ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​ថា ចិន​ប្រថុយ​នឹង​ការបាត់បង់​ភាព​គួរ​ឱ្យ​ជឿ​ទុកចិត្ត​ដោយសារ​គាំទ្រ​រុស្ស៊ី


រូបឯកសារ៖ ប្រធានាធិបតី​ចិន លោក Xi Jinping (ស្ដាំ) និង​ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin ឈរ​ថត​រូប​ជាមួយ​គ្នា​នៅ​មុន​​កិច្ចពិភាក្សា​របស់​ពួកគេ​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។
រូបឯកសារ៖ ប្រធានាធិបតី​ចិន លោក Xi Jinping (ស្ដាំ) និង​ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin ឈរ​ថត​រូប​ជាមួយ​គ្នា​នៅ​មុន​​កិច្ចពិភាក្សា​របស់​ពួកគេ​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

បើតាម​ក្រុម​មន្ត្រីសហរដ្ឋ​អាមេរិក​ និ​ង​ក្រុម​អ្នកជំនាញថា ការខកខានរបស់​ប្រទេស​ចិន​ក្នុង​ការ​ថ្កោលទោស​ការឈ្លានពាន​របស់​រុស្ស៊ីក្នុង​ប្រទេស​អ៊ុយក្រែន ​ធ្វើ​ឱ្យ​ខូច​ខាត​ដល់​ការការពារ​អធិបតេយ្យភាព​ និង​បូរណភាព​ដែនដី​ដែល​ខ្លួន​បានប្រកាន់​យក​ជាយូរមក​ហើយ​នៅ​លើ​ឆាក​អន្តរជាតិ។

មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​នៃ​រដ្ឋបាល​ស.រ.អ. បាននិយាយប្រាប់​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទី២៤ ​ខែ​កុម្ភៈថា ​«​វា​មិន​មែន​ឋិតក្នុង​អត្ថប្រយោជន៍របស់​ប្រទេស​ចិនទេដែលគាំទ្រ​សង្គ្រាម​មួយ​នៅ​ក្នុង​ទ្វីបអឺរ៉ុប និងបំពានលើគោលការណ៍​នៃអធិបតេយ្យភាព ​និង​បូរណភាព​ដែនដីដែល​ខ្លួន​អះអាងថា សំខាន់»។

មន្ត្រី​រូប​នេះ​បានថ្លែងថា «យើង​ឃើញច្បាស់​អំពីប្រទេស​ចិន​ធ្វើ​ប្រតិបត្តិការ​បែបណា តែ​ការពិត​ជាក់​ស្តែង​គឺ​ថា សកម្មភាព​គឃ្លើន​ទាំងនេះ​របស់​រុស្ស៊ីនាំ​ឱ្យមានគ្រោះថ្នាក់ដល់​ប្រទេស​ចិន​ និងប្រទេស​ឯ​ទៀតៗ»។

ក្រសួង​ការបរទេស​ស.រ.អ.​ ក៏​បានបដិសេធសំណើ​ថ្មីមួយ​របស់​រុស្ស៊ី​--គាំទ្រ​ដោយចិន--ឱ្យ​ធ្វើការ​ចរចា​រកដំណោះស្រាយ​មួយដល់​វិបត្តិ​ជា​មួយ​អ៊ុយក្រែន។ អ្នកនាំ​ពាក្យ​ម្នាក់​នៃ​ក្រសួង​នេះបាននិយាយ​ថា មិន​អាច​មាន​ការទូត​«នៅ​ចុង​កាំភ្លើង​ទេ»។

កាលពី​ថ្ងៃ​សុក្រ ទី២៥​ ខែកុម្ភៈ ​ប្រធានាធិបតីរុស្ស៊ី លោក ​Vladimir Putin បាននិយាយប្រាប់​ប្រធានាធិបតី​ចិន​លោក​ Xi Jinping ​តាម​ទូរសព្ទ​ថា រដ្ឋាភិបាលក្រុង​ម៉ូស្គូ​ ប្រុង​ប្រៀប​បញ្ជូនគណៈប្រតិភូ​មួយ​ទៅទីក្រុង Minsk ​ដើម្បី​ធ្វើការ​ចរចា​ជា​មួយអ៊ុយក្រែន។

នៅក្នុង​ក្រុង​ប៉េកាំង ​សេចក្តី​ថ្លែងការណ៍មួយ​របស់ប្រទេស​ចិនបានចែង​ថា៖ «ប្រទេស​ចិន​ គាំទ្រ​រុស្ស៊ី​ក្នុង​ការ​ដោះស្រាយបញ្ហា​នេះ​តាម​រយៈកិច្ចចរចា​ជាមួយអ៊ុយក្រែន»។

