នៅថ្ងៃចន្ទនេះ របបយោធាមីយ៉ាន់ម៉ា បានកាត់ទោសអ្នកស្រី Aung San Suu Kyi ឱ្យជាប់ពន្ធនាគារ ៤ ឆ្នាំ ពីបទញុះញង់ប្រឆាំងនឹងក្រុមយោធា និងបទបំពានលើបម្រាមជំងឺកូវីដ១៩។ នេះបើយោងតាមការបញ្ជាក់របស់អ្នកនាំពាក្យរបបយោធាមីយ៉ាន់ម៉ា ដែលថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន AFP។
អ្នកស្រី Suu Kyi ដែលមានវ័យ ៧៦ ឆ្នាំ ត្រូវបានឃុំខ្លួន ចាប់តាំងពីពេលដែលយោធាបានធ្វើរដ្ឋប្រហារទម្លាក់អ្នកស្រីចេញពីអំណាចកាលពីថ្ងៃទី ១ ខែកុម្ភៈមក។
អ្នកស្រីរងនូវការចោទប្រកាន់មួយចំនួន ដែលក្នុងនោះ មានដូចជាការបំពានច្បាប់រក្សាការសម្ងាត់របស់រដ្ឋ អំពើពុករលួយ និងការលួចបន្លំការបោះឆ្នោតជាដើម ហើយអ្នកស្រី នឹងត្រូវប្រឈមនឹងការជាប់ពន្ធនាគារអស់រយៈពេលរាប់ទស្សវត្សរ៍ ប្រសិនបើអ្នកស្រី ត្រូវបានកាត់ទោសថា មានកំហុសលើរាល់ការចោទប្រកាន់ទាំងនេះ។
ពាក់ព័ន្ធនឹងការផ្តន្ទាទោសលើកដំបូងលើអ្នកស្រី Suu Kyi នេះ អ្នកនាំពាក្យរបបយោធាមីយ៉ាន់ម៉ាលោក Zaw Min Tun បានបញ្ជាក់ថា តុលាការបានកាត់ទោសឱ្យអ្នកស្រីជាប់ពន្ធនាគារ ២ ឆ្នាំពីបទញុះញង់ប្រឆាំងនឹងយោធា និង ២ ឆ្នាំពីបទបំពានលើច្បាប់គ្រោះមហន្តរាយធម្មជាតិទាក់ទិននឹងជំងឺកូវីដ១៩។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា អតីតប្រធានាធិបតីមីយ៉ាន់ម៉ាលោក Win Myint ក៏ត្រូវបានកាត់ទោសដាក់ពន្ធនាគារចំនួន ៤ ឆ្នាំផងដែរ ក្រោមបទចោទប្រកាន់ដូចគ្នានេះ។
អង្គការសិទ្ធិមនុស្ស Amnesty International បានថ្កោលទោសការកាត់ទោសនេះ។
អ្នកស្រី Ming Yu Hah អនុប្រធានផ្នែកយុទ្ធនាការប្រចាំតំបន់របស់អង្គការ Amnesty International បាននិយាយថា៖ «ការផ្តន្ទាទោសធ្ងន់ធ្ងរលើអ្នកស្រី Aung San Suu Kyi ក្រោមបទចោទប្រកាន់ក្លែងក្លាយទាំងនេះ គឺជាឧទាហរណ៍ថ្មីចុងក្រោយបង្អស់នៃការតាំងចិត្តរបស់ក្រុមយោធានៅក្នុងការលុបបំបាត់ក្រុមប្រឆាំងទាំងអស់ និងបំបិទសេរីភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា»៕