ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

និស្សិតកម្ពុជា២០រូបទទួលអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅអង់គ្លេស


និសិ្សត​បញ្ញាវ័ន្ត​ខ្មែរ​ចំនួន​២០​រូប​គ្រោង​បាន​ទទួល​អាហារូបករណ៍​ទៅសិក្សា​នៅ​ចក្រភព​អង់គ្លេស​ផ្នែក​បរិញ្ញា​ប័ត្រ​ជាន់ខ្ពស់ កាលពី​ថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០១៦។

កម្មវិធីអាហារូបករណ៍ Chevening Scholarship Program ផ្តួចផ្តើមឡើងដោយរាជរដ្ឋាភិបាលចក្រភពអង់គ្លេសក្នុងគោលបំណងពង្រឹងទំនាក់ទំនងការទូតជាមួយប្រទេសដទៃទៀតតាមរយៈវិស័យអប់រំ។

និសិ្សត​បញ្ញាវ័ន្ត​ខ្មែរ​ចំនួន​២០​រូប​ទៀត​គ្រោង​នឹង​ចេញ​ទៅ​សិក្សា​នៅ​ចក្រភព​អង់គ្លេស​ផ្នែក​បរិញ្ញា​ប័ត្រ​ជាន់ខ្ពស់ ដើម្បី​អភិវឌ្ឍ​ចំណេះ​ដឹង​របស់​ខ្លួន​បន្ថែម​ទៀត ដោយ​សង្ឃឹម​ថា​ នឹង​អាច​យក​ចំណោះ​ដឹង​ថ្មីៗ​ទំាង​នោះ​ដើម្បី​ជួយ​អភិវឌ្ឍប្រទេស​កំណើត​របស់​ខ្លួន។ នេះបើ​តាម​ការ​លើក​ឡើង​របស់​និស្សិត​ជ័យលាភី​អាហារូបករណ៍​ Chevening ឬ​ Chevening Scholarship Program។​

ក្នុង​ចំណោច​និស្សិត​ខ្មែរ​ចំនួន​២០​រូប​ ដែល​ត្រូវ​បាន​ជ្រើសរើស​ទៅ​សិស្សា​នា​ឆ្នាំ​២០១៦​នោះ មាន​១២​នាក់​ជា​បុរស​ ​និង​៨​នាក់​ជា​ស្រ្តី។​ ពួក​គេ​ទាំង​នេះ​ភាគច្រើន​ជ្រើសរើស​មុខ​ជំនាញ​ដែល​សង្កត់ធ្ងន់​ទៅ​លើ​ការ​អភិវឌ្ឍ​ក្នុង​វិស័យ​បច្ចេកវិទ្យា វិស័យ​ទំនាក់​ទំនង​ និង​ទីផ្សារ ​និង​ការ​អភិវឌ្ឍ​គោល​នយោបាយ​សាធារណៈ​ផង​ដែរ។ ​មុខ​ជំនាញ​ភាគ​ច្រើន​គឺ​អនុលោម​ទៅ​តាម​គោល​នយោបាយ​អភិវឌ្ឍ​វិស័យ​អប់រំ​របស់​ចក្រភព​អង់គ្លេស​ចំពោះ​ប្រទេស​កម្ពុជា​ ​ពិសេស​ផ្តោត​សំខាន់​លើ​មុខ​ជំនាញ STEM ​ដែល​រួម​មាន​វិទ្យាសាស្រ្ត​ បច្ចេកវិទ្យា​ វិស្វកម្ម​ និង​គណិតវិទ្យា។​

និសិ្សត​បញ្ញាវ័ន្ត​ខ្មែរ​ទទួលអាហារូបករណ៍​ទៅ​សិក្សា​នៅ​ចក្រភព​អង់គ្លេស​ផ្នែក​បរិញ្ញា​ប័ត្រ​ជាន់ខ្ពស់ពីឯកអគ្គរាជទូតចក្រភពអង់គ្លេស​ប្រចាំ​នៅ​កម្ពុជា នៅរាជធានីភ្នំពេញ កាលពីថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០១៦។
និសិ្សត​បញ្ញាវ័ន្ត​ខ្មែរ​ទទួលអាហារូបករណ៍​ទៅ​សិក្សា​នៅ​ចក្រភព​អង់គ្លេស​ផ្នែក​បរិញ្ញា​ប័ត្រ​ជាន់ខ្ពស់ពីឯកអគ្គរាជទូតចក្រភពអង់គ្លេស​ប្រចាំ​នៅ​កម្ពុជា នៅរាជធានីភ្នំពេញ កាលពីថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០១៦។

