ទោះបីជាយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក បានសន្យាថា នឹងធ្វើឲ្យសេដ្ឋកិច្ចសហរដ្ឋអាមេរិកអស្ចារ្យម្ដងទៀតក៏ដោយ ក៏ភាគច្រើននៃគំនិតផ្ដួចផ្ដើមសេដ្ឋកិច្ចសំខាន់ៗរបស់លោក ត្រូវបានជាប់គាំងនៅត្រឹមសភា។ នេះបើយោងតាមការបញ្ជាក់របស់លោក Tom Buerkle អ្នកវិភាគហិរញ្ញវត្ថុនៃសាជីវកម្ម Thomson Reuters តាមរយៈប្រព័ន្ធ Skype។
លោក Tom Buerkle បាននិយាយថា៖ «ជាទូទៅ អ្វីដែលយើងទទួលបានគឺសេដ្ឋកិច្ចដែលមានកំណើន ២ ភាគរយ។ សេដ្ឋកិច្ចនេះមានលំនឹងដូចនេះរហូត ប៉ុន្តែមិនអស្ចារ្យនោះទេ»។
លោក Buerkle បាននិយាយថា កង្វះការវិវត្តទៅមុខរបស់គោលនយោបាយសេដ្ឋកិច្ចរបស់លោក Trump គឺជាមូលហេតុមួយ ដែលមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ជាថ្មីម្ដងទៀត កាត់បន្ថយទស្សនវិស័យរបស់ខ្លួនចំពោះការរីកចម្រើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។ ប៉ុន្តែ ប្រសិនបើសេដ្ឋកិច្ចមានការធ្លាក់ចុះ អ្នកនឹងមិនឃើញការរីកចម្រើនសេដ្ឋកិច្ចដូចនេះនៅតំបន់ទីផ្សារហិរញ្ញវត្ថុ Wall Street នោះទេ។ នេះបើយោងតាមការបញ្ជាក់របស់លោក Michael Strain អ្នកវិភាគគោលនយោបាយមកពីវិទ្យាស្ថាន American Enterprise ដែលមានទំនោរបែបអភិរក្សនិយម។
លោក Michael Strain បាននិយាយថា៖ «ខ្ញុំគិតថា អ្វីដែលអ្នកឃើញ គឺជាប្រតិកម្មចំពោះភាពដែលអាចទៅរួចនៃកំណែទម្រង់ពន្ធដារដ៏សំខាន់មួយ ភាពដែលអាចទៅរួចនៃការលុបចោលនូវការដាក់កំហិតផ្សេងៗ ឬក៏ភាពដែលអាចទៅរួចនៃការចំណាយលើហេដ្ឋារចនាសម្ព័ន្ធមួយចំនួន។ ហើយខ្ញុំគិតថា លោកប្រធានាធិបតី Trump គួរតែត្រូវបានគេសរសើរចំពោះរឿងហ្នឹង»។
ប៉ុន្តែ តើមានអ្វីកើតឡើងចំពោះភាពជឿជាក់របស់វិនិយោគិន ប្រសិនបើលោកប្រធានាធិបតី Trump មិនមានលទ្ធភាពធ្វើតាមការសន្យារបស់លោកនោះ? អ្នកខ្លះនិយាយថា ការកើនឡើងនូវតម្លៃភាគហ៊ុន ដែលមិនដែលមានពីមុនមក មិនអាចនៅឋិតថេរជារៀងរហូតដូចនេះនោះទេ។
លោក Tom Buerkle បាននិយាយថា៖ «យើងមិនដែលឃើញសកម្មភាពណាមួយ ដែលអាចធ្វើឲ្យការកើនឡើងតម្លៃភាគហ៊ុននេះនៅថេរនោះទេ»។
