ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិកព្រឹទ្ធសភា​​អាមេរិក​បញ្ចេញ​យោបល់​​លើ​រឿង​អេហ្ស៊ីប


លោក​​ចន ឃើរ៍រី (John Kerry) ប្រធាន​គណៈកម្មាធិការ​កិច្ចការ​បរទេស​ព្រឹទ្ធសភា​​ធ្វើ​សេចក្តី​ថ្លៃង​ការណ៍​អំពី​វិបត្តិ​នៅ​ប្រទេស​អេហ្ស៊ីប​នៅ​វិមាន​កាពីតូល​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ទី​​២​ខែ​កុម្ភៈ​ឆ្នាំ​២០១១​នេះ។
លោក​​ចន ឃើរ៍រី (John Kerry) ប្រធាន​គណៈកម្មាធិការ​កិច្ចការ​បរទេស​ព្រឹទ្ធសភា​​ធ្វើ​សេចក្តី​ថ្លៃង​ការណ៍​អំពី​វិបត្តិ​នៅ​ប្រទេស​អេហ្ស៊ីប​នៅ​វិមាន​កាពីតូល​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ទី​​២​ខែ​កុម្ភៈ​ឆ្នាំ​២០១១​នេះ។

ប៉ុន្មាន​ម៉ោង​មុន​សេចក្តី​ថ្លែង​ការណ៍​របស់​លោក មូបារ៉ាក់ លោក ចន ឃើរ៍រី (John Kerry) ប្រធាន​គណៈកម្មាធិការ​កិច្ចការ​បរទេស​ព្រឹទ្ធសភា​ថ្លែង​ថា ​ប្រជា​ពលរដ្ឋអេហ្ស៊ីប បាន​ឈាន​ហួស ប្រធានាធិបតី​របស់​ខ្លួន​ទៅ​ទៀត។ សមាជិក​គណបក្ស​ប្រជាធិបតេយពី​រដ្ឋ​ម៉ាស្សាជូស្ស៊ែតស៍​ (Massachusetts) រូប​នេះ​ បាន​ថ្លែង​ថា ការ​ដក​ខ្លួន​ថយ​ពី​ការ​ឈរ​ឈ្មោះ​បោះឆ្នោត​ឡើង​វិញ គឺ​ជា​ជំហាន​ទី​មួយ​ ដែល​ប្រធានាធិបតី​អេហ្ស៊ីប​ត្រូវ​ធ្វើ។ លោក​មាន​ប្រសាសន៍​ថា៖

«ត្រូវ​ធ្វើ​ឲ្យ​លើស​ពី​នេះ គឺ​ត្រូវ​រៀប​ចំ​ឲ្យ​មាន​រដ្ឋាភិបាល​ចាំផ្ទះ​មួយក្នុង​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ ​ដើម្បី​ជៀស​ឲ្យ​មាន​អំពើ​ហិង្សា ​និង​ជួយ​ធ្វើ​ឲ្យ​មាន​អន្តរកាល​មួយ​ដើម្បី​រៀប​ចំ​ប្រទេស​អេហ្ស៊ីប​ឆ្ពោះ​ទៅ រក អនាគតដែល​ប្រជាពលរដ្ឋ​អេហ្ស៊ីប​ប្រាថ្នា​និងសម​ទទួល​បាន»។

លោក​លីនដ៍ស៊ី​ ហ្ក្រាហាម (Lyndsey ​Graham) សមាជិកព្រឹទ្ធសភា​ពី​រដ្ឋ​សោធ ខារោឡាយណា (South Carolina) បានយល់​ស្របនឹង​ការ​បង្កើត​ឲ្យ​មាន​រដ្ឋាភិបាល​ចាំ​ផ្ទះមួយ ​ហើយ​ជំរុញ ឲ្យ​រដ្ឋា​ភិបាល​សរអាបន្ត​ការចូលរួម​របស់​ខ្លួន ​ក្នុង​កិច្ចការ​អេហ្ស៊ីប។ លោក​មាន​ប្រសាសន៍​ថា៖

«ខ្ញុំគិត​ថា ជា​ការ​ប្រកប​ដោយ​គតិ​បណ្ឌិត​សម្រាប់​អាមេរិក​ក្នុង​ការ​ចូល​រួម​ជ្រោម​ជ្រែងឲ្យ​មាន​ការ​ផ្ទេរ​អំណាច​មួយ​ជាជាង មាន​គោល​នយោបាយ​មិន​រវល់​សោះ​ពី​អេហ្ស៊ីប​នោះ»។

រដ្ឋបាល​អូបាម៉ា​បាន​សរសើរការ​អំពាវនាវ​របស់​ប្រទេស​អេហ្ស៊ីប​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ តែ​និយាយ​ថា​ ប្រជាពលរដ្ឋ​អេហ្ស៊ីប​ត្រូវ​តែ​សម្រេច​ពី​អនាគត​របស់​ប្រទេស​ខ្លួ​ន​ដោយ​ខ្លួន​ឯង។ រាប់​ទសវត្សរ៍​មក​ហើយ​ ប្រទេស​អេហ្សីប​ដែល​ជា​ប្រទេស​មួយ​ធំ​ជាង​គេ​ ទទួល​ជំនួយ​ពី​សរអាសរុប​ជា​ប្រាក់​ទាំង​អស់​១ពាន់​៥០០​លាន​ដុល្លារក្នុង​មួយ​ឆ្នាំ​នៅ​ក្នុង១០​ឆ្នាំ​កន្លង​ទៅនេះ។