លោក​ណា សម្បត្តិចតុវង្ស វ័យ​២៥​ឆ្នាំ​ ជា​និស្សិត​ជាប់​អាហារូបករណ៍​ទៅ​បន្ត​ការ​សិក្សា​បរិញ្ញា​បត្រ​ជាន់​ខ្ពស់ផ្នែក​សន្តិសុខ​លើ​ប្រព័ន្ធ​អ៊ិនធឺណេត​ (Cyber Security)។ ​បុគ្គលិក​ធនាគារ​ជាតិ​នៃ​កម្ពុជា​ផ្នែក​កម្មវិធី ​Software រូប​នេះ បាន​ឲ្យ ​VOAដឹង​ថា ​ជំនាញ​ដែល​លោក​ជ្រើស​រើស​នេះ​នឹង​អាច​ឲ្យ​លោក​ដឹង​អំពី​របៀប​ទប់​ទល់​នឹង​អ្នក​លួច​ចូល​ប្រព័ន្ធ​កំព្យួទ័រ​តាម​អ៊ិនធឺណេត​ (hecker)​ ​ជា​ពិសេស​ប្រព័ន្ធ​ធនាគារ​ក្នុង​សម័យ​ទំនើប។ លោក​បន្ថែម​ថា លោក​នឹង​យក​ជំនាញ​នេះ​មក​បន្ត​អនុវត្ត​នៅ​ស្ថាប័ន​ដែល​លោក​កំពុង​បម្រើការ។​

«ធនធាន​មនុស្ស​យើង​នៅ​ខ្វះ​ច្រើន​ អញ្ចឹងបាន​ខ្ញុំ​សម្រច​ចិត្ត​ថា ​ខ្ញុំ​ចង់​ទៅរៀន​ដើម្បី​ យក​មក​ជួយ​នៅ​កន្លែង​ខ្ញុំ​ផង​ ហើយ​ក៏​បង្រៀន​ដើម្បី​ចែកចាយ​អ្វី​ដែល​ចេះ​ ដល់​សិស្ស​ខ្មែរ»។​

និស្សិត​មួយ​រូប​ផ្សេងទៀត​គឺ​លោក​ទី លឹមកុសល វ័យ​២៣​ឆ្នាំ កំពុង​ត្រៀម​ខ្លួន​ទៅ​បន្ត​ការ​សិក្សា​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ជំនាញ​គោល​នយោបាយ​សារធារណៈ។ លោក​មើល​ឃើញ​ចន្លោះ​ខ្វះខាត​ផ្នែក​ត​ស៊ូ​មតិ​ក្នុង​ការ​ភ្ជាប់​ទំនាក់​ទំនង​រវាង​ស្ថាប័ន​សាធារណៈ​ និង​ស្ថាប័ន​ឯកជន ហេតុ​នេះ​ទើប​លោក​ជ្រើស​រើស​ជំនាញ​នេះ។​ លោក​រំពឹង​ថា​ លោក​នឹង​អាច​បន្ត​អភិវឌ្ឍ​ចំណុច​ដែល​លោក​មើល​ឃើញ​ថា ​នៅមាន​ការ​ខ្វះខាត​នេះ។​

«ការងារ​ដែល​ខ្ញុំ​ស្រឡាញ់​ និង​ចង់​ធ្វើ​គឺ​ទាក់ទង​នឹង​ការ​តស៊ូ​មតិ​ជាមួយ​នឹង​អង្គការ​ អន្តរជាតិ​ធំៗ​ ទៅ​លើ​បញ្ហា​ទាក់ទិន​នឹង​ទំនាក់​ទំនង​ស្ថាប័ន​សាធារណៈ​ និង​ស្ថាប័ន​ឯកជន។ ​ខ្ញុំ​ឃើញ​ថា ​នេះ​ជា​ចន្លោះ​មួយ​ដែល​ប្រទេស​យើង​គួរតែ​ពង្រឹង​ ដើម្បី​ឲ្យ​រាជ​រដ្ឋាភិបាល​មាន​ជំនួយ​ច្រើន​ពី​វិស័យ​ឯកជន​ ធ្វើ​ឲ្យ​ការ​អភិវឌ្ឍ​ប្រទេស​ទៅ​រលូន»។

