្យាល័យភូមិន្ទភ្នំពេញក៏ថ្លែងថាលោកជ្រើសរើសយកមុខវិជ្ជានេះដោយសារគេចង់ក្លាយជាគ្រូបង្រៀនម្នាក់។
«កាលនៅវិទ្យាល័យខ្ញុំពូកែខាងរូបវិទ្យា ហើយណាមួយវាជាមុខវិជ្ជាសំខាន់សម្រាប់បច្ចេកវិទ្យា ដូច្នេះទើបខ្ញុំជ្រើសរើសយកជំនាញនេះ។ ខ្ញុំចង់ក្លាយជាគ្រូបង្រៀនរូបវិទ្យានៅមហាវិទ្យាល័យពេលរៀនចប់»។
លោកស្រី ល្វីស អារ៉េន ថ្លែងថាក្រៅពីជម្រើសជាគ្រូបង្រៀន អ្នកសិក្សាមុខវិជ្ជាវិទ្យាសាស្ត្រអាចបម្រើការក្នុងវិស័យជាច្រើនទៀតដែលផ្តល់ប្រាក់បៀរវត្សរ៍ខ្ពស់។
«ប្រសិនបើគេសិក្សាមុខវិជ្ជាគីមីវិទ្យា ពួកគេអាចធ្វើការនៅក្រុមហ៊ុនអាហារដូចជាអាហារក្រៀម អាហារកំប៉ុង និងអាហារធម្មជាតិជាដើម។ ពួកគេក៏អាចធ្វើការនៅក្រុមហ៊ុនផលិតភេសជ្ជៈដូចជាក្រុមហ៊ុន Cambrew និង Cocacola ជាដើម។ ចំណែកឯរូបវិទ្យា ពួកគេអាចបម្រើការផ្នែកអេឡិកត្រូនិក និងវិស្វកម្មអគ្គិសនីនៅអគ្គិសនីជាតិកម្ពុជា។ ក្រុមហ៊ុនរថយន្តជាច្រើនក៏កំពុងស្វែងរកអ្នកដែលចេះវិភាគតាមកុំព្យូទ័រផងដែរ។ ប្រសិនបើគេសិក្សាមុខវិជ្ជាគណិតវិទ្យាគឺកាន់តែងាយស្រួលក្នុងការស្វែងរកការងារធ្វើ។ អង្គការស្រាវជ្រាវនិងក្រុមហ៊ុនជាច្រើនកំពុងរកបុគ្គលិកដែលមានប្រវត្តិផ្នែកស្ថិតិនិងគណិតវិទ្យានេះ»។
លោក បណ្ឌិត ហេង ណារ៉េត ប្រធានដេប៉ាតេម៉ង់អភិវឌ្ឍន៍សហគមន៍នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ថ្លែងថាកង្វះការស្រាវជ្រាវបែបវិទ្យាសាស្ត្រនេះជាបញ្ហាដ៏ប្រឈមមួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
«ប្រសិនបើគ្មានការស្រាវជ្រាវនិងគំនិតរកឃើញថ្មី វាជាឧបសគ្គយ៉ាងចម្បងក្នុងការអភិវឌ្ឍជាតិ។ ឧទាហរណ៍រាល់វត្ថុធាតុដើមដែលយើងផលិតបានដូចជាពោតនិងដំឡូងមី ភាគច្រើនយើងលក់ទៅឱ្យប្រទេសជិតខាង។ ប្រសិនបើធ្វើនៅស្រុកខ្មែរយើងអាចផ្តល់តម្លៃបន្ថែម តម្លៃពលកម្មដល់ខ្មែរយើងច្រើន ប៉ុន្តែយើងលក់ទៅបរទេសហើយទិញមកវិញនូវផលិតផលសម្រេច។ នេះដោយសារយើងខ្វះខាតការស្រាវជ្រាវផ្នែកម្ហូបអាហារ»។
លោកស្រី ល្វីស អារ៉េន សង្កត់ធ្ងន់ថាការអន់ថយផ្នែកវិទ្យាសាស្ត្រនេះនឹងក្លាយជាបញ្ហាចោទកាន់តែខ្លាំងនៅពេលកម្ពុជាធ្វើសមាហរណកម្មចូលទៅក្នុងសេដ្ឋកិច្ចអាស៊ាននៅឆ្នាំ២០១៥។
លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចកម្ពុជា ទទួលស្គាល់ពីកង្វះខាតនេះ។
«ដូច្នេះទាមទារឱ្យរដ្ឋាភិបាលពិចារណាឡើងវិញរវាងសេចក្តីត្រូវការផ្នែកវិទ្យាសាស្ត្រឱ្យមានតុល្យភាពជាមួយសង្គម។ ប្រសិនបើយើងមានអ្នកសិក្សាមុខវិជ្ជាច្បាប់ ទីផ្សារ ឬគ្រប់គ្រង ហើយអត់មានអ្នកវិទ្យាសាស្ត្រនៅសហគ្រាសទេ ដូច្នេះកំណើនសេដ្ឋកិច្ចក៏យើងអត់មាន»។
លោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំបានឆ្លើយតាមសារអេឡិកត្រូនិកតបនឹងសំណួររបស់វីអូអេ សំឡេងសហរដ្ឋអាមេរិកថា ការលើកកម្ពស់ការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រនឹងជាអាទិភាពមួយរបស់រដ្ឋាភិបាលក្នុងអណត្តិថ្មីនេះ។
លោករដ្ឋមន្ត្រីបញ្ជាក់ថា៖
«ក្រសួងអប់រំកំពុងតែរៀបចំឯកសារគោលនយោបាយដែលមានលក្ខណៈស៊ីជម្រៅមួយ»។
ក្នុងយុទ្ធសាស្ត្រចតុកោណថ្មីនេះ រដ្ឋាភិបាលគ្រោងនឹងបង្កើនការវិនិយោគលើផ្នែកអប់រំវិទ្យាសាស្ត្រនេះ ព្រមទាំងបង្កើតមន្ទីរពិសោធន៍ឧស្សាហកម្មថ្នាក់ជាតិមួយ និងបង្កើតស្តង់ដារបាយការណ៍គណនេយ្យនិងហិរញ្ញវត្ថុមួយដើម្បីបង្កើនលទ្ធភាពទទួលបានឥណទានរបស់សហគ្រាសធនតូចនិងមធ្យម។
យ៉ាងណាក៏ដោយ លោកស្រី ល្វីស អារ៉េន យល់ថាទោះបីរដ្ឋាភិបាលមានគោលនយោបាយក៏ល្អមួយក្តី ក៏ការអនុវត្តនៅតែស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ៕