លោក​ ដ្យូសេហ្វ​ លីប៊័រមែន​ (Joseph Lieberman) ជា​សមាជិកព្រឹទ្ធសភា​ឯករាជ្យ ​មួយ​រូប ​នៃ​រដ្ឋ​ ខូននិកទីខាត់​ (Connecticut) ​ថ្លែង​ថា ​ជំនួយ​ទាំង​នោះ ជា​ប្រាក់​ដែលចាយ​ទៅបាន​ផល​ល្អ។ លោក​បន្តថា៖

«ខ្ញុំបាន​គាំទ្រ​រដ្ឋាភិបាល​មួយ​ដែល​ក្នុង​ប៉ុន្មាន​ឆ្នាំ កន្លង​មាន តួនាទី សំខាន់​ក្នុង​ការ​រក្សា​ឲ្យ​ស្ថិរភាព​នៅ​មជ្ឈឹមបូព៌ា។ ទី​ពីរ​គឺ​យើង​បាន​ផ្តល់​ប្រាក់​យ៉ាង​ច្រើន​ទៅ​ឲ្យ​យោធា​អេហ្ស៊ីប ​ហើយ​ខ្ញុំ​គិត​ថា​ សូម្បី​តែ​ក្នុង​ពេល​មាន​វិបត្តិ​នេះ​ក្តី​ ក៏​យើង​ឃើញ​ថា​ យោធា​អេហ្ស៊ីបបាន​ដើរ​តួ នាទី​សំខាន់​ក្នុង​ការ​បង្រួប​បង្រួម​ប្រទេស​ដែរ»។

លោក​ លីប៊័រមែន​ ថ្លែង​ថា​ ពេល​នេះ​មិន​មែន​ជា​ពេល​សម្រាប់​គំរាម​កាត់​បន្ថយ​ជំនួយ​របស់​អាមេរិក​ដល់​ប្រជាពលរដ្ឋ​អេហ្ស៊ីប ​ឬ​ យោធារបស់​ប្រទេស​នេះ​ទេ។

សមាជិកព្រឹទ្ធសភា​ លីប៊័រមែន ​ថ្លែង​ទៀត​ថា ​លោក​មិន​មែន​សន្មត​ស្មានៗ​ថា​ថ្នាក់​ដឹក​នាំ​ថ្មី​នៅ​ អេហ្ស៊ីប នឹង​ទៅ​ជាអ្នក​រក​រឿងជា​មួយ​សរអា​ឬ ​ប្រទេស​អ៊ីស្រាអែល​នោះ​ទេ។ តែ​លោកបន្ថែម​ថា​ ប្រធានាធិបតី​ មូបារ៉ាក ​អាច​ជួយធានា​ឲ្យ​មាន ​លទ្ធផល​ប្រសើរ​ចេញ​ពី​វិបត្តិ​នេះ។ លោក​ថ្លែង​ថា៖

«លោកជា​អ្នក​ស្នេហា​ជាតិ ជា​អ្នក​ជាតិ​និយមមួយ​រូប។ ហើយ​ភាព​ដ៏​វិសេស​នៃការ​សាកល្បង​ចំពោះ​អ្នក​មេដឹកនាំ​នោះ ​គឺថា តើអ្នក​ដឹក​នាំ​នោះ​អាច​បញ្ចប់​ភាព​ដឹក​នាំ​របស់​គេ​ និង​ផ្ទេរ​អំណាច​ទៅ​ឲ្យ​អ្នក​ដឹក​នាំ​ថ្មី​តាម របៀប​ណា។ យើង​សង្ឃឹម​ថា​ នោះ​ជា​មធ្យោបាយ​មួយ​ដែលល្អ​ប្រសើរសម្រាប់​ប្រទេស​របស់​គេ។ ជាក់​ស្តែង​ណាស់​ប្រជាពលរដ្ឋ​អេហ្ស៊ីប​បាន​សុំឲ្យ​មាន​ការ​ផ្លាស់​ប្តូរ»។

សមាជិកព្រឹទ្ធសភា​សរអាបានគាំទ្រ​ជា​សាធារណៈ​នូវ​ការ​ផ្លាស់ប្តូរ​នេះ​ ហើយ​ជា​ទូទៅ​គេ​ហាក់​ដូច​ជាបង្ហាញ​ឲ្យ​ឃើញ​នូវ​សុទិដ្ឋិនិយម​យ៉ាង​ប្រយ័ត្ន​ប្រយែង​របស់​គេ​ទៅ​លើ​អ្វី​ដែល​ជា​លទ្ធផល​កើត​ចេញ​ពី​ការ​ផ្លាស់​ប្តូរ​នោះ។

ប្រែ​សម្រួល​ដោយ​ នៅ សារីម

XS
SM
MD
LG