ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក ត្រាំ នឹង​រឹត​បន្តឹង​គោលនយោបាយ​ជា​មួយ​គុយបា​ដែល​បន្ធូរបន្ថយ​ដោយ​លោក ​អូបាម៉ា


រូបឯកសារ៖ ក្រុម​អ្នក​ប្រកប​ការ​ងារ​បាន​ស្វាគមន៍​ការ​ហោះហើយ​លក្ខណៈ​ពាណិជ្ជកម្ម​ដំបូង​រវាង​សហរដ្ឋ​អាមេរិក​ និង​ប្រទេស​គុយបា​ដោយ​មាន​កាន់​ទង់​ជាតិ​ប្រទេស​ទាំង​ពីរ​ ក្រោយ​ពេល​ការ​ហោះ ហើរ​បែប​នេះ​​បាន​បញ្ឈប់​ជាង​ពាក់​កណ្ដាល​សតវត្សរ៍។

ប្រធានាធិបតី​អាមេរិក ​លោក​ ដូណាល់​ ត្រាំ នៅ​ថ្ងៃ​អង្គារ​នេះ​នឹង​ចាប់​ផ្ដើម​ដក​វិធានការ​មួយ​ចំនួន​របស់​អ្នក​កាន់​តំណែង​មុន​លោក ដែល​មាន​គោល​បំណង ប្រាស្រ័យ​ទាក់ទង​ជាមួយ​ប្រទេស​គុយបា​ឡើង​វិញ ក្រោយ​ពី​សហរដ្ឋ​អាមេរិក​បាន​ដាក់​ប្រទេស​នេះ​ឲ្យ​នៅ​ឯកោ​អស់​រយៈ​ពេល​ជាង​៥០​ឆ្នាំ​កន្លង​មក។

មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​នៅ​សេតវិមាន​ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​ថា «គោល​នយោបាយ​នេះ​ចូល​ធរមាន​នៅ​ថ្ងៃ​នេះ ប៉ុន្តែ​គោល​នយោបាយ​នេះ​ណែនាំ​ឲ្យ​បង្កើត​បទបញ្ញត្តិ​ថ្មីៗ​ ដើម្បី​ឲ្យ​មាន​លទ្ធផល​ជាក់ស្ដែង​នៅ​ពេល​ដែលបទបញ្ញត្តិ​ទាំង​នេះ​ចូល​ជា​ធរមាន»។

វិធានការ​ថ្មី​ដែល​លោក​ប្រធានាធិបតី​ ត្រាំ ​នឹង​បង្ហាញ​ឲ្យ​ដឹង​នៅ​សង្កាត់ ​Little Havana ​ក្នុង​រដ្ឋ​ Miami នៅ​ថ្ងៃ​សុក្រ​នេះ​នឹង​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​សម្រាប់​ពលរដ្ឋ​អាមេរិកាំង ​ហើយ​ហាម​ប្រាម​ការ​រកស៊ី​ជាមួយ​ក្រុមហ៊ុន​រកស៊ី​ជា​បណ្ដាញ​ខាង​យោធា​ក្នុង​ប្រទេស​គុយបា ​ឈ្មោះ GAESA ​ដែល​គេ​ជឿ​ថា គ្រប់​គ្រង​សេដ្ឋកិច្ច​គុយបា​ជាង​ពាក់​កណ្ដាល។

មន្ត្រី​ជាន់ខ្ពស់​នៅ​សេតវិមាន​រូប​នោះ​បាន​ថ្លែង​ថា៖ «កត្តា​ដែល​នាំ​ឲ្យ​លោក​ត្រាំ ដាក់​ចេញ​គោល​នយោបាយ​នេះ គឺ​ដោយសារ​វិធានការ​ដែល​ដាក់​ចេញ​ដោយ​រដ្ឋបាល​មុន​របស់​លោក​ បារ៉ាក់ អូបាម៉ា គឺ​ធ្វើ​ឲ្យ​ពួក​យោធា​និង​ក្រុម​ស៊ើបការណ៍​សម្ងាត់​របស់​គុយបា​ក្លាយ​ជា​អ្នក​មាន​បាន»។

មន្ត្រី​រូប​នេះ​បន្ត​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីតោន​សង្ឃឹម​ថា៖ «របប​គុយបា​នឹង​មើល​ឃើញ​គោល​នយោបាយ​នេះ​ថា​ជា​ឱកាស​ផ្លាស់ប្ដូរ​កំណែ​ទម្រង់ ដែល​ពួក​គេ​គ្រាន់​តែ​បាន​និយាយ​កាល​ពី​ពីរ​បី​ឆ្នាំ​មុន ប៉ុន្តែ​មិន​ដែល​បាន​អនុវត្ត​ដើម្បី​ជា​ប្រយោជន៍​ដល់​ពលរដ្ឋ​គុយបា​នោះ​ទេ»។

វិធានការ​ថ្មី​របស់​លោក ត្រាំ នឹង​ត្រូវ​អនុវត្ត​ដើម្បី​រឹតត្បិត​លំហូរ​ទឹកប្រាក់​ពី​សហរដ្ឋ​អាមេរិក​ទៅ​ប្រទេស​គុយបា ហើយ​បម្រាម​តាម​ច្បាប់​ដែល​មាន​ស្រាប់​ទៅ​លើ​វិស័យ​ទេសចរណ៍ ក៏​នឹង​ត្រូវ​អនុវត្ត​យ៉ាង​តឹងរ៉ឹង​ផង​ដែរ៕

XS
SM
MD
LG