ប្រទេសកូរ៉េខាងជើងបានបាញ់កាំជ្រួចមីស៊ីល២គ្រាប់ ចូលទៅក្នុងសមុទ្រដើម្បីប្រឆាំងនឹងសមយុទ្ធយោធារវាង ស.រ.អា. និងប្រទេសកូរ៉េខាងត្បូង ដែលបានចាប់ផ្តើមនៅថ្ងៃច័ន្ទនេះ។ រដ្ឋាភិបាលក្រុងព្យុងយ៉ាងបានព្រមានថា នឹងធ្វើការវាយប្រហារដោយគ្មានត្រាប្រណីលើសត្រូវរបស់ខ្លួន។
ក្រុមមន្ត្រីកូរ៉េខាងត្បូងបាននិយាយថា កាំជ្រួចមីស៊ីលទាំងពីរគ្រាប់នោះបានធ្លាក់ក្នុងទឹកសមុទ្រខាងកើត ចម្ងាយ៤៩០គីឡូម៉ែត្រពីទីក្រុងកំពង់ផែកូរ៉េខាងជើង Nampo។ អ្នកនាំពាក្យក្រសួងការពារប្រទេសកូរ៉េខាងត្បូង Kim Min-Seok បានថ្លែងថា ឧបទ្ទវហេតុនោះត្រូវចាត់ទុកថា ជាការបង្កហេតុដោយចេតនាដែលត្រូវចាត់ទុកថាជាការតវ៉ាដោយការប្រើប្រាស់អាវុធមួយ នៅពេលដែលកូរ៉េខាងជើងបានបាញ់កាំជ្រួចមីស៊ីលដោយមិនបានប្រកាសអំពីតំបន់ហាមមិនឲ្យនាវាបើកបរនោះ។
លោក Kim បានថ្លែងប្រាប់អ្នកសារព័ត៌មានថា៖ «យោធារបស់យើងនិងកងកម្លាំងស.រ.អា. បានពង្រឹងគោលជំហរឃ្លាំមើល ហើយយើងកំពុងតែរក្សាគោលជំហរមួយ ដើម្បីឆ្លើយតបភ្លាមៗ។ បើសិនជាកូរ៉េខាងជើងចាត់វិធានការណ៍បង្ករឿងហេតុនោះ កងយោធារបស់យើងនឹងធ្វើប្រតិកម្មយ៉ាងម៉ឺងម៉ាត់ និងយ៉ាងខ្លាំងក្លាដើម្បីឲ្យកូរ៉េខាងជើងមានការស្តាយក្រោយយ៉ាងជូរចត់»។
កូរ៉េខាងជើងបានទាមទារជាយូរមកហើយឲ្យ ស.រ.អា. និងកូរ៉េខាងត្បូងឈប់ធ្វើសមយុទ្ធយោធាប្រចាំឆ្នាំ ដែលរដ្ឋាភិបាលក្រុងព្យុងយ៉ាងហៅថា ជាការសមដើម្បីធ្វើការឈ្លានពានឆ្ពោះទៅទិសខាងជើង៕