ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ការទូត​ស​.រ.អា.​ប្រចាំ​កូរ៉េ​ខាង​ត្បូង​មាន​សុខភាព​ល្អ​នៅ​ក្រោយ​ការ​វាយ​ប្រហារ​ដោយ​ប្រើ​កាំបិត


បុរស​ជនជាតិ​កូរ៉េ​ខាង​ត្បូង​មើល​កម្មវិធី​ព័ត៌មាន​របស់​ទូរទស្សន៍​មួយ​ដែល​រាយការណ៍​ពី​លោក​ឯក​អង្គ​រដ្ឋ​ទូត​ស.រ.អា.​ប្រចាំ​កូរ៉េ​ខាង​ត្បូង​ លោក Mark Lippert ដែល​បាន​រងរបួស​នៅ​ការ​វាយ​ប្រហារ​ដោយ​កាំបិត​មួយ​នៅ​ទីក្រុង​សេអ៊ូល កាលពី​ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៥។
បុរស​ជនជាតិ​កូរ៉េ​ខាង​ត្បូង​មើល​កម្មវិធី​ព័ត៌មាន​របស់​ទូរទស្សន៍​មួយ​ដែល​រាយការណ៍​ពី​លោក​ឯក​អង្គ​រដ្ឋ​ទូត​ស.រ.អា.​ប្រចាំ​កូរ៉េ​ខាង​ត្បូង​ លោក Mark Lippert ដែល​បាន​រងរបួស​នៅ​ការ​វាយ​ប្រហារ​ដោយ​កាំបិត​មួយ​នៅ​ទីក្រុង​សេអ៊ូល កាលពី​ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៥។

លោក​ឯក​អគ្គរដ្ឋ​ទូត​សហរដ្ឋអាមេរិកប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​លោក​ ​មាន​សុខភាព​ល្អ​និង​មាន​ស្មារតី​ល្អ ​បន្ទាប់​ពី​អ្នក​វាយ​ប្រហារ​ម្នាក់​នៅ​ក្នុង​ទីក្រុង​សេអ៊ូល​បាន​ឆូត​មុខ​និងដៃ​របស់​លោក​ដោយ​កាំបិទ។

លោក​ឯក​អគ្គរដ្ឋ​ទូត Mark Lippert ​បាន​ត្រូវ​គេ​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មួយ​ ហើយ​វេជ្ជបណ្ឌិត​បាន​ដេរ​របួស​របស់​លោក​៨០​ថ្នេរ​ដែល​មានប្រវែង​រង្វះ​របួស​១១​សង់ទីម៉ែត្រ​នៅ​លើ​ផ្ទៃ​មុខ​ហើយ​ការ​វះកាត់​ដើម្បី​ព្យាបាល​សរសៃ​ដៃ​និង​សរសៃ​ប្រសាទ​នៅ​លើដៃ​របស់​លោក។

ក្រោយ​មក ​លោក Lippert ​បាន​សរសេរនៅ​ក្នុង Twitter ថា ​លោក​និង​ក្រុម​គ្រួសារ​លោក​មាន​ការ​រំភើបជាខ្លាំង​ចំពោះ​ការ​គាំទ្រ​ដ៏​សន្ធឹក​សន្ធាប់​ដែល​បាន​ផ្ញើ​ទៅ​ជូន​លោក​ ​ហើយ​លោក​នឹង​វិល​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ​នៅ​ពេល​ឆាប់ៗ​នេះដើម្បី​ជួយ​ពន្លឿន​ទំនាក់​ទំនង​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​កូរ៉េ​ខាង​ត្បូង។

​បណ្តាញ​ផ្សាយ​ព័ត៌មានកូរ៉េ​ខាង​ជើង ​បាន​ហៅ​ការ​វាយ​ប្រហារ​ទៅ​លើ​លោក​ឯក​អគ្គ​រដ្ឋ​ទូត Lippert ​ ​ដោយ​ការ​ប្រើ​កាំបិទជាការ​ត្រឹមត្រូវ​ហើយ​ជា​ទណ្ឌកម្ម​ដែល​មនុស្ស​ងុបងុល​នឹង​សង្គ្រាម​សាក​សម​នឹងទទួល។​ រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​និយាយ​ថា ​ការ​វាយ​ប្រហារ​នេះ​បង្ហាញថា ពលរដ្ឋ​កូរ៉េ​ខាង​ត្បូង​បាន​ប្រឆាំង​ការ​ធ្វើ​សមយុទ្ធ​យោធារវាង​សហរដ្ឋអាមេរិក​និង​កូរ៉េ​ខាង​ត្បូងដែល​កំពុង​ធ្វើ​ឡើង​នៅ​សប្តាហ៍​នេះដោយ​មាន​ការ​ជំទាស់​ប្រឆាំង​ពី​កូរ៉េ​ខាង​ជើង​នោះ។

​ក្រុម​អ្នកឃើញ​ហេតុ​ការ​ណ៍​ផ្ទាល់​នឹង​ភ្នែក​បាន​និយាយ​ថា ​ការ​វាយ​ប្រហារ​បាន​កើត​ឡើង​នៅ​ពេល​ដែល​លោក Lippert ​អញ្ជើញ​ចូលរួម​ការ​ទទួល​ទាន​អាហារ​ពេល​ព្រឹក​ ​ហើយ​បុរស​ម្នាក់​ដែល​ក្រោយ​មក​ប៉ូលីស​បាន​កំណត់​អត្តសញ្ញាណ​ថា Kik Ki-jongអាយុ​៥៥​ឆ្នាំ ​បាន​វាយ​ប្រហារ​លោក​ឯក​អគ្គ​រដ្ឋ​ទូតដោយ​ប្រើ​កាំបិទ​ដែល​មាន​ប្រវែង​២៥​សង់ទីម៉ែត្រ៕

XS
SM
MD
LG