បេក្ខជន​ជាប់​អាហារូបករណ៍​ Chevening ​មួយ​រូប​ទៀត​គឺ​កញ្ញា​ស៊ូ រ៉ូហ្សានិច មន្រ្ដី​ជាន់​ខ្ពស់​ផ្នែក​ធនធាន​មនុស្សនៅ​ធនាគារ​ Maybankគ្រោង​នឹង​ទៅ​សិក្សា​បរិញ្ញា​បត្រ​ជាន់​ខ្ពស់​មុខ​ជំនាញ​គ្រប់​គ្រង​ទីផ្សារ​អន្តរជាតិ​នៅ​សាកល​វិទ្យាល័យ​ Leeds ​នៃ​ចក្រភព​អង់គ្លេស។​

«ឧបសគ្គ​ដែល​ខ្លាំង​ជាង​គេ​ គឺ​យើង​ត្រូវ​បំពេញ​ប្រវត្តិរូប​៤​ច្បាប់ គឺ​ប្រវត្តិរូប​មួយ​ច្បាប់​ផ្ញើរ​ទៅ​កាន់​គណៈ​កម្មការ ដើម្បី​ឲ្យ​គេ​ព្រម​ជ្រើសរើស​យើង​ជា​បេក្ខភាព​ និង​៣​ច្បាប់​ទៀត​ផ្ញើរ​ទៅសាកល​វិទ្យាល័យ​ចំនួន​បី​ផ្សេងៗ​គ្នា​ ព្រោះ​គេ​ឲ្យ​ជម្រើស​យើង​បី។​ ហើយ​ទាំង​ពីរ​ហ្នឹង បើ​មាន​មួយ​អត់​ជ្រើស​យក​ក៏​យើង​អត់​អាច​ទៅ​បាន​ដែរ»។​

លោក Bill Longhurst ឯកអគ្គរាជទូតចក្រភពអង់គ្លេស​ប្រចាំ​នៅ​កម្ពុជា សំណេះសំណាលជាមួយ​នឹង​ឪពុកម្តាយ​និស្សិតដែលទទួល​បាន​អាហារូបករណ៍​ទៅសិក្សា​នៅ​ចក្រភពអង់គ្លេស នៅរាជធានីភ្នំពេញ កាលពីថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០១៦។
លោក Bill Longhurst ឯកអគ្គរាជទូតចក្រភពអង់គ្លេស​ប្រចាំ​នៅ​កម្ពុជា សំណេះសំណាលជាមួយ​នឹង​ឪពុកម្តាយ​និស្សិតដែលទទួល​បាន​អាហារូបករណ៍​ទៅសិក្សា​នៅ​ចក្រភពអង់គ្លេស នៅរាជធានីភ្នំពេញ កាលពីថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០១៦។

ថ្លែង​ទៅ​កាន់​និស្សិត​ដែល​ទទួល​បាន​ជោគជ័យ​ ហើយ​នឹង​ឪពុក​ម្តាយ​របស់​ពួកគេ​សរុប​ប្រមាណ​ជាង​៧០​នាក់​ ដែល​ចូលរួម​ពិធី​ជប់លៀង ​ដើម្បី​ជូន​ដំណើរ​និស្សិត​ទាំង​នោះ​នៅ​ល្ងាច​ថ្ងៃ​អង្គារ​កន្លង​ទៅ នៅ​គេហ​ដ្ឋាន​ផ្ទាល់​របស់​ឯក​អគ្គ​រាជទូត​ក្នុង​ទីក្រុង​ភ្នំពេញ​លោក Bill Longhurst ឯក​អគ្គ​រាជទូត​អង់​គ្លេស​បាន​សាទរ​សមត្ថភាព​របស់​យុវជន​ខ្មែរ​ដែល​ទទួល​ជោគ​ជ័យ​ក្នុង​ការ​ប្រកួត​ប្រជែង​យក​អាហារូបករណ៍ទៅ​សិក្សា​ថ្នាក់​បរិញ្ញា​បត្រ​ជាន់​ខ្ពស់​ ឬ​អនុ​បណ្ឌិត​នៅ​ចក្រភព​អង់គ្លេស​តាម​រយៈ​កម្មវិធី​អាហារូបករណ៍​ Chevening Scholarship Program នេះ។​

លោក ​Bill Longhurst​ ក៏​បាន​ឱ្យ​ដឹង​ផង​ដែរ​ថា ដោយ​មើល​ឃើញ​ពី​ឧបសគ្គ​មួយ​ចំនួន​ក្នុង​វិស័យ​អប់រំ​នៅ​កម្ពុជា ចក្រភព​អង់គ្លេស​ចាប់​អារម្មណ៍​ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​ជំនាញ​វិទ្យាសាស្រ្ត​ ​បច្ចេកវិទ្យា ​វិស្វកម្ម​ និង​គណិតវិទ្យា​ ​ហៅ​កាត់​ថា​ STEM។​

