មូលនិធិរូបិយប័ណ្ណអន្តរជាតិហៅកាត់ថា IMF បានកាត់បន្ថយទស្សនៈវិស័យសម្រាប់កំណើនសេដ្ឋកិច្ចរបស់អាមេរិក ខណៈមានភាពមិនប្រាកដប្រជាមួយចំនួនអំពីគោលនយោបាយសេដ្ឋកិច្ចរបស់លោកប្រធានាធិបតី Donald Trump។
ការព្យាករណ៍របស់ IMF បានឲ្យដឹងថា សេដ្ឋកិច្ចដ៏ធំជាងគេនៅក្នុងពិភពលោកមួយនេះនឹងកើនឡើងអត្រាប្រចាំឆ្នាំ ២,១ ភាគរយក្នុងឆ្នាំនេះ។ កំណើននេះគឺប្រសើរជាងឆ្នាំមុន ប៉ុន្តែតិចជាងកម្រិតដែល IMF បានព្យាករណ៍កាលពីមុន ហើយក៏តិចជាងអត្រាកំណើន៣ភាគរយ ដែលបានសន្យាដោយលោក Trump ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតដើម្បីប្រជែងយកតំណែងជាប្រធានាធិបតីរបស់លោកផងដែរ។
IMF បានឲ្យដឹងថា ទស្សនវិស័យរបស់ខ្លួនកាលពីមុនសម្រាប់កំណើនសេដ្ឋកិច្ចគឺផ្អែកទៅលើការសន្យារបស់លោក Trump ក្នុងការកាត់បន្ថយពន្ធនិងបទបញ្ញត្តិនិងបង្កើនការចំណាយទៅលើហេដ្ឋារចនាសម្ព័ន្ធដើម្បីជួយដល់ការពង្រីកសេដ្ឋកិច្ច។ ប៉ុន្តែអ្នកជំនាញខាងផ្តល់ប្រាក់កម្ចីឥឡូវនេះនិយាយថា ពួកគេអាចសិក្សាព័ត៌មានលម្អិតតិចតួចពេកទៅលើគោលនយោបាយទាំងនេះ តាមរយៈការពិភាក្សាជាមួយនឹងមន្ត្រីអាមេរិក។
ការវាយតម្លៃរបស់ IMF បង្ហាញថា សេដ្ឋកិច្ចអាមេរិកកំពុងជួបការលំបាកក្នុងការសម្របទៅនឹងកំណើនផលិតកម្មទាប ការប្រែប្រួលបច្ចេកវិទ្យា ដែលធ្វើឲ្យប៉ះពាល់ដល់ទីផ្សារពលកម្ម និងចំនួនប្រជាជនដែលមានវ័យចាស់។ ការប្រែប្រួលសេដ្ឋកិច្ចនេះមានន័យថា ក្រុមគ្រួសារអាមេរិកពាក់កណ្តាលមានប្រាក់ចំណូលទាបជាងកាលពីឆ្នាំ២០០០ ហើយសេដ្ឋកិច្ចមិនអាចធ្វើឲ្យមានកំណើនប្រាក់ចំណូលទូលំទូលាយនោះទេ៕