ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឧត្តម​សេនីយ៍​អាមេរិក​ថ្លែង​ថា​ រុស្ស៊ី​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​តាម​អាកាស​ទៅ​លើ​ក្បួន​មនុស្សធម៌​របស់​អ.ស.ប.​នៅ​​ស៊ីរី


លោក​រដ្ឋ​មន្រ្តី​ការបរទេស Ash Carter និង​លោក​ឧត្តម​សេនីយ៍ Joseph Dunford ធ្វើ​ជា​កសិណសាក្សី​នៅ​ក្នុង​សភា កាលពី​ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦។
លោក​រដ្ឋ​មន្រ្តី​ការបរទេស Ash Carter និង​លោក​ឧត្តម​សេនីយ៍ Joseph Dunford ធ្វើ​ជា​កសិណសាក្សី​នៅ​ក្នុង​សភា កាលពី​ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦។

មន្ត្រី​យោធា​កំពូល​របស់​អាមេរិក​បាន​ថ្លែង​ថា​ រុស្ស៊ី​ត្រូវ​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​ចំពោះ​ការ​វាយ​ប្រហារ​តាម​អាកាស​ទៅ​លើ​ក្បួន​មនុស្ស​ធម៌​របស់​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ប្រទេស​ស៊ីរី​ ហើយ​លោក​មិន​ពេញ​ចិត្ត​ក្នុង​ការ​ចែក​រំលែក​យោធា​សម្ងាត់​ជាមួយ​នឹង​រដ្ឋាភិបាល​រុស្ស៊ី​ជុំវិញ​ជម្លោះ​នៅ​ក្នុង​ប្រទេស​ស៊ីរី​នោះ​ទេ។​

លោក​ឧត្តម​សេនីយ៍​ Joseph Dunford ប្រធាន​នាយ​អគ្គ​សេនាធិកា​ បាន​ចេញ​ខ្លួន​ធ្វើ​ជា​កសិណ​សាក្សី​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​ថា៖ «យន្តហោះ​ចម្បាំង​ពីរ​គ្រឿង​របស់​រុស្ស៊ី​ស្ថិត​នៅ​ក្នុង​តំបន់​នោះ​ នៅ​ពេល​ដែល​ក្បួន​មនុស្ស​ធម៌​របស់​អង្គការ​សហប្រជាជាតិ​រង​ការ​វាយប្រហារ»។​

លោក​ Dunford​ បាន​ថ្លែង​បន្ថែម​ថា​ រុស្ស៊ី​ក៏​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយប្រហារ​កាលពី​ថ្ងៃ​ច័ន្ទ​នៅ​ក្បែរ​ទីក្រុង​ Aleppo ដែល​បាន​បំផ្លិច​បំផ្លាញ​រថយន្ត​ធុន​ធ្ងន់​ចំនួន​១៨គ្រឿង។​ លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​មិន​អាច​និយាយ​ឲ្យ​ប្រាកដ​ប្រាជា​ថា​ជា​រុស្ស៊ី​តែ​ម្តង​នោះ​ទេ​ ប៉ុន្តែ​វា​អាច​ជា​រុស្ស៊ី ​ឬ​ក៏​របប​លោក​ Assad​ តែ​ម្តង»។​ ស៊ីរី និង​រុស្ស៊ី​បាន​ធ្វើ​ការ​បដិសេធ​មិន​ពាក់​ព័ន្ធ​នៅ​ក្នុង​ការ​វាយប្រហារ​នេះ​នោះ​ទេ។​

ក្នុង​ខណៈ​ពេល​ដែល​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​សហការគ្នា​រវាង​សហរដ្ឋ​អាមេរិក ​និង​រុស្ស៊ី​ត្រូវ​បាន​គេ​មើល​ឃើញ​តាម​រយៈ​បទ​ឈប់​បាញ់​គ្នា​ដែល​ទទួល​បរាជ័យ​នៅ​ក្នុង​ប្រទេស​ស៊ីរី​នោះ​ លោក​ Dunford បាន​ថ្លែង​ថា៖ «ខ្ញុំ​ជឿ​ថា​ វា​មិន​មែន​ជា​គំនិត​ល្អ​ក្នុង​ការ​ចែក​រំលែក​យោធា​សម្ងាត់​ជាមួយ​នឹង​រុស្ស៊ី​នោះ​ទេ»៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG