ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានបង្កើតពិព័រណ៍ការសិក្សាជាលើកដំបូងសម្រាប់សិស្ស-និស្សិតកម្ពុជាដែលប្រឡងជាប់និទ្ទេស A ក្នុងសម័យប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៦ ដើម្បីឲ្យពួកគេបានស្វែងយល់ពីឱកាសទទួលបានអាហារូបករណ៍ទៅសិក្សានៅសហរដ្ឋអាមេរិក។
ពិព័រណ៍ការសិក្សាដែលរៀបចំដោយស្ថានទូតអាមេរិកប្រចាំកម្ពុជា កាលពីព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦នេះ មានការចូលរួមពីក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា អង្គការ STEM កម្ពុជា និងសិស្សនិទ្ទេស A ចំនួន២៥០នាក់ ក្នុងចំណោម៤០៥នាក់មកពីទូទាំងរាជធានីនិងខេត្តទូទាំងប្រទេស។
និស្សិតទាំងនោះ ទទួលបានការយល់ដឹងពីការសិក្សា និងការចាប់យកឱកាសទៅសិក្សានៅសហរដ្ឋអាមេរិកតាមរយៈការបង្ហាញ និងប្រឹក្សាពីក្រុមប្រឹក្សាយុវជនដែលធ្លាប់សិក្សានៅសហរដ្ឋអាមេរិកកន្លងមក។
ថ្លែងក្នុងពិព័រណ៍ការសិក្សានោះ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក William Heidt មានប្រសាសន៍ថា សហរដ្ឋអាមេរិកមានប្រព័ន្ធឧត្ដមសិក្សាល្អជាងគេបំផុតនៅលើពិភពលោក ហើយកំពុងតែស្វែងរកនិស្សិតដែលរៀនពូកែទៅសិក្សានៅទីនោះ។
លោកបន្ថែមថា ពិព័រណ៍ការសិក្សានៅសហរដ្ឋអាមេរិកសម្រាប់សិស្ស-និស្សិតកម្ពុជាដែលជាប់និទ្ទេស A ក្នុងឆ្នាំ២០១៦នេះ អាចនឹងផ្ដល់ឱកាសដល់សិស្ស-និស្សិតដែលមានសមត្ថភាពទៅបន្តការសិក្សាដោយឥតគិតថ្លៃនៅសហរដ្ឋអាមេរិក ដើម្បីត្រលប់មកអភិវឌ្ឍន៍ប្រទេសកម្ពុជា។
«អ្វីដែលសំខាន់ជាងគេគឺក្មួយៗត្រូវមានជំនឿលើខ្លួនឯង ដូចនេះសូមសន្យាថាអ្វីៗអាចទៅរួច។ ក្មួយៗជាអ្នកបន្ទាប់។ បើបន្តខិតខំរៀនសូត្រ ហើយមានជំនឿលើសមត្ថភាពខ្លួនឯង មានន័យថាក្មួយៗមានការទទួលខុសត្រូវក្នុងការអភិវឌ្ឍ និងជួយឲ្យប្រទេសកម្ពុជាមានភាពសម្បួរសប្បាយ»។
អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា លោក Jay Raman ប្រាប់ VOA ថា សិស្សនិទ្ទេស A ជាសិស្សដែលមានសក្ដានុពលក្នុងការសិក្សា ដូច្នេះលោករំពឹងថា សិស្សនិទ្ទេស A ទាំងនោះនឹងទទួលបានឱកាសទៅសិក្សានៅសហរដ្ឋអាមេរិក។
យុវសិស្សជាប់និទ្ទេស A មួយរូបមកពីវិទ្យាល័យបាក់ទូក គឺយុវជន ខាន់ លីហួរ លើកឡើងថា ពិព័រណ៍ការសិក្សានេះ នឹងជួយឲ្យសិស្សនិទ្ទេស A ទទួលយកចំណេះដឹងពីការសិក្សានៅអាមេរិក និងត្រៀមខ្លួនទទួលយកឱកាសទៅសិក្សានៅបរទេសសម្រាប់ខ្លួនឯង ព្រមទាំងអាចចែករំលែកចំណេះដឹងទៅកាន់សិស្សកម្ពុជាផ្សេងទៀត។
