រហូតមកដល់ថ្ងៃពុធនេះ គេនៅមិនទាន់ដឹងនៅឡើយទេថា តើបេក្ខជនរូបណា នឹងឈ្នះក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ដែលបានធ្វើឡើងកាលពីថ្ងៃអង្គារនោះ ដោយសារលទ្ធផលចុងក្រោយ អាស្រ័យលើរដ្ឋមួយចំនួន ដែលនៅកំពុងរាប់សន្លឹកឆ្នោតដ៏ច្រើនដែលត្រូវបានផ្ញើតាមប្រៃសណីយ៍ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ១៩។
ទាំងលោកប្រធានាធិបតី Donald Trump និងគូប្រជែងរបស់លោកគឺលោក Joe Biden នៃគណបក្សប្រជាធិបតេយ្យ សុទ្ធតែបានឈ្នះក្នុងបណ្តារដ្ឋ ដែលគេបានរំពឹងរួចទៅហើយ ក្នុងការព្យាយាមរបស់ពួកគេ ដើម្បីប្រមូលឲ្យបានអង្គបោះឆ្នោតសរុបយ៉ាងតិច ២៧០ សំឡេង ដើម្បីដណ្តើមជ័យជម្នះបាន នៅក្នុងប្រព័ន្ធប្រជាធិបតេយ្យមិនផ្ទាល់របស់សហរដ្ឋអាមេរិក។
ប៉ុន្តែ លទ្ធផលបោះឆ្នោតក្នុងបណ្តារដ្ឋជាច្រើន នៅមិនទាន់រាប់ចប់នៅឡើយ។ រដ្ឋទាំងនោះមាន ដូចជារដ្ឋ North Carolina, Georgia និង Pennsylvania នៅភាគខាងកើតប្រទេសរដ្ឋ Michigan និងរដ្ឋ Wisconsin នៅភាគកណ្តាលប្រទេស និងរដ្ឋ Arizona នៅភាគនិរតីប្រទេស ដែលនៅទីនោះ មន្រ្តីបោះឆ្នោតនៅបន្តរាប់សន្លឹកឆ្នោតរាប់លានសន្លឹក ដែលមួយចំនួនត្រូវបានបោះ កាលពីថ្ងៃអង្គារ និងមួយចំនួនច្រើនទៀត ត្រូវបានបោះមុនថ្ងៃបោះឆ្នោតម្ល៉េះ។
ទោះបីជានៅមិនទាន់មានភាពច្បាស់លាស់យ៉ាងនេះក្តី លោក Trump បានប្រកាសក្នុងសេតវិមាននៅរំលងអធ្រាត្រព្រឹកថ្ងៃពុធថា លោកជឿជាក់ថា លោកជាអ្នកឈ្នះ ហើយលោកនិយាយថា លោកនឹងប្តឹងទៅតុលាការកំពូល ដើម្បីឲ្យបញ្ឈប់ការរាប់សន្លឹកឆ្នោត។
លោក Trump បញ្ជាក់ថា៖ «នេះជាការលួចបន្លំសន្លឹកឆ្នោតមួយដ៏ខ្លាំង ក្នុងប្រទេសរបស់យើង។ បើតាមខ្ញុំដឹង គឺខ្ញុំជាអ្នកឈ្នះរួចហើយ»។
ចំណែកក្រុមយុទ្ធនាការបោះឆ្នោតរបស់លោក Biden វិញ បានហៅការប្តេជ្ញារបស់លោក Trump អំពីការបញ្ឈប់ការរាប់សន្លឹកឆ្នោតនោះថា ជាសកម្មភាព «ហួសហេតុ» ក្នុងការដកសិទ្ធិប្រជាធិបតេយ្យពីពលរដ្ឋអាមេរិក ដែលបានបោះឆ្នោត នៅមុនថ្ងៃបោះឆ្នោតនោះ។
នៅមុននេះដែរ លោក Biden បានថ្លែងទៅកាន់អ្នកគាំទ្ររបស់លោក ក្នុងទីក្រុង Wilmington រដ្ឋ Delaware ដែលលោករស់នៅ ដោយអរគុណពួកគេដែលបានគាំទ្រលោក ហើយលោកថា លោកនឹងឈ្នះការបោះឆ្នោតនេះ៕