ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​ការបរទេស​អាមេរិក​បណ្តេញ​អ្នក​ការទូត​គុយបា​ពីរនាក់​បន្ទាប់​ពី​មាន​ឧប្បត្តិហេតុ​នៅ​ស្ថានទូត​អាមេរិក​ក្នុង​ឡាហាវ៉ាន


លោកស្រី Heather Nauert អ្នក​នាំពាក្យ​របស់​ក្រសួង​ការបរទេស​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្រសួង​ការបរទេស​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧។
លោកស្រី Heather Nauert អ្នក​នាំពាក្យ​របស់​ក្រសួង​ការបរទេស​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្រសួង​ការបរទេស​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧។

ក្រសួង​ការ​បរទេស​ស.រ.អា.​បាន​និយាយ​ថា​ខ្លួន​បាន​បណ្តេញ​អ្នក​ការ​ទូត​គុយបា​ពីរ​នាក់​ចេញ​ពី​ស.រ.អា.​កាលពី​ខែ​ឧសភា ក្រោយ​ពី​មាន​ជនជាតិ​អាមេរិកាំង​រង​គ្រោះ​ដោយសារ​អ្វី​ដែល​ក្រសួង​នេះ​បាន​ហៅ​ថា​រោគសញ្ញា​បណ្តាល​មក​ពី​ «ឧប្បត្តិហេតុ» នៅ​ឯ​ស្ថានទូត​ក្នុង​ក្រុង​ឡាហាវ៉ាន។​

នៅ​ក្នុង​អ្វី​ដែល​ហាក់​ដូច​ជា​រឿង​អាថ៌កំបាំង​ចារកម្ម​ក្នុង​សម័យ​សង្គ្រាម​ត្រជាក់ អ្នកស្រី​ Heather Nauert អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​ស.រ.អា.​បាន​និយាយកាល​ពីថ្ងៃ​ពុធ​ថា​ «យើង​គ្មាន​ចម្លើយ​ច្បាស់លាស់​ណា​មួយ​អំពី​ប្រភព​ ឬ​បុព្វហេតុ​នៃ​អ្វី​ដែល​យើង​ចាត់ទុក​ថា​ជា​ឧប្បត្តិហេតុ​ទាំង​នេះ​ទេ។ យើង​គិតគូរ​ហ្មត់ចត់​អំពី​ឧប្បត្តិហេតុ​ទាំង​នេះ​ហើយ​នៅ​ពេល​នេះ​កំពុង​មាន​ការ​ស៊ើបអង្កេត​អំពី​ការណ៍​នេះ​ហើយ»។

អ្នកស្រី​ Nauert មិន​បាន​ផ្តល់​សេចក្តី​លម្អិត​អំពី​ជំងឺ​ខាង​រាងកាយ​ដែល​នាំ​ឱ្យ​ជនជាតិ​អាមេរិកាំង​ចាក​ចេញ​ពី​ប្រទេស​គុយបា​ទេ។ ​អ្នកស្រី​បានថ្លែង​ថា​ពួកជន​ទាំង​នេះ​ត្រូវ​ការ​ការ​ព្យាបាល​ ក៏​ប៉ុន្តែថា​របួស​ទាំង​នេះ​មិន​បណ្តាល​ឱ្យ​ស្លាប់​ទេ។​

ក៏​ប៉ុន្តែ​មន្ត្រី​ស.រ.អា.​ម្នាក់​បាន​និយាយ​ថា​ពួក​អ្នក​ស៊ើបអង្កេត​កំពុង​ពិនិត្យ​មើល​អំពី​លទ្ធភាព​ថា​មាន​មនុស្ស​ដាក់​ប្រដាប់​សំឡេង​មិន​អាច​ស្តាប់​ឮ​ដែល​ភាសាអង់គ្លេស​ហៅ​ថា​ inaudible sonic devices នៅ​ជុំវិញ​ផ្ទះ​ពួក​អ្នក​ការទូត​ស.រ.អា.​នៅ​ក្នុង​ក្រុង​ឡាហាវ៉ាន ហើយ​ថា​ជន​ជាតិ​អាមេរិកាំង​ទាំងនេះ​ប្រហែល​រងគ្រោះ​ដោយសារ​ការ​ថ្លង់​រហូត។​

អ្នកស្រី​ Nauert បាន​និយាយ​ថា​ជា​ដំបូង​ឡើយ​ស.រ.អា.​បាន​ដឹង​អំពី​ឧប្បត្តិហេតុទាំង​នេះ​កាល​ពី​ចុង​ឆ្នាំ​ទៅ​មិញ៕

XS
SM
MD
LG