ក្រុមហ៊ុនអាមេរិកាំងមួយចំនួនបានរិះគន់សេចក្តីសម្រេចរបស់លោកប្រធានាធិបតីដូណាល់ ត្រាំ ក្នុងការដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីអាកាសធាតុ។ ទោះជាយ៉ាងណាក្តី ក្រុមហ៊ុនធ្យូងថ្មមួយចំនួននៅតែគាំទ្រចំណាត់ការរបស់លោកប្រធានាធិបតី។
ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ និយាយថា កិច្ចព្រមព្រៀងក្រុងប៉ារីសស្តីពីអាកាសធាតុប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចអាមេរិក ធ្វើឲ្យពលរដ្ឋអាមេរិកបាត់បង់ការងារ ប៉ះពាល់ដល់ប្រាក់កម្រៃ ធ្វើឲ្យរោងចក្រនានាបិទទ្វារ និងធ្វើឲ្យក្រុមហ៊ុនអាមេរិកាំងចាញ់ប្រៀបគេ។ លោកប្រធានាធិបតីបានមានប្រសាសន៍ថា៖
«ការសម្របជាមួយនឹងលក្ខន្តិកៈនៃកិច្ចព្រមព្រៀងក្រុងប៉ារីសស្តីពីអាកាសធាតុនិងការដាក់កំហិតដ៏ញាំញីនានាលើការប្រើប្រាស់ថាមពលទូទៅ លើសហរដ្ឋអាមេរិក អាចធ្វើឲ្យបាត់បង់ការងារពលរដ្ឋអាមេរិកាំងរហូតដល់ទៅ ២,៧ លាននាក់ នៅត្រឹមឆ្នាំ ២០២៥»។
ទោះជាយ៉ាងណាក្តី ក្រុមហ៊ុនធ្យូងថ្មនានានៅសហរដ្ឋអាមេរិកបានគាំទ្រសេចក្តីសម្រេចរបស់លោកប្រធានាធិបតីត្រាំ។
ក្រុមហ៊ុន Peabody Coal និយាយថា កិច្ចព្រមព្រៀងស្តីពីអាកាសធាតុនឹងប៉ះពាល់ដល់សេដ្ឋកិច្ចអាមេរិក តាមរយៈការបង្កើនតម្លៃអគ្គិសនី។ ចំណែកឯក្រុមហ៊ុន Murray Energy និយាយថា ចំណាត់ការរបស់លោកត្រាំនឹងជួយរក្សាការងារក្នុងវិស័យរ៉ែធ្យូងថ្ម និងលើកកម្ពស់តម្លៃអគ្គិសនីទាប។
ក្រុមអ្នកគាំទ្រកិច្ចព្រមព្រៀងស្តីពីអាកាសធាតុនិយាយថា នឹងមានការងារកើនឡើងក្នុងវិស័យថាមពលស្អាត ច្រើនជាងការងារបាត់បង់នៅតាមក្រុមហ៊ុនផូស៊ីលឥន្ធនៈ។
លោក Andrew Light អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់ នៃវិទ្យាស្ថានសិក្សាពីធនធានធម្មជាតិលើពិភពលោក និយាយថា៖
«ប្រសិនបើអ្នកពិនិត្យមើលសេដ្ឋកិច្ចអាមេរិកនៅពេលនេះ យើងមានមនុស្សបីលាននាក់នៅសហរដ្ឋអាមេរិក ដែលមានការងារធ្វើ នៅក្នុងវិស័យថាមពលផលិតឡើងវិញ បាន ដែលវិស័យនេះជាផ្នែកទីផ្សារថាមពលកំពុងរីកលូតលាស់ឆាប់រហ័សបំផុតមួយ និងមានចំនួនអ្នកធ្វើការច្រើនជាង ចំនួនអ្នកធ្វើការក្នុងវិស័យឧស្ម័នធម្មជាតិ ឬធ្យូងថ្ម ឬប្រេង»។
ក្រុមអ្នកជំនាញក្នុងវិស័យថាមពលផលិតឡើងវិញបាន និយាយថា គ្រឿងសម្ភារៈកំពុងតែផ្តល់ផលិតភាពខ្ពស់ជាងមុន និងមានតម្លៃទាបជាងមុន។
លោក Amit Rosen សាស្រ្តាចារ្យនៅសាកលវិទ្យាល័យ George Washington ថ្លែងថា៖
«ពីមុនមក មនុស្សមិនសូវយកចិត្តទុកដាក់លើថាមពលផលិតឡើងវិញបានទេ ពីព្រោះក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ វាជាការដោះដូរគ្នារវាងសេដ្ឋកិច្ច និងបរិស្ថាន។ តែឥឡូវនេះ វាជារឿងផ្តល់ប្រយោជន៍សងខាង»។
នាយកប្រតិបតិ្តក្រុមហ៊ុន General Electric លោក Jeff Immelt និងនាយកប្រតិបត្តិក្រុមហ៊ុន Tesla និងក្រុមហ៊ុន Space-X លោក Elon Musk ស្ថិតក្នុងចំណោមថ្នាក់ដឹកនាំក្រុមហ៊ុនធំៗ ដែលបានរិះគន់សេចក្តីសម្រេចរបស់លោកប្រធានាធិបតីត្រាំ។ លោក Musk បានលាលែងពីតំណែងជា សមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ចរបស់សេតវិមាន បន្ទាប់ពីការចេញសេចក្តីសម្រេចរបស់លោកត្រាំ។
ក្រុមហ៊ុនអាមេរិកាំងមួយចំនួន ដែលក្នុងនោះរួមមានក្រុមហ៊