«យើង​ឃើញ​ថា​ នៅ​មាន​ឧបសគ្គ​ជា​ច្រើន​ តែ​យើង​ឃើញ​មាន​គោល​បំណង​ក្នុង​ការ​ធ្វើឲ្យ​ប្រសើរ​ឡើង។ យើង​រីករាយ​ក្នុង​ការ​គាំទ្រ ហើយ​យើង​ធ្វើអ្វី​ដែល​យើង​អាច​ធ្វើ​បាន​ក្នុង​ការ​បង្កើត​ផល​ចំណេញ​ពីមុខ​ជំនាញ​វិទ្យាសាស្រ្ត បច្ចេកវិទ្យា ​វិស្វកម្ម និង​គណិតវិទ្យា​ ព្រោះវា​ជា​មុខ​ជំនាញ​ដែល​មិន​ទាន់​មាន​និស្សិត​គ្រប់គ្រាន់​នៅ​ឡើយ​ហើយ​វា​មាន​សារៈ​សំខាន់​ណាស់​ក្នុង​ការ​អភិវឌ្ឍ​កម្ពុជា»។​

កម្មវិធី​អាហារូបករណ៍​ ​Chevening Scholarship Program ​ផ្តួច​ផ្តើម​ឡើង​ដោយ​រាជ​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​ក្នុង​គោល​បំណង​ពង្រឹង​ទំនាក់​ទំនង​ការ​ទូត​ជាមួយ​ប្រទេស​ដទៃ​ទៀត​តាមរយៈ​វិស័យ​អប់រំ​ ពោល​គឺ​បញ្ជូន​អ្នក​ដែល​មាន​ទេព​កោសល្យ​ ​ក្នុង​ភាព​ជា​អ្នក​ដឹកនាំ​ឲ្យ​ទៅ​សិក្សា​ក្នុង​ប្រទេស​របស់​ខ្លួន។ ម្យ៉ាងទៀត​ ​គោល​ដៅ​ជា​អាទិភាព​នោះ​ គឺ​ការ​បង្កើត​ឲ្យ​មាន​ទំនាក់​ទំនង​ជា​វិជ្ជមាន​ជាមួយ​អនាគត​អ្នក​ដឹកនាំ អ្នក​មាន​ឥទ្ធិពល​ក្នុង​សង្គម និង​អ្នក​ធ្វើ​ការ​សម្រេច​ចិត្ត​ក្នុង​គោល​នយោបាយ​នានា។​

ឯកអគ្គ​រាជទូត​អង់គ្លេស​ប្រចាំ​កម្ពុជា​ក៏​បាន​ឲ្យ​ដឹង​បន្ថែម​ថា ក្រៅ​ពី​ការ​បញ្ជូន​និស្សិត​ទៅ​សិក្សា​នៅ​ប្រទេស​របស់​ខ្លួន ចក្រភព​អង់គ្លេស​អាច​នឹង​មាន​គម្រោង​ពង្រីក​អត្ថ​ប្រយោជន៍​វិស័យ​អប់រំ​ខ្លួន​ ដោយ​បង្កើត​គ្រឹះស្ថាន​អប់រំ​ផ្ទាល់​នៅ​ប្រទេស​កម្ពុជា។​

«វាអាច​នឹង​មាន​ការ​កើន​ឡើង​នូវ​ស្ថាប័ន​អប់រំ​របស់​ចក្រភព​អង់គ្លេស​មក​ប្រទេស​កម្ពុជា​ដើម្បី​ផ្តល់​ជូន​នូវ​កម្មវិធី​សិក្សា​នានា។​ យើង​មិន​ទាន់​ដឹង​ថា ​ពេល​នេះ​វា​ឈាន​ដល់​ដំណាក់​កាលណា​នៅ​ឡើយ​ទេ​ ហើយ​យើង​មិនទាន់មា​នការ​ប្រកាស​ជា​ព័ត៌មាន​អ្វីទេ។​ តែ​ខ្ញុំ​សង្ឃឹម​ថា​ ​ពីរបី​ឆ្នាំ​ខាង​មុខ​ទៀត ​និស្សិត​នៅ​កម្ពុជា​ផ្ទាល់​នឹង​អាច​មាន​លទ្ធភាព​សិក្សា​តាម​កម្មវិធី​អប់រំ​របស់​ចក្រភព​អង់គ្លេស»។​

