ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.បានធ្វើកិច្ចប្រជុំបន្ទាន់មួយកាលពីព្រឹកថ្ងៃចន្ទនេះ ដើម្បីពិភាក្សាវិធានការបន្ទាប់សម្រាប់សហគមន៍អន្តរជាតិឆ្លើយតបនឹងសកម្មភាពអាវុធនុយក្លេអ៊ែរកើនឡើងរបស់កូរ៉េខាងជើង។
ក្នុងកិច្ចប្រជុំនេះលោកស្រី Nikki Haley អ្នកតំណាងពិសេសរបស់ស.រ.អា.នៅអ.ស.ប.បានថ្លែងដោយប្រើពាក្យសម្តីធ្ងន់ៗសម្រាប់រដ្ឋាភិបាលក្រុងព្យុងយ៉ាង។ លោកស្រីបានព្រមានលោក គឹម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ដោយនិយាយថា ការបាញ់កាំជ្រួចដោយបំពាន និងការគំរាមកំហែងដោយអាវុធនុយក្លេអ៊ែរមានន័យថា កូរ៉េខាងជើងអង្វរសុំធ្វើសង្គ្រាម។ ស.រ.អា.មិនដែលចង់បានសង្គ្រាមទេ។ ស.រ.អា.មិនចង់បានសង្គ្រាមទេ ប៉ុន្តែការអត់ធ្មត់របស់ស.រ.អា.មានកំណត់។ ស.រ.អា.នឹងការពារខ្លួននិងសម្ព័ន្ធមិត្តរបស់ខ្លួន។
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានព្រមានកាលពីថ្ងៃអាទិត្យថា ការឆ្លើយតបខាងយោធាទ្រង់ទ្រាយធំអាចនឹងកើតមាន បើកូរ៉េខាងជើងគំរាមស.រ.អា. គំរាមដែនដី Guam នៅមហាសមុទ្រប៉ាស៊ីហ្វិក ឬគំរាមសម្ព័ន្ធមិត្ត។ ស.រ.អា.ក៏ត្រៀមទណ្ឌកម្មជាឯកតោភាគីបន្ថែមទៀតប្រឆាំងនឹងកូរ៉េខាងជើងផងដែរ។
លោកស្រី Haley ប្រាប់ក្រុមប្រឹក្សាសន្តិសុខថា ការប្រឹងប្រែងការទូតនិងទណ្ឌកម្មអន្តរជាតិជាង២ទសវត្សរ៍មិនបានធ្វើឲ្យរបបកុម្មុយនិស្តឯកោនេះផ្លាស់ប្តូរជំហរនោះទេ។ អ្នកតំណាងកូរ៉េខាងត្បូងនិងជប៉ុន ព្រមទាំងសមាជិកក្រុមប្រឹក្សាសន្តិសុខអ.ស.ប.ជាច្រើនទៀតគាំទ្រការអំពាវនាវរបស់ស.រ.អា.ឲ្យបង្កើនទណ្ឌកម្មអន្តរជាតិថែមទៀត។
លោក Liu Jieyi អ្នកតំណាងប្រទេសចិនថ្កោលទោសការសាកល្បងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ប៉ុន្តែទទូចថា វិបត្តិនេះត្រូវដោះស្រាយដោយសន្តិវិធី។ លោកនិយាយថា ចិននឹងមិនបណ្តាយឲ្យមានភាពច្របូកច្របលនិងសង្គ្រាមនៅក្នុងឧបទ្វីបនេះទេ។ អ្នកតំណាងរុស្ស៊ីនិយាយថា ភាគីទាំងអស់ត្រូវធ្វើចិត្តឲ្យត្រជាក់ ហើយចៀសវាងសកម្មភាពដែលបង្កើនភាពតានតឹង៕