យុវជនរូបនោះបន្ថែមថា ក្រោយពីបានចូលរួមក្នុងពិព័រណ៍ការសិក្សានេះ រូបគេបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការប្រកួតប្រជែងយកអាហារូបករណ៍ទៅសិក្សានៅសហរដ្ឋអាមេរិក ដោយក្រៅពីចំណេះដឹង និងលទ្ធផលសិក្សាខ្ពស់ ភាសាអង់គ្លេសគឺជាចំណុចសំខាន់ដែលចាំបាច់ត្រូវតែមាន។
«ឥឡូវខ្ញុំកំពុងដាក់ apply (ស្នើសុំ) ទៅរៀននៅអាមេរិក អញ្ចឹងខ្ញុំត្រូវការtake TOEFL និង SIT ហើយខ្ញុំក៏អរគុណស្ថានទូតដែរដែលបានផ្តល់នូវ opportunity (ឱកាស) ដល់រូបខ្ញុំដែលជាសិស្ស high school (វិទ្យាល័យ) ហ្នឹង បានរៀន និងយល់ដឹងយ៉ាងច្បាស់ពីការ apply (ស្នើសុំ) ទៅរៀននៅអាមេរិកហ្នឹងយ៉ាងម៉េច តើយើងត្រូវសរសេរ form (ទម្រង់ពាក្យសុំ) យ៉ាងម៉េច យើងត្រូវសរសេរ personal statement (សេចក្ដីថ្លែងផ្ទាល់ខ្លួន) យ៉ាងម៉េច ហើយយើងត្រូវរក fund (ជំនួយ) យ៉ាងម៉េច។ បើយើងបាន scholarship (អាហារូបករណ៍) អត់បាន full (ពេញ) ទេ យើងបានលក្ខណៈដូចជា ៥០ភាគរយ ៧០ភាគរយអី យើងអាចរក fund (ជំនួយ) ពីក្រៅបានទៀត។ គេមានរបៀបគេរក fund ពីក្រៅថែមទៀត»។
លោក ឡៅ ឈីវអ៊ីវ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា មានប្រសាសន៍ថា គុណភាពផ្នែកអប់រំនៅកម្ពុជា ហាក់មានកម្រិត បើប្រៀបធៀបជាមួយប្រទេសមួយចំនួនក្នុងតំបន់។
លោកបន្ថែមថា ការសិក្សានៅតាមបណ្ដាប្រទេសជឿនលឿន គឺជាឱកាសដែលអាចឲ្យយុវជនកម្ពុជាប្រកួតប្រជែងកាន់តែខ្លាំង និងទូលំទូលាយជាមួយយុវជននៅទូទាំងសាកលលោក ដូច្នេះពិព័រណ៍ការសិក្សានេះនឹងអាចជំរុញឲ្យសិស្ស-និស្សិតទទួលបានឱកាសទៅសិក្សានៅបរទេសកាន់តែច្រើន។
«ពិព័រណ៍អប់រំនេះពិតជាមានសារសំខាន់ណាស់សម្រាប់សិស្ស-និស្សិត ដែលជាផែនទីបង្ហាញផ្លូវ និងប្រាប់ប្រភពសម្រាប់ការសិក្សាស្រាវជ្រាវតាមជំនាញឯកទេសនីមួយៗ សេវាបណ្ណាល័យ ប្រភពសម្ភារៈសម្រាប់សិក្សាភាសាអង់គ្លេស និងការប្រើប្រាស់ជំនាញឯកទេសដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ»។
ស្ថានទូតអាមេរិកចាប់ផ្ដើមផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតកម្ពុជា ទៅសិក្សានៅសហរដ្ឋអាមេរិកតាំងពីឆ្នាំ១៩៩៣មក។
មន្ត្រីអ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជាបញ្ជាក់ថា បច្ចុប្បន្ននិស្សិតខ្មែរចំនួន៥០០នាក់ កំពុងបន្តការសិក្សានៅតាមគ្រឹះស្ថានសិក្សានានានៅសហរដ្ឋអាមេរិក ដែលចំនួននេះមានការកើនឡើង២៥ភាគរយ បើប្រៀបធៀបកាលពីពីរឆ្នាំមុន៕