រដ្ឋាភិបាលរុស្ស៊ីបានបញ្ជាក់កាលពីថ្ងៃអង្គារថា ប្រទេសរុស្ស៊ីនិងសហរដ្ឋអាមេរិកកំពុងពិភាក្សាគ្នាយ៉ាងមុតមាំអំពីការបន្តសន្ធិសញ្ញានុយក្លេអ៊ែរដ៏សំខាន់មួយ ដែលនឹងផុតកំណត់នៅសប្ដាហ៍ក្រោយនេះ។ នេះបើយោងសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
សន្ធិសញ្ញានុយក្លេអ៊ែរដែលមានឈ្មោះថា New START ដែលត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ ២០១០ ដាក់កំហិតចំនួនក្បាលគ្រាប់នុយក្លេអ៊ែរឲ្យមានត្រឹមតែ ១.៥៥០ គ្រាប់ប៉ុណ្ណោះដែលអាចប្រើប្រាស់បាន សម្រាប់រដ្ឋាភិបាលក្រុងមូស្គូ និងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។ ប្រទេសទាំងពីរនេះ គឺជាអ្នកត្រួតត្រានុយក្លេអ៊ែរច្រើនជាងគេបំផុតនៅលើពិភពលោក។
ការចរចាលើការបន្តអនុវត្តសន្ធិសញ្ញានុយក្លេអ៊ែរនេះ ត្រូវបានជាប់គាំង នៅក្នុងសម័យលោក Donald Trump ធ្វើជាប្រធានាធិបតីសហរដ្ឋអាមេរិក ដោយនៅពេលនោះ លោកបានទទូចឲ្យប្រទេសចិនចូលរួមក្នុងកិច្ចព្រមព្រៀងនេះដែរ បើទោះបីជារដ្ឋាភិបាលចិនបានច្រានចោលគំនិតនេះយ៉ាងដាច់អហង្ការក៏ដោយ។
ក្រុមប្រឹក្សាសន្ដិសុខរបស់រុស្ស៊ីបានបញ្ជាក់កាលពីថ្ងៃច័ន្ទថា លោក Nikolai Patrushev ដែលជាប្រធានរបស់ក្រុមប្រឹក្សានេះ បាននិយាយជាមួយនឹងទីប្រឹក្សាសន្ដិសុខជាតិសហរដ្ឋអាមេរិកលោក Jake Sullivan អំពីការបន្ដសន្ធិសញ្ញានុយក្លេអ៊ែរនេះ៕