ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​មីយ៉ាន់ម៉ា ពន្យារពេល​ប្រកាស​សាលក្រម​លើ​បណ្តឹង​ប្រឆាំង​អ្នកស្រី Suu Kyi


រូបឯកសារ៖ អ្នកស្រី Aung San Suu Kyi នៅពេល​ដែល​អ្នកស្រី​ជា​ មេដឹកនាំ​ប្រទេស​មីយ៉ាន់ម៉ា នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​នៅ​ទីក្រុង​ឡាអេ ប្រទេស​ហូឡង់ កាលពី​ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩។
រូបឯកសារ៖ អ្នកស្រី Aung San Suu Kyi នៅពេល​ដែល​អ្នកស្រី​ជា​ មេដឹកនាំ​ប្រទេស​មីយ៉ាន់ម៉ា នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​នៅ​ទីក្រុង​ឡាអេ ប្រទេស​ហូឡង់ កាលពី​ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩។

តុលាការ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ បាន​ពន្យារពេល​ការ​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​អង្គារ​នេះ​លើ​បណ្តឹង​ប្រឆាំង​អតីត​មេដឹកនាំ​មីយ៉ាន់ម៉ា​អ្នកស្រី Aung San Suu Kyi ដើម្បី​អនុញ្ញាត​ឱ្យ​មាន​ការ​ផ្តល់​សក្ខីកម្ម​ពី​សាក្សី​មួយ​រូប​បន្ថែម​ទៀត។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។

តុលាការ​បាន​យល់ព្រម​តាម​សំណើ​របស់​មេធាវី​ការពារ​ក្តី ដោយ​អនុញ្ញាត​ឱ្យ​វេជ្ជបណ្តិត​មួយ​រូប​ដែល​មិន​អាច​ចូលរួម​ផ្តល់​សក្ខីកម្ម​ក្នុង​ពេល​កន្លង​មក ឱ្យ​ផ្ដល់​សក្ខីកម្ម​នៅ​ពេល​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ផ្នែក​ច្បាប់​ម្នាក់។

សាលក្រម​ដែល​នឹង​ប្រកាស​នេះ​ គឺជា​សាលក្រម​ដំបូង​បង្អស់​សម្រាប់​បណ្ដឹង​ប្រឆាំង​អ្នកស្រី Suu Kyi ក្រោម​បទ​ចោទ​ប្រកាន់​ពី​ការ​ញុះញង់​និង​ការ​បំពាន​លើ​ការ​រឹត​បន្តឹង​ពាក់ព័ន្ធ​នឹង​ជំងឺ​កូវីដ១៩ ចាប់តាំងពី​ពេល​ដែល​យោធា​មីយ៉ាន់ម៉ា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​អ្នកស្រី​ពី​តំណែង​កាលពី​ថ្ងៃ​ទី ១ ខែ​កុម្ភៈ​មក។

អ្នកស្រី Suu Kyi ក៏​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ជាច្រើន​ករណី​ទៀត​ផងដែរ ដូចជា​ករណី​ចោទ​ប្រកាន់​រឿង​ពុករលួយ​ជាដើម។ ការ​ចោទ​ប្រកាន់​ទាំង​នេះ​អាច​ធ្វើ​ឲ្យ​អ្នកស្រី​ជាប់​ពន្ធនាគារ​រាប់​សិប​ឆ្នាំ ប្រសិនបើ​តុលាការ​រកឃើញ​ថា​មាន​ទោស។

ចៅក្រម​បាន​លើក​ពេល​ដំណើរការ​កាត់ក្តី​នេះ​រហូត​ដល់​ថ្ងៃ​ទី ៦ ខែ​ធ្នូ​ខាង​មុខ នៅ​ពេល​ដែល​លោក​វេជ្ជបណ្ឌិត Zaw Myint Maung ដែល​ជា​សាក្សី​ថ្មី ចូល​មក​ផ្តល់​សក្ខីកម្ម​នៅ​ពេល​នោះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ផ្នែក​ច្បាប់​មួយ​រូប ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ។

គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ​ថា​តើ​ការ​ប្រកាស​សាលក្រម​លើ​បណ្តឹង​ប្រឆាំង​អ្នកស្រី Suu Kyi នេះ​នឹង​ធ្វើ​ឡើង​នៅ​ពេល​ណា​នោះ៕

XS
SM
MD
LG