លោក​សាមឺឌី ស៊ីវឌ្ឍនា​ អនុ​រដ្ឋលេខាធិការ​នៃ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​នៃ​ប្រទេស​កម្ពុជា បាន​សាទរ​ចំពោះ​ការ​ផ្តល់​អាហារូបករណ៍​ជា​រៀងរាល់​ឆ្នាំ​ដល់​និស្សិត​កម្ពុជា​ ពី​សំណាក់​ចក្រភព​អង់គ្លេស នៅរាជធានីភ្នំពេញ កាលពីថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០១៦។
លោក​សាមឺឌី ស៊ីវឌ្ឍនា​ អនុ​រដ្ឋលេខាធិការ​នៃ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​នៃ​ប្រទេស​កម្ពុជា បាន​សាទរ​ចំពោះ​ការ​ផ្តល់​អាហារូបករណ៍​ជា​រៀងរាល់​ឆ្នាំ​ដល់​និស្សិត​កម្ពុជា​ ពី​សំណាក់​ចក្រភព​អង់គ្លេស នៅរាជធានីភ្នំពេញ កាលពីថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០១៦។

ស្របគ្នា​នោះ​ដែរ​ លោក​សាមឺឌី ស៊ីវឌ្ឍនា​ អនុ​រដ្ឋលេខាធិការ​នៃ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​នៃ​ប្រទេស​កម្ពុជា បាន​សាទរ​ចំពោះ​ការ​ផ្តល់​អាហារូបករណ៍​ជា​រៀងរាល់​ឆ្នាំ​ដល់​និស្សិត​កម្ពុជា​ ពី​សំណាក់​ចក្រភព​អង់គ្លេស ​ហើយ​លោក​ក៏​មាន​ការ​ជឿ​ជាក់​ថា​ បេក្ខជន​ដែល​ជាប់​អាហារូបករណ៍​ទំាង​នោះ​សុទ្ធតែ​មាន​សមត្ថភាព ដែល​អាច​ចូល​រួម​ជួយ​អភិវឌ្ឍ​ប្រទេស​របស់​ខ្លួន​នា​ពេល​ខាង​មុខ។​

«ក្មេងៗ​បច្ចុប្បន្ន​រៀន​ពូកែ​ មាន​ចំណេះដឹង​ខ្ពស់។​ កូនខ្មែរ​ទៅ​ក្រៅ​ប្រទេស​ ហើយ​យក​សញ្ញាបត្រ​មក​ជួយ​ជាតិ​មាតុភូមិ​ ដើម្បី​ភាព​រីកចម្រើន​ និង​អភិវឌ្ឍ​សង្គម។ ​គាត់​ត្រឡប់​មក​វិញ​ជា​ទំពាំង​ស្នង​ឫស្សី​ហើយ»។​

តាម​ការ​ឲ្យ​ដឹង​របស់​ស្ថានទូត​អង់គ្លេស​ប្រចាំ​នៅ​រាជធានីភ្នំ​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​និស្សិត​ជ័យលាភី​ទាំង​២០​រូប​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ចក្រភព​អង់គ្លេស​នា​ខែ​កញ្ញា​ខាង​មុខ ដើម្បី​បន្តការ​សិក្សា​របស់​ខ្លួន​ដែល​មាន​រយៈ​ពេល​១ឆ្នាំ។

មក​ទល់​នឹង​ឆ្នាំ​២០១៦​នេះ​ យ៉ាង​ហោចណាស់​មាន​និស្សិត​ខ្មែរ​ចំនួន​ប្រមាណ​១០០​នាក់​ហើយ​ដែល​មាន​ឱកាស​ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ចក្រភព​អង់គ្លេស​តាមរយៈ​កម្មវិធី Chevening ​Scholarship Program នេះ។

ជារៀង​រាល់​ឆ្នាំ​ កម្មវិធី​នេះ​ចាប់​ផ្តើម​ទទួល​ពាក្យ​ដើម្បី​ប្រកួត​ប្រជែង​យក​អាហារូបករណ៍​នេះ​ក្នុង​កំឡុង​ដើមខែ​សីហា​ដល់​ចុង​ខែ​វិច្ឆិកា។ ហើយ​អំឡុង​ពេល​នេះ​ និស្សិត​អាច​ចាប់​ផ្តើម​ដាក់​ពាក្យ​សុំ​អាហារូបករណ៍​នេះ​សម្រាប់​ការ​សិក្សា​ឆ្នាំ​ក្រោយ៕

XS
SM
MD
LG