ខណៈពេលដែលលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីអាមេរិករវាងប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បេក្ខជនខាងគណបក្សសាធារណរដ្ឋ និងគូប្រជែងរបស់លោក គឺលោក ចូ បៃដិន (Joe Biden) បេក្ខជនខាងគណបក្សប្រជាធិបតេយ្យ មានភាពប្រកៀកប្រកិតគ្នាខ្លាំង នៅថ្ងៃពុធ លោក ត្រាំ បានងាកទៅរកតុលាការ ដើម្បីព្យាយាមធ្វើឱ្យសន្លឹកឆ្នោតនៅរដ្ឋ Pennsylvania គ្មានសុពលភាព និងរារាំងមន្រ្តីរដ្ឋ Michigan មិនឲ្យរាប់សន្លឹកឆ្នោត។
ខាងក្រោមនេះគឺជាករណីពាក្យបណ្តឹងនៅតុលាការ ដែលនឹងកើតឡើងនៅប៉ុន្មានថ្ងៃ ហើយអាចថាប៉ុន្មានសប្តាហ៍ខាងមុខ។
ការតវ៉ាអំពីការរាប់សន្លឹកឆ្នោតនៅរដ្ឋ Michigan
ក្រុមយុទ្ធនាការឃោសនារបស់លោក Trump បាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានដាក់ពាក្យបណ្តឹងនៅរដ្ឋ Michigan ដើម្បីបញ្ឈប់មន្រ្តីរដ្ឋ ពីការរាប់សន្លឹកឆ្នោត។
ពួកគេបាននិយាយថា ពាក្យបណ្តឹងដាក់ទៅកាន់តុលាការរដ្ឋ Michigan ស្តីពីករណីទាមទារសំណង ធ្វើឡើងក្នុងគោលបំណងដើម្បីបញ្ឈប់ការរាប់សន្លឹកឆ្នោត រហូតដល់មានមន្ត្រីអធិការកិច្ចម្នាក់ពិនិត្យមើលការរាប់សន្លឹកឆ្នោត ដែលបោះដោយអវត្តមាននៅតាមកន្លែងរាប់សន្លឹកឆ្នោតនីមួយៗ។ ពួកគេក៏ចង់ពិនិត្យមើលសន្លឹកឆ្នោត ដែលបានបើកនិងរាប់រួចហើយ នៅចំពោះមុខមន្ត្រីអធិការកិច្ច នៅពេលសមាជិកនៃក្រុមយុទ្ធនាការរបស់លោក Trump មានវត្តមាននៅកន្លែងរាប់សន្លឹកឆ្នោតដែរ។
យោងតាមការស្រាវជ្រាវ Edison លោក Biden បាននាំមុខលោក Trump តិចតួចប៉ុណ្ណោះនៅក្នុងរដ្ឋ Michigan ដែល ៩៤% នៃសន្លឹកឆ្នោត ត្រូវបានសន្និដ្ឋានថា បានបោះដោយផ្ទាល់។
ការតវ៉ាពីការរាប់សន្លឹកឆ្នោតនៅរដ្ឋ Pennsylvania
មន្ត្រីគណបក្សសាធារណរដ្ឋ កាលពីថ្ងៃអង្គារ បានប្តឹងមន្ត្រីបោះឆ្នោតនៅសង្កាត់ Montgomery ដែលមានព្រំប្រទល់ជាប់ទីក្រុង Philadelphia ដោយចោទប្រកាន់ពួកគេពីការរាប់សន្លឹកឆ្នោតផ្ញើតាមប្រៃសណីយ៍ដោយខុសច្បាប់ ដោយបានរាប់សន្លឹកឆ្នោតទាំងនោះមុនពេលកំណត់ និងការអនុញ្ញាតឱ្យអ្នកបោះឆ្នោត ដែលសន្លឹកឆ្នោតមានបញ្ហា បោះឆ្នោតឡើងវិញ។
នៅក្នុងសវនាការមួយនៅថ្ងៃពុធ លោកចៅក្រម Timothy Savage ប្រចាំសង្កាត់នៅទីក្រុង Philadelphia ហាក់ដូចជាមានការមន្ទិលសង្ស័យចំពោះការចោទប្រកាន់របស់ក្រុមយុទ្ធនាការឃោសនារបស់លោក Trump និងអំពីការចោទសួរថា តើសុចរិតភាពនៃការបោះឆ្នោត អាចនឹងរងផលប៉ះពាល់យ៉ាងដូចម្តេចខ្លះ ដោយសារតែពាក្យបណ្តឹងនេះ។
