ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ត្រី​ខ្មែរ​កាន់​តែ​ច្រើន​បន្ត​ការ​សិក្សា​ថ្នាក់​ឧត្តម​សិក្សា​ដើម្បី​ជួយ​អភិវឌ្ឍ​សង្គម


រូបឯកសារ៖ សិស្ស​វិទ្យាល័យ​ចាក​ចេញ​ពី​មណ្ឌល​ប្រលង​វិទ្យាល័យ​សន្ធរ​ម៉ុក​ កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​សីហា​ ឆ្នាំ​២០១៥។​ នេះ​ជា​ឆ្នាំ​ទី​២​ហើយ​ ដែល​ការប្រលង​មធ្យម​សិក្សា​ទុតិយ​ភូមិ ​​ដែល​ក្រសួង​អប់រំ​បាន​រឹតបន្តឹង​លើ​ការប្រលង។ (ប៉ាង​ ចំណាន/VOA)
រូបឯកសារ៖ សិស្ស​វិទ្យាល័យ​ចាក​ចេញ​ពី​មណ្ឌល​ប្រលង​វិទ្យាល័យ​សន្ធរ​ម៉ុក​ កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​សីហា​ ឆ្នាំ​២០១៥។​ នេះ​ជា​ឆ្នាំ​ទី​២​ហើយ​ ដែល​ការប្រលង​មធ្យម​សិក្សា​ទុតិយ​ភូមិ ​​ដែល​ក្រសួង​អប់រំ​បាន​រឹតបន្តឹង​លើ​ការប្រលង។ (ប៉ាង​ ចំណាន/VOA)

ស្ត្រី​មាន​ចំនួន​ជាង​៥០ភាគរយ​នៅ​ក្នុង​ចំនួន​ប្រជាជន​សរុប​របស់​កម្ពុជា ហើយ​ពួក​គេ​យល់​ថា ក្នុង​នាម​ជា​ប្រជាជន​ជំនាន់​ក្រោយ ពួក​គេ​គឺជា​ចលករ​ដើម្បី​អភិវឌ្ឍ​សង្គម។

ស្ត្រី​ខ្មែរ​ជួប​នឹង​កត្តា​ប្រឈ​ម​ជា​ច្រើន ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​សិក្សា ដែល​ក្នុង​នោះ​អាច​រួម​មាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​អំពើ​ហិង្សា​លើ​ផ្លូវ​ភេទ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក្តី ស្ត្រី​ខ្មែរ​នៅ​តែ​ខំ​ប្រឹងប្រែង​ដើម្បី​ទទួល​បាន​ការ​អប់រំ​កម្រិត​ឧត្តម​សិក្សា និង​ជំនាញ​វិជ្ជាជីវៈ​ផ្សេងៗ។

ស្ត្រី​មាន​ចំនួន​ជាង​៥០ភាគរយ​នៅ​ក្នុង​ចំនួន​ប្រជាជន​សរុប​របស់​កម្ពុជា ហើយ​ពួក​គេ​យល់​ថា ក្នុង​នាម​ជា​ប្រជាជន​ជំនាន់​ក្រោយ ពួក​គេ​គឺជា​ចលករ​ដើម្បី​អភិវឌ្ឍ​សង្គម។ ស្ត្រី​មួយ​ចំនួន​ដែល​ទទួល​បាន​ការ​អប់រំ​កម្រិត​ឧត្តម​សិក្សា​បាន​ប្រាប់ VOA ថា ពួក​គេ​ចង់​ឃើញ​ស្ត្រី​ជា​ច្រើន​នាក់​ទៀត​ទទួល​បាន​ការ​អប់រំ​កាន់​តែ​ខ្ពស់ ​ដូច​ពួក​គេ​ដែរ។​

កញ្ញា សាន់ សុជាតា គឺជា​ស្ត្រី​ខ្មែរ​ម្នាក់​ដែល​ខិតខំ​ប្រឹងប្រែង​សិក្សា​ថ្នាក់​បណ្ឌិត​ផ្នែក​សុវត្ថិភាព​ផ្លូវគោក នៅ​សាកល​វិទ្យាល័យ​បច្ចេកវិទ្យា Queensland University of Technology នៅ​ប្រទេស​អូស្ត្រាលី ដើម្បី​ត្រឡប់​មក​ជួយ​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ល្អ​ក្នុង​សង្គម។

នៅ​ក្នុង​បទ​សម្ភាន៍​ជាមួយ​នឹង VOA កញ្ញា សុជាតា បាន​ឲ្យ​ដឹង​ថា៖ «‍កាលណា​ចំនួន​ស្ត្រី និង​បុរស​ទទួល​បាន​ការ​អប់រំ​ស្រប​គ្នា នោះ​វា​ហាក់​បី​ដូច​ជា​ភាព​ជឿន​លឿន និង​ការ​អភិវឌ្ឍន៍​ជាតិ​ដើរ​ទៅ​មុខ​មួយ​ជា​ពីរ​អញ្ចឹង»។