ទោះបីជាអ្នកមានទស្សនៈអភិរក្សនិយមមួយចំនួនមិនបានផ្ដល់ពិន្ទុល្អដល់ការដឹកនាំរបស់លោកប្រធានាធិបតី Trump ក៏ដោយ ក៏ពួកគេរិះគន់ចំពោះគំនិតផ្ដួចផ្ដើមរបស់គណបក្សប្រជាធិបតេយ្យច្រើនជាង។
លោក Michael Strain បានបញ្ជាក់ថា៖ «ខ្ញុំគិតថា បៀវត្សរ៍ការងារទាបបំផុតចំនួន ១៥ ដុល្លារអាមេរិកក្នុងមួយម៉ោង អាចនឹងប៉ះពាល់ដល់ក្រុមប្រជាពលរដ្ឋដែលជាអ្នកធ្វើការដោយកម្លាំង និងប្រជាពលរដ្ឋក្រីក្រដែលធ្វើការ ច្រើនជាងជួយពួកគេ។ ខ្ញុំគិតថា ការផ្ដោតលើគោលនយោបាយឈប់សម្រាកពីការងារដោយសារបញ្ហាគ្រួសារ ហើយនៅតែទទួលបានប្រាក់បៀវត្សរ៍ទៀតនោះ មិនគួរចាត់ចូលក្នុងគោលនយោបាយអាទិភាពមួយដែលយើងចង់សម្រេចឲ្យបាននោះទេ ប្រសិនបើអ្នកមានគោលបំណងចង់ជួយពលរដ្ឋអាមេរិកាំងដែលធ្វើការដោយកម្លាំងនោះ។ ខ្ញុំគិតថា គំនិតបែបនេះ គឺជាការគិតខុស»។
ក្នុងពេលមិនមានសកម្មភាពផ្លូវច្បាប់ណាមួយធ្វើឡើងនោះ លោក Tom Buerkle បាននិយាយថា អ្នកដែលយើងគួរសរសើរចំពោះការដែលធ្វើឲ្យសេដ្ឋកិច្ចរីកចម្រើនក្នុងកម្រិតថេរនោះ គឺធនាគារកណ្ដាលសហរដ្ឋអាមេរិក។
លោក Tom Buerkle បានលើកឡើងយ៉ាងដូច្នេះថា៖ «ភាគច្រើននៃរយៈពេល ៨ ឆ្នាំ កន្លងមកនេះ ធនាគារកណ្ដាលសហរដ្ឋអាមេរិកបានដើរតួជាអ្នកធ្វើគោលនយោបាយសេដ្ឋកិច្ចដ៏ចម្បងនៅក្នុងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ហើយការរីកចម្រើនសេដ្ឋកិច្ចកន្លងមកនេះ ទោះបីជាមិនអស្ចារ្យខ្លាំងក្លាក៏ដោយ ក៏វាមានការរីកចម្រើននៅក្នុងកម្រិតមួយថេរដែរ»។
ប្រសិនបើសេដ្ឋកិច្ចសហរដ្ឋអាមេរិកនៅតែមានការរីកចម្រើនក្នុងកម្រិតមួយថេរដូចនេះ ដូចដែលអ្វីដែលធនាគារកណ្ដាលសហរដ្ឋអាមេរិកបានជឿជាក់ នោះគេរំពឹងថានឹងមានការកើនអត្រាការប្រាក់ជាបន្តបន្ទាប់បន្ថែមទៀតនៅថ្ងៃអនាគត និងមានការធ្លាក់ចុះនូវផលប័ត្រនៃប័ណ្ណខ្ចីប្រាក់ និងការបញ្ចាំផ្សេងៗដ៏ស្មុគស្មាញរបស់ធនាគារកណ្ដាលសហរដ្ឋអាមេរិក ដែលកន្លងមកបានជួយធ្វើឲ្យអត្រាការប្រាក់របស់សហរដ្ឋអាមេរិកស្ថិតនៅទាបមិនដែលមានពីមុនមក៕
ប្រែសម្រួលដោយ ភី សុភាដា