រូបឯកសារ៖ លោក Vassily Nebenzia (ឆ្វេង) ឯកអគ្គ​រដ្ឋទូត​រុស្ស៊ី​ប្រចាំ​នៅ​អង្គការ​អ.ស.ប​ ជជែក​គ្នា​ជាមួយ​លោក Zhang Jun ឯកអគ្គ​រដ្ឋ​ទូត​ចិន នៅ​មុន​ជំនួប​ក្រុម​ប្រឹក្សា​សន្ដិសុខ​អង្គការ​សហប្រជាជាតិ​ស្ដី​ពី​ការ​ឈ្លានពាន​របស់​រុស្ស៊ី​ចូល​ក្នុង​ប្រទេស​អ៊ុយក្រែន នៅ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។
រូបឯកសារ៖ លោក Vassily Nebenzia (ឆ្វេង) ឯកអគ្គ​រដ្ឋទូត​រុស្ស៊ី​ប្រចាំ​នៅ​អង្គការ​អ.ស.ប​ ជជែក​គ្នា​ជាមួយ​លោក Zhang Jun ឯកអគ្គ​រដ្ឋ​ទូត​ចិន នៅ​មុន​ជំនួប​ក្រុម​ប្រឹក្សា​សន្ដិសុខ​អង្គការ​សហប្រជាជាតិ​ស្ដី​ពី​ការ​ឈ្លានពាន​របស់​រុស្ស៊ី​ចូល​ក្នុង​ប្រទេស​អ៊ុយក្រែន នៅ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។

មិនមែន​ជា​ការទូតពិតប្រាកដ​

តែលោក Ned Price ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ស.រ.អ. បានចង្អុល​បង្ហាញ​ថាសំណើ​នេះ មានឡើង​នៅ​ថ្ងៃទីពីរ​នៃ​ការលុកលុយ​ធំធេង​មួយដោយក្រុម​ទាហាន និង​កងរថក្រោះ​រុស្ស៊ី​ចូលជិត​ដល់​រដ្ឋធានី​ប្រទេស​អ៊ុយក្រែន។​

លោក​ Price បាន​និយាយនៅ​ក្នុង​សន្និសីទកាសែត​មួយថា៖ «នេះ​ មិនមែន​ជា​ការទូតពិតប្រាកដ​ទេ។ ទាំង​នេះ មិន​មែន​ជាលក្ខខណ្ឌសម្រាប់ការទូតពិតប្រាកដទេ។​ រ៉ុក្កែត​ គ្រាប់កាំភ្លើង​ត្បាល់​ គ្រាប់កាំភ្លើងធំ​របស់​រដ្ឋាភិបាលម៉ូស្គូ​យក​ប្រជារាស្ត្រអ៊ុយក្រែន​ជា​ទីដៅនៃ​ការ​វាយប្រហារ»។

ពួក​អ្នកវិភាគ​ ដោយ​មានរួម​ទាំង​លោក Seth Jones ​នាយកកម្ម​វិធី​សន្តិសុខ​អន្តរជាតិនៃ​មជ្ឈមណ្ឌល​សិក្សា​ខាង​យុទ្ធសាស្ត្រ​ និងខាងអន្តរជាតិ ​មាន​មូលដ្ឋានក្នុងរដ្ឋធានីវ៉ាស៊ីនតោន​សង្ស័យ​ថា ​ការទូត​ណា​មួយ​ ​ចាត់ចែង​ដោយ​ប្រទេស​ចិន មិន​អាច​បញ្ឈប់ការ​វាយលុកយោធា​របស់លោក Putin ក្នុងប្រទេសអ៊ុយក្រែន​បានទេ។

លោក​ Jones បានថ្លែង​ប្រាប់​វីអូអេ​ថា៖ «ខ្ញុំ​មិនយល់​ថា ប្រទេស​ចិន ​មាន​អំណាចអ្វី​សម្រាប់​ធ្វើឱ្យ​លោក Putin ​បញ្ឈប់ការលុកលុយនេះ​ទេ»។