ដោយ​សារ​កិច្ច​ខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល ស្ត្រី​ជា​ច្រើន​មាន​ឱកាស​ទទួល​បាន​អាហារូបករណ៍​បន្ត​ការ​សិក្សា​ថ្នាក់​ឧត្តម​សិក្សា ​ទាំង​នៅ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស។

ក្នុង​នោះ​រួម​មាន កញ្ញា ជា ផល្លា ដែល​បាន​ខិតខំ​ប្រឹង​ប្រែង​រហូត​ដល់​ទទួល​បាន​អាហារូបករណ៍​មក​សិក្សា​នៅ​សាកល​វិទ្យាល័យ​ Oxford University នៅ​ចក្រភព​អង់គ្លេស ដែល​ជា​សាកល​វិទ្យាល័យ​ដ៏​ល្បីល្បាញ​មួយ​នៅ​ក្នុង​ពិភពលោក។

កញ្ញា ផល្លា បាន​ប្រាប់ VOA ថា ទាំង​ស្ត្រី និង​បុរស​អាច​មាន​ក្តី​ស្រមៃ​ខ្ពស់​ក្នុង​ការ​បន្ត​ការ​សិក្សា​ឲ្យ​បាន​វែង​ឆ្ងាយ ដើម្បី​ជួយ​កសាង​សង្គម​កម្ពុជា​ក្រោយ​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម។

«‍ការ​អប់រំ​មាន​សារៈសំខាន់​ទាំង​ស្រី​ទាំង​ប្រុស និង​ប្រទេស​កម្ពុជា​យើង ដោយ​សារ​តែ​ប្រទេស​យើង​ធ្លាប់​ឆ្លង​កាត់​សង្គ្រាម ដែល​បណ្តាល​ឲ្យ​មនុស្ស​ជា​ច្រើន​បាន​ស្លាប់ ជា​ពិសេស​អ្នក​ដែល​មាន​ចំណេះ​ដឹង។‍»

សំខាន់​ជាង​នេះ កញ្ញា ផល្លា យល់​ថា កាល​ណា​មាន​ស្ត្រី​បន្ត​ការ​សិក្សា​ខ្ពស់​កាន់​តែ​ច្រើន វា​អាច​ជា​គំរូ​ដល់​ស្ត្រី​ដទៃ​ទៀត​ឲ្យ​ជំនះ​រាល់​ឧបសគ្គ​ដើម្បី​ការ​សិក្សា។

‍«ការ​ដែល​ខ្ញុំ​ទទួល​បាន​ការ​អប់រំ​ថ្នាក់​អនុបណ្ឌិត​នៅ​បរទេស​នេះ​ក៏​អាច​ជា​គំរូ​ដល់​ស្ត្រី​ផ្សេង​ទៀត​ឲ្យ​គាត់​បន្ត​ការ​សិក្សា​នៅ​បរទេស​ដូច​ខ្ញុំ»។

ក៏​ប៉ុន្តែ ខណៈ​ដែល​ស្ត្រី​ខ្មែរ​មួយ​ចំនួន​កំពុង​ស្វែង​រក​ឱកាស​ធ្វើ​ឲ្យ​អនាគត​របស់​ពួក​គេ​ភ្លឺស្វាង ស្ត្រី​ជា​ច្រើន​កំពុង​ប្រឈម​នឹង​ឧបសគ្គ ដែល​អាច​រារាំង​មិន​ឲ្យ​ពួក​គេ​ឈោង​ចាប់​យក​ឱកាស​បន្ត​ការ​សិក្សា​ថ្នាក់​ឧត្តម​សិក្សា និង​ជំនាញ​វិជ្ជាជីវៈ​ផ្សេងៗ។ ឧបសគ្គ​ទាំង​នោះ​មាន​ដូច​ជា ភាព​ក្រីក្រ អំពើ​ហិង្សា ការ​ជួញ​ដូរ​មនុស្ស ការ​មិន​ទទួល​បាន​សេវា​ថែទាំ​សុខភាព និង​ទំនៀម​ទម្លាប់​ប្រពៃណី​ ដែល​អាច​ជា​ឧបសគ្គ​នៃ​ការ​សិក្សា និង​ជោគជ័យ​ក្នុង​ជីវិត​របស់​ស្រ្តី។

