មនុស្សជាង ១.០០០ នាក់ កាលពីយប់ថ្ងៃអង្គារ បានមកជួបជុំគ្នាប្រឆាំងតវ៉ានឹងលោកប្រធានាធិបតីអាមេរិក Donald Trump នៅទីលាន Black Lives Matter ដែលមានន័យថា «ជីវិតពលរដ្ឋស្បែកខ្មៅមានតម្លៃ» ដែលនៅក្បែរសេតវិមានក្នុងរដ្ឋធានីវ៉ាស៊ីនតោន ខណៈមនុស្សច្រើនរយនាក់ផ្សេងទៀត បានដើរតាមផ្លូវនានាក្នុងរដ្ឋធានីសហរដ្ឋអាមេរិកនេះ ដោយពេលខ្លះ ពួកគេបានបិទចរាចរណ៍ធ្វើដំណើរ និងបាញ់កាំជ្រួចផងដែរ។
មានបាតុកម្មតូចៗជាច្រើនផ្សេងទៀត បានកើតឡើងនៅតាមទីក្រុងនានារបស់អាមេរិក ចាប់ពីទីក្រុង Seattle នៅភាគខាងលិចប្រទេស រហូតដល់ទីក្រុង New York នៅភាគខាងកើត តែគេពុំឃើញមានសញ្ញានៃអំពើហិង្សាណាខ្លាំង ឬភាពចលាចលណាមួយ នៅប៉ុន្មានម៉ោងភ្លាមៗ ក្រោយការិយាល័យបោះឆ្នោត ត្រូវបានបិទនោះ។
ក្រុមអ្នកប្រឆាំងតវ៉ាក្នុងទីក្រុង Portland នៅភាគខាងលិចប្រទេស បានស្រែកពាក្យថា «នេះគឺជាសកម្មភាពនៃលទ្ធិប្រជាធិបតេយ្យ»។ អ្នករៀបចំការប្រឆាំងតវ៉ា និយាយថា ការធ្វើបាតុកម្មនេះមានលក្ខណៈសន្តិវិធី ហើយថា ទោះបីជាលទ្ធផលនៃការបោះឆ្នោតចេញមកយ៉ាងណាក្តី ក៏ពួកគេនឹងបន្តធ្វើបាតុកម្ម ដើម្បីគាំទ្រឲ្យមានយុត្តិធម៌ខាងជាតិសាសន៍។ មន្ត្រីប៉ូលីសនិយាយថា អ្នកតវ៉ាមួយចំនួនមានកាន់កាំភ្លើងក្នុងដៃដោយចំហផងដែរ។
បាតុកម្មក្នុងរដ្ឋធានីវ៉ាស៊ីនតោនមានលក្ខណៈសន្តិវិធីជាទូទៅ ដោយក្រុមអ្នកចូលរួមស្រែកពាក្យថា«នេះជាផ្លូវរបស់អ្នកណា?» គេឆ្លើយថា«នេះជាផ្លូវរបស់យើង»។ គេបន្តទៀតថា «ប្រសិនបើយើងមិនទទួលបានយុត្តិធម៌នោះទេ ពួកគេក៏មិនបានសន្តិភាពដែរ»។
ម្ចាស់ហាងទំនិញរាប់រយកន្លែងក្នុងទីក្រុងនានារបស់សហរដ្ឋអាមេរិកបានបិទអាជីវកម្មរបស់ខ្លួន ដោយមានដាក់រនាំងបាំងទ្វារ និងបង្អួចកញ្ចក់ផងដែរ ដោយខ្លាចក្រែងមានហេតុការណ៍ហិង្សាណាមួយ អាចកើតមានឡើងនៅថ្ងៃបោះឆ្នោត ដូចអ្វីដែលបានកើតឡើង ក្រោយការស្លាប់របស់បុរសស្បែកខ្មៅលោក George Floyd កាលពីខែឧសភាកន្លងទៅ។
អភិបាលរដ្ឋធានីវ៉ាស៊ីនតោន លោកស្រី Muriel Bowser និយាយថា មនុស្សមួយចំនួនចង់បង្កឲ្យមានភាពជ្រួលច្របល់ និងបញ្ហា។ អ្នកស្រីថា អ្នកស្រីមិនដែលឃើញមានហាងទំនិញជាច្រើនដូចនេះត្រូវបានបិទទ្វារ និងមានដាក់រនាំងក្តាការពារពីមុខដូចនេះទេ ដោយលោកស្រីថា៖ «នេះជារឿងមួយដែលធ្វើឲ្យខ្ញុំមិនសប្បាយចិត្ត»៕