លោក Jones ​បានពោលថា៖ «តើ​រដ្ឋបាលលោក Biden ប្រាកដ​ជា​រំពឹង​ថា ​ការទូត​ដោយ​មានរួម​បញ្ចូល​ទាំងការនាំ​រដ្ឋាភិបាល​ប៉េកាំង​ឱ្យ​ចូល​រួម​ក្នុង​ការពិភាក្សា​គ្នា​ ឬ​បន្ថែម​ការដាក់ទណ្ឌកម្ម នឹងធ្វើឱ្យ​រដ្ឋាភិបាល​ម៉ូស្គូ​ញញើត ឬ​បង្ខំ​រដ្ឋាភិបាល​នេះនៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​បាន​ឬទេ? ចម្លើយ​គឺ ទេ»។

អ្នក​សង្កេតការណ៍ខ្លះបាននិយាយថា ការគាំទ្ររបស់ប្រទេស​ចិន​ដល់​រុស្ស៊ី​ក្នុងវិបត្តិអ៊ុយក្រែន​ អាច​ធ្វើឱ្យល្អក់កករដល់​ការ​និយាយទទូចជា​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ថា កោះតៃវ៉ាន់​ជា​ផ្នែក​មួយនៃ​ប្រទេសចិន និង​ការ​ច្រានចោលរបស់​ខ្លួន​នូវ​ការនិយាយថា​ តៃវ៉ាន់​អាច​ឯករាជ្យពីប្រទេសចិន​ដីគោក។

ការនិយាយ​បង្ហាញ​ហេតុផល​នេះ ​មាន​ការពិបាក​សម្របសម្រួលជា​មួយ​អ្វី​ដែលកំពុង​កើត​មាននៅ​អ៊ុយក្រែន​ ដែលនៅ​ទី​នោះ លោក Putin ​បាន​រៀបចំ​ឆាកសម្រាប់​ការលុកលុយ​របស់​លោក​ដោយ​ប្រកាសថា តំបន់ ​Luhansk ​និង​ Donetsk នៃ​ប្រទេស​អ៊ុយក្រែន​ ជា​រដ្ឋ​ឯករាជ្យ។​

នៅ​ក្នុង​ការទទួល​ស្គាល់​ភាពទ្វេគ្រោះ​ខាង​បញ្ញា​របស់​ខ្លួន ​ប្រទេស​ចិន​បានបោះឆ្នោត​អនុប្បវាទកាលពីថ្ងៃសុក្រ​ ទី២៥ ខែកុម្ភៈ ​នៅ​ក្នុងការ​បោះឆ្នោតនៃក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.​ ថ្កោលទោស​ការឈ្លានពានរបស់​រុស្ស៊ីក្នុងប្រទេស​អ៊ុយក្រែន​ជាជាង​ចូល​រួម​ជា​មួយ​រដ្ឋាភិបាល​ម៉ូស្គូក្នុង​ការបោះឆ្នោត​វ៉េតូ។​

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក Antonio Guterres ថ្លែង​សុន្ទរកថា ក្នុង​អំឡុងពេល​នៃអង្គ​ប្រជុំ​បន្ទាន់​មួយ​នៃ​មហាសន្និបាទ​អង្គការ​សហប្រជាជាតិ​ស្ដី​ពី​វិបត្តិ​នៅ​អ៊ុយក្រែន ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។ (AP Photo/Seth Wenig)
អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក Antonio Guterres ថ្លែង​សុន្ទរកថា ក្នុង​អំឡុងពេល​នៃអង្គ​ប្រជុំ​បន្ទាន់​មួយ​នៃ​មហាសន្និបាទ​អង្គការ​សហប្រជាជាតិ​ស្ដី​ពី​វិបត្តិ​នៅ​អ៊ុយក្រែន ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។ (AP Photo/Seth Wenig)

ធ្វើ​អនុប្បវាទ​នៅ​អ.ស.ប

លោក Wang Wenbin​ អ្នកនាំពាក្យ​ក្រសួង​ការបរទេសចិន ត្រូវបានសួរ​កាលពី​ថ្ងៃ​សុក្រថា ​តើ​រដ្ឋាភិបាលលោកនឹង​ទទួល​ស្គាល់​សាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk ឬទេ?

លោក Wang បាននិយាយ​ដោយមិន​បានឆ្លើយដោយផ្ទាល់​ដល់សំណួរនេះ យ៉ាងដូច្នេះថា៖ «យើង​សង្ឃឹម​ថា ​ភាគី​ពាក់ព័ន្ធសន្យាថា​ នឹង​ដោះស្រាយ​ការ​ខ្វែង​គំនិត​គ្នា​តាម​រយៈកិច្ចចរចា ​ដោយ​ដោះស្រាយ​កង្វល់​ត្រឹមត្រូវ​តាមច្បាប់​របស់ភាគី​ទាំង​អស់ និង​បញ្ចៀស​ កុំ​បង្កើន​ស្ថានភាព​ថែមទៀត ​ដោយសមស្រប​តាម​គោលបំណង​ និង​គោលការណ៍​នៃធម្មនុញ្ញ​អ.ស.ប.»។

លោក Wang ក៏​មិន​បានហៅសកម្មភាព​យោធា​រុស្ស៊ីក្នុ​ង​ប្រទេសអ៊ុយក្រែ​ន​ថា​ ជា«ការឈ្លានពាន»​ទេ ​ដោយ​និយាយ​ថាប្រទេស​ចិន«​យល់អំពី​កង្វល់​ត្រឹមត្រូវ​តាម​ច្បាប់​របស់​រុស្ស៊ីអំពី​សន្តិសុខ»។

លោក Derek Grossman អ្នកវិភាគ​ជាន់​ខ្ពស់​ខាង​ការការពារ​ប្រទេស​នៃ​សាជីវកម្ម Rand Corporation ​បាននិយាយ​ថាប្រទេសចិន​មិនយល់​ថា​សេចក្តី​ប្រកាស​របស់​លោក​ Putin ​ទទួល​ស្គាល់ថាតំបន់ Luhansk និង Donestk ជា​រដ្ឋ​ឯករាជ្យ​ ជាការ​មាន​ពី​មុនសម្រាប់កោះតៃវ៉ាន់ដែល​ប្រកាស​ខ្លួន​ឯង​ថា​ជាប្រទេស​ប្រជាធិបតេយ្យ​នោះទេ។​

លោក Grossman ​បាននិយាយប្រាប់វីអូអេថា៖​«រដ្ឋាភិបាលប៉េកាំងទំនងជា​មិនអើពើ​នឹង​ការ​មាន​ពី​មុននិងព្រឹត្តិការណ៍ពិភពលោកមិនសម​គួរ​ដើម្បីធ្វើឱ្យ​មានភាព​បត់បែនក្នុង​ការទាក់ទង​ជា​មួយ​កោះតៃវ៉ាន់។ រដ្ឋាភិបាល​ប៉េកាំង​សឹង​តែ​ប្រាកដមិនទទួល​ស្គាល់»​សារ​ផ្ទុយគ្នា​របស់​ខ្លួន​ចំពោះ​តៃវ៉ាន់ទេ។

រូបឯកសារ៖ ប្រជាជន​ដើរ​កាត់​ស្ពាន​មួយ​នៅ​ក្បែរ​ស្ថានទូ​ត​រុស្ស៊ី​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។
រូបឯកសារ៖ ប្រជាជន​ដើរ​កាត់​ស្ពាន​មួយ​នៅ​ក្បែរ​ស្ថានទូ​ត​រុស្ស៊ី​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

«ជំហរ​ឆ្គាំឆ្គង»

លោក​សាស្ត្រាចារ្យ​ Yeh-chung Lu ជា​ប្រធាន​ដេប៉ាតឺម៉ង់​ខាង​ការទូតនៃ​សាកល​វិទ្យាល័យជាតិ Cheng-chi នៃ​កោះតៃវ៉ាន់។ លោក​បាន​និយាយប្រាប់វីអូអេ​ថា​ប្រទេស​ចិន​កំពុងឋិត«ក្នុងស្ថានភាព​ឆ្គងមួយ​។​ ​រដ្ឋាភិបាល​ប៉េកាំង​គួរពិចារណា​ជាថ្មីនិង​កម្រិត​ការគាំទ្រ​របស់​ខ្លួន​ដល់​រដ្ឋាភិបាល​ម៉ូស្គូ ​ប្រសិន​បើ​ខ្លួនម៉ត់ចត់​ចង់​កែលម្អចំណង​ទាក់ទង​ជា​មួយ​រដ្ឋាភិបាល​ Washington ​និង​លោក​ខាងលិច»។