ការ​ផ្លាស់ប្តូរ​រចនា​សម្ព័ន្ធ​ស្ថាប័ន និង​ផ្នត់​គំនិត​សង្គម​ដើរ​តួនាទី​សំខាន់​ណាស់ ដើម្បី​ត្រួសត្រាយ​ផ្លូវ​ដល់​ស្ត្រី ជាពិសេស​គឺ​ស្ត្រី​ដែល​រស់នៅ​តាម​តំបន់​ជនបទ។ ហើយ​ស្ត្រី​ដែល​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​សិក្សា​ ដូច​ជា កញ្ញា ហ៊ួរ ថានី បេក្ខជន​បណ្ឌិត​ផ្នែក​ការ​អភិវឌ្ឍ​អន្តរជាតិ​នៅ​សាកល​វិទ្យាល័យ Michigan State Universityយល់​ថា ការ​ផ្លាស់​ប្តូរ​នេះ​អាច​ចាប់​ផ្តើម​ឡើង​ពី​ការ​គាំទ្រ​ពី​ក្រុម​គ្រួសារ និង​មិត្តភក្តិ។

នាង បាន​និយាយ​ថា៖«‍នៅ​ក្នុង​សង្គម​ខ្មែរ​យើង​បច្ចុប្បន្ន យើង​ឃើញ​ថា ម្នាក់ៗ​ឲ្យ​តម្លៃ​លើ​ការ​អប់រំ និ​ងការ​ទទួល​បាន​ចំណេះ​ដឹង មាន​ន័យ​ថា សង្គម​របស់​យើង​បាន​បើក​ចំហរ ហើយ​បាន​ផ្តល់​ឱកាស​មនុស្ស​ស្រី​គ្រប់ៗ​គ្នា។ ហើយ​នេះ​គឺជា​ចំណុច​មួយ​ដ៏​គួរ​ឲ្យ​កោត​សរសើរ​ពី​សង្គម​យើង»។

តាមរយៈ​ការ​អប់រំ និង​ជំនាញ​វិជ្ជា​ជីវៈ​ ស្ត្រី​មិន​ត្រឹម​តែ​អាច​ចូលរួម​យ៉ាង​សកម្ម​ដើម្បី​កសាង​សហគមន៍​តែ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​អប់រំ និង​ថែទាំង​កូន​របស់​ពួក​គេ។ កញ្ញា ប៉ែន រ៉ានី ដែល​ជា​បេក្ខជន​បណ្ឌិត​ផ្នែក​មនុស្ស​សាស្ត្រ​នៅ​សាកល​វិទ្យាល័យ​ Sydney យល់​ថា ការណ៍​នេះ​ជួយ​ធានា​ថា មនុស្ស​ជំនាន់​ក្រោយ​របស់​កម្ពុជា​ធំ​ដឹងក្តី​ឡើង​ក្នុង​ស្ថានភាព​ល្អ​ប្រសើរ ដែល​ដើរ​តួនាទី​សំខាន់​ដល់​ការ​អភិវឌ្ឍ​សង្គម​កម្ពុជា​នា​ពេល​អនាគត។

«‍កាលណា​ស្ត្រី​ទទួល​បាន​ការ​អប់រំ​ខ្ពស់ នោះ​គាត់​អាច​មាន​លទ្ធភាព​ផ្គត់ផ្គង់​គ្រួសារ។ ហើយ​មួយ​វិញ​ទៀត ស្ត្រី​ភាគ​ច្រើន​គាត់​ចំណាយ​ពេល​មើល​ថែ​កូន និង​យក​ចិត្ត​ទុក​ដាក់​លើ​ការ​សិក្សា​របស់​កូន។ ដូច្នេះ​ស្ត្រី​ជា​ម្តាយ​គាត់​មាន​ចំណេះ​ដឹង​កាន់​តែ​ខ្ពស់ គាត់​នឹង​អាច​ជួយ​ជ្រោម​ជ្រែង និង​បង្រៀន​កូន​គាត់​បាន​ដែរ»។

ស្ត្រី​ខ្មែរ​ទាំង​អស់​នេះ​បាន​ប្រាប់ VOA ថា ពួក​គេ​នឹង​វិល​ត្រឡប់​ទៅ​ចូលរួម​កសាង​សង្គម​កម្ពុជា ដោយ​អ្នក​ខ្លះ​ប្រាថ្នា​ប្រឡូក​ក្នុង​វិស័យ​សាធារណៈ​ដើម្បី​កសាង​សមត្ថភាព និង​ការ​ចូលរួម​ក្នុង​វិស័យ​កសិកម្ម​របស់​ស្ត្រី ក៏​ដូចជា​ចូលរួម​ក្នុង​ដំណើរ​កំណែ​ទម្រង់​ការ​អប់រំ និង​ការ​តាក់តែង​គោល​នយោបាយ​ជា​ដើម៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG