សហភាពអឺរ៉ុបបានចូលរួមជាមួយស.រ.អាក្នុងការថ្កោលទោសប្រទេសថៃ ដែលបានបង្ខិតបង្ខំបញ្ជូនពួកជនអំបូរអ៊ុយហ្គ័រ (Uighur) ជាង១០០នាក់ទៅប្រទេសចិនវិញ ដែលនៅទីនោះពួកគេអាចប្រឈមមុខនឹងការប្រព្រឹត្តទៅលើយ៉ាងឃោរឃៅ និងការគ្មាននីតិវិធីត្រឹមត្រូវតាមច្បាប់។
សេចក្តីថ្លែងការណ៍មួយរបស់សហភាពអឺរ៉ុបកាលពីថ្ងៃសៅរ៍បានហៅការធ្វើបត្យាប័ននេះថា ជាការរំលោភលើគោលការណ៍ស្នូលនៃច្បាប់សិទ្ធិមនុស្សអន្តរជាតិ។ ការិយាល័យរបស់អគ្គស្នងការអ.ស.ប.ទទួលបន្ទុកកិច្ចការជនភៀសខ្លួនបាននិយាយថា ពួកគេមានការភ្ញាក់ផ្អើលចំពោះការធ្វើបត្យាប័នដោយបង្ខិតបង្ខំនេះដោយនិយាយថា ក្រុមមន្ត្រីថៃបានធានារ៉ាប់រងប្រាប់ពួកគេថា ពួកបុគ្គលទាំងនេះនឹងត្រូវប្រព្រឹត្តលើតាមស្តង់ដារច្បាប់អន្តរជាតិ។
ប្រទេសថៃបានបញ្ចូនក្រុមជនអំបូរអ៊ុយជាង១០០នាក់ដោយមានរួមបញ្ចូលពួកស្ត្រី និងកុមារផងឲ្យវិលត្រឡប់ទៅប្រទេសចិនវិញទោះបីជាប្រទេសតួកគីមានចំណង់ចង់ទទួលយកពួកជនទាំងនេះក៏ដោយ។
កាលពីថ្ងៃសុក្រប្រទេសថៃបានបិទស្ថានទូតខ្លួនក្នុងក្រុងអង់ការ៉ា និងស្ថានកុងស៊ុលក្នុងក្រុងអ៊ីស្តង់ប៊ួល បន្ទាប់ពីមានការធ្វើបាតុកម្មប្រឆាំងនឹងការធ្វើបត្យាប័ននោះ៕