សប្តាហ៍​ចុង​ក្រោយ​នៃ​ខែ​កម្ភៈ​នេះកំណត់ខួប​៥០ឆ្នាំ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​អតីត​ប្រធានាធិបតីស.រ.អ.​លោក Nixon ​ក្នុងប្រទេស​ចិន ដែលគេ​ឃើញ​ថា​ធ្វើឱ្យ​មានការ​ឃ្លាតពីគ្នារវាង​មហាអំណាចកុម្មុយនិស្ត​ធំពីរ--គឺរុស្ស៊ី​និង​ចិន។ ​ទស្សនកិច្ច​នោះ​របស់ លោក​Nixon ក៏​បានបើក​ឱ្យ​ស.រ.អ.​បង្វែរការ​ទទួល​ស្គាល់​ខាង​ការទូត​របស់​ខ្លួន​ពីសាធារណរដ្ឋចិន​គឺ​កោះតៃវ៉ាន់ទៅ​ទទួល​ស្គាល់សាធារណរដ្ឋ​ប្រជាមានិត​ចិន​វិញ។

ក្រសួង​ការបរទេស​ស.រ.អ.​គ្មានផែនការ​ចេញផ្សាយ​សេចក្តីថ្លែងការណ៍​ដើម្បី​រំឮក​ថ្ងៃ​ខួប​នេះ​ទេ​ យ៉ាង​ហោច​ណាស់នៅពេល​នេះ។

កាលពីថ្ងៃ​ទី២៣ ​ខែកុម្ភៈ​ លោក Ned Price ​អ្នកនាំពាក្យក្រសួង​ការ​បររទេសស.រ.អ.​ត្រូវ​បានសួរថា​តើ​រដ្ឋបាល​លោកប្រធានាធិបតី ​Joe Biden «នៅពេលនេះ​មានការអៀនខ្មាស់​ដោយ​សារ​ទស្សនកិច្ច​របស់​ លោក​Nixon ​ហើយយល់​ថា​ទស្សនកិច្ច​នោះ​មិន​គួរ​មាន​ជាដាច់ខាត​ឬទេ»។​

លោក Price បាន​ថ្លែងថា​«ជា​ការពិត មិន​មែន​ដូច្នេះទេ។ ​ខ្ញុំ​មិនទាន់ប្រាកដថា​ខ្ញុំ​ប្រដូច​ការមិនចេញ​ផ្សាយសេចក្តី​ថ្លែងការណ៍ជា​ផ្លូវការមួយ​ជា​មួយ​នឹង​ការមិន​អើពើ​នោះ​ទេ»។

អ្នកជំនាញ​ខ្លះបាន​និយាយ​ថារដ្ឋបាល​លោក Biden ​មិន​បានផ្តល់​សារៈសំខាន់​ខ្លាំងដល់ទស្សនកិច្ច​របស់​លោក​ Nixon ​កាលពីប្រាំ​ទសវត្សរ៍​មុន​នោះទេដោយសារ​មាន​វិបត្តិ​អ៊ុយក្រែន ​ភាព​ដៃគូខ្លាំ​ង​ជាង​មុនរវាងចិននិង​រុស្ស៊ី​និងការ​រអាក់រអួលនៃ​ទំនាក់ទំន​ងរវាងស.រ.អ.​និង​ប្រទេស​ចិន។​

លោក Grossman ​បាននិយាយ​ថា​ការណ៍​នេះ​បញ្ជូន​«សារមួយទៅរដ្ឋាភិបាល​ប៉េកាំង​ថា​រដ្ឋាភិបាល​ Washington ​មិនត្រូវការផ្តល់​សារៈសំខាន់​ដល់ប្រវត្តិសហប្រតិបត្តិការនៃទំនាក់ទំនង​រវាង​ស.រ.អ.​និង​ប្រទេសចិនទេ»។ លោក​បានបន្ថែម​ថា«ការ​ប្រកួត​ប្រជែង​គ្នា​ខ្លាំង»​ជាបញ្ហា​សំខាន់នៃទំនាក់ទំនងទ្វេភាគីនៅ​ពេល​នេះ។​

លោក Jones ​នៃ​មជ្ឈមណ្ឌល​ CSIS បានថ្លែង​ប្រាប់​វីអូអេ​ថា៖ «​យើងឋិត​ក្នុង​ស្ថានភាពខុស​គ្នានៅពេល​នេះ។ ​បើលោក​អ្នក​ផ្តល់​សារៈសំខាន់​ដល់ទស្សនកិច្ច​របស់ Nixon នៅ​ប្រទេសចិន ​ការណ៍នេះបង្ហាញ​ឱ្យ​ឃើញ​បរាជ័យ​ខាង​ការទូតនៅ​ពេល​សព្វថ្ងៃ​នេះ»៕

ប្រែសម្រួល​ដោយ​លោក ឈឹម សុមេធ

XS
SM
MD
LG