នៅក្នុងបណ្តឹងដាច់ដោយឡែកមួយ គណបក្សសាធារណរដ្ឋនៅរដ្ឋ Pennsylvania បានស្នើដល់តុលាការកំពូលសហរដ្ឋអាមេរិក ឲ្យពិនិត្យឡើងវិញនូវសេចក្តីសម្រេចរបស់តុលាការកំពូលរបស់រដ្ឋ ដែលអនុញ្ញាតឱ្យមន្រ្តីបោះឆ្នោតរាប់សន្លឹកឆ្នោត ដែលផ្ញើតាមប្រៃសណីយ៍ ដែលត្រូវបានកំណត់នៅថ្ងៃបោះឆ្នោត តែបានមកដល់នៅថ្ងៃសុក្រ ក្រោយថ្ងៃបោះឆ្នោត។
នៅថ្ងៃពុធ ក្រុមយុទ្ធនាការឃោសនារបស់លោក Trump បានដាក់ញត្តិសុំអន្តរាគមន៍ក្នុងករណីនេះ។
សេចក្តីសម្រេចរបស់តុលាការកំពូលសហរដ្ឋអាមេរិកបានលើកឡើងកាលពីសប្តាហ៍មុនថា មិនមានពេលវេលាគ្រប់គ្រាន់ ដើម្បីសម្រេចលើអង្គហេតុនៃរឿងក្តីនេះមុនថ្ងៃបោះឆ្នោតទេ ប៉ុន្តែបានបង្ហាញជំហរថា តុលាការអាចនឹងពិនិត្យឡើងវិញលើបញ្ហានេះ នៅពេលក្រោយ។
ចៅក្រមតុលាការកំពូលលោក Samuel Alito ដែលចូលរួមដោយចៅក្រម Clarence Thomas និងចៅក្រម Neil Gorsuch ដែលជាអ្នកអភិរក្សនិយមដូចគ្នា បានសរសេរជាលាយលក្ខណ៍អក្សរថា «មានទំនោរខ្លាំង» ដែលសេចក្តីសម្រេចរបស់តុលាការរដ្ឋ Pennsylvania បានរំលោភលើរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក។
មន្ត្រីបោះឆ្នោតនៃរដ្ឋ Pennsylvania បាននិយាយថា ពួកគេនឹងរៀបចំបែងចែកសន្លឹកឆ្នោត ដែលបានបោះតែមប្រៃសណីយ៍ត្រឹមត្រូវ ដែលបានមកដល់ក្រោយថ្ងៃបោះឆ្នោត។
ខណៈសន្លឹកឆ្នោតប្រមាណ ៨៣% ត្រូវបានរាប់ លោក Trump បាននាំមុខលោក Biden នៅរដ្ឋ Pennsylvania ជាមួយនឹងសំឡេងឆ្នោតប្រមាណ ៥២% ទល់នឹង ៤៦%។ នេះបើយោងតាមការស្រាវជ្រាវ Edison ។
វិវាទផ្លូវច្បាប់ពាក់ព័ន្ធនឹងប្រៃសណីយ៍ជាតិសហរដ្ឋអាមេរិក
កាលពីថ្ងៃពុធ ចៅក្រមសហរដ្ឋអាមេរិកមួយរូប បាននិយាយថា អគ្គនាយកប្រៃសណីយ៍ជាតិសហរដ្ឋអាមេរិកលោក Louis DeJoy ត្រូវតែឆ្លើយសំណួរអំពីមូលហេតុ ដែលសេវាប្រៃសណីយ៍អាមេរិក មិនបានបំពេញតាមការបញ្ជារបស់តុលាការ ចំពោះសន្លឹកឆ្នោតដែលមិនត្រូវបានបញ្ជូនទៅកាន់រដ្ឋប្រហែល ១២ មុនថ្ងៃកំណត់ នៅរសៀលថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា។
លោកចៅក្រម Emmet Sullivan កំពុងពិនិត្យមើលបណ្តឹងរបស់ក្រុម Vote Forward និងក្រុម NAACP និងអ្នកតស៊ូមតិប្រចាំសហគមន៍ឡាទីន ដែលបានទាមទារឲ្យសេវាប្រៃសណីយ៍អាមេរិក ផ្ញើសន្លឹកឆ្នោតតាមប្រៃសណីយ៍ឲ្យទាន់ពេលវេលា ដើម្បីឲ្យអាចរាប់សន្លឹកឆ្នោតទាំងនោះបានទាន់ពេលវេលា៕