ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ.ស.ប.៖ តំបន់​កាន់​កាប់​ដោយ​ក្រុម​ឧទ្ទាម​ក្រុង​ Aleppo គ្មាន​ទឹក​បន្ទាប់​ពី​ត្រូវ​គ្រាប់​ផ្លោង​របស់​ស៊ីរី


នេះ​ជា​រូបភាព​ផ្តល់​ដោយ​ក្រុម​ការពារ​ប្រជាជន​ស៊ី​វិល​ស៊ីរី​ឈ្មោះ​ថា White Helmets ដែល​បង្ហាញ​ពី ​ប្រជាជន​កំពុង​មើល​អគារ​ដែល​ខ្ទេចខ្ទី​ដោយ​សារ​ការ​វាយ​ប្រហារ​តាម​អាកាស​លើ​ក្រុង​​ Aleppo​ ប្រទេស​ស៊ីរី​កាល​ពី​ថ្ងៃទី ២៤ កញ្ញា ២០១៦។

នៅ​ពេល​ដែល​កង​យោធា​នៃ​រដ្ឋាភិបាល​ស៊ីរី​គាំទ្រ​ដោយ​ប្រទេស​រុស្សីបានបង្កើន​ការ​វាយ​លុក​ប្រឆាំងនឹង​តំបន់​កាន់​កាប់​ដោយ​ពួក​ឧទ្ទាម​នៅ​ក្នុង​ក្រុង Aleppo កាលពី​ថ្ងៃ​សៅរ៍ រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស​ស៊ីរី​បាននិយាយថា​ប្រជាជន​ស៊ីរី​នឹងមិន «បង្អង់ដៃក្នុង​ការ​ប្រយុទ្ធ​របស់​ពួកគេ​ប្រឆាំង​នឹង​ភេរវកម្មទេ»។

រដ្ឋមន្ត្រី​ការបរទេស​ស៊ីរី​ Walid Mouallem បាននិយាយ​ប្រាប់មហា​សន្និបាត​អ.ស.ប.នៅ​បូរី​ញូវយ៉ក​ ថា«នៅពេល​នេះជំនឿ​របស់​យើង​លើ​ជ័យ​ជម្នះ​មាន​ច្រើន​ជាង​មុន​នៅ​ពេល​ដែល​កងទ័ព​អារ៉ាប់​ស៊ីរី​កំពុង​ធ្វើការ​វាយ​ប្រហារ​យ៉ាង​ខ្លាំង​ប្រឆាំងនឹង​ពួក​ភេរវករ​ដោយមានការគាំទ្រ​ពីមិត្តភក្តិពិតប្រាកដ​នៃ​ប្រទេស​ស៊ីរី​គឺ​សហព័ន្ធ​រុស្សី ប្រទេស​អ៊ីរ៉ង់និង​ក្រុម​តស៊ូ​ជាតិលីប​ង់គឺ​ពួក​ Hezbollah»។

ការ​ថ្លែងរបស់រដ្ឋមន្ត្រី​ការបរទេសស៊ីរី​បានពង្រឹង​ថែម​ទៀត​នូវកង្វល់​របស់បស្ចឹម​ប្រទេស​ដែល​ថា​រដ្ឋាភិបាល​របស់ប្រធានាធិបតី​ Bashar al-Assad កំពុង​ស្វះស្វែងបញ្ចប់សង្គ្រាមនេះ​តាមមធ្យោបាយ​យោធា​មិនមែន​តាម​រយៈការ​ចរចា​គ្នា​ខាង​នយោបាយ​ទេ។

អ.ស.ប.បាន​និយាយ​ថា​ការ​វាយ​ប្រហារ​តាម​អាកាស​ដ៏​ខ្លាំង​ក្លា​ប្រឆាំង​នឹង​តំបន់​កាន់​កាប់​ដោយ​ពួក​ឧទ្ទាម​នៅ​ក្នុង​ក្រុង Aleppo បានធ្វើ​ឲ្យ​មនុស្ស១.៧៥​លាន​នាក់​គ្មាន​ទឹក​ម៉ាស៊ីនប្រើប្រាស់ទេ ក្នុង​ពេល​តែ​ប៉ុន្មាន​ថ្ងៃ​នៅ​ក្នុង​ការឡោមព័ទ្ធ​ខ្លាំង​មួយ​នៃសង្គ្រាមនេះ។

ទីភ្នាក់​ងារកុមារ​របស់​អ.ស.ប.ដែល​ហៅ​កាត់ថា​ UNICEF បាននិយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថាស្ថានីយ៍​បូមទឹក​សំខាន់មួយ​ដែល​ផ្តល់ទឹក​ដល់ប្រជារាស្ត្រ​ក្នុង​តំបន់ខាង​កើតនៃ​ក្រុង​នេះមានការ​ខូចខាត​ក្នុង​ការ​វាយ​ប្រហារ​តាម​យន្តហោះ​ហើយ​អំពើ​ហិង្សា​ដែល​មាន​តទៅទៀត​បាន​រារាំង​មិន​ឲ្យ​មានការ​ជួស​ជុលស្ថានីយ៍នេះ​ទេ។ ​អង្គការ​នេះបានថ្លែង​ថា​ជា​ការ​សងសឹក​ស្ថានីយ៍​បូមទឹក​ទី​ពីរ​បានត្រូវបិទ​មិន​ឲ្យ​មាន​ដំណើរការ។ អង្គការ UNICEF បាន​និយាយ​ថា​ខ្លួន​នឹង​បង្កើន​ការ​ដឹក​ជញ្ជូន​ទឹក​តាម​ឡានដឹក​ទឹក​ជា​ការ​ឆ្លើយ​តបនឹង​ការ​ខ្វះខាត​នេះ៕

XS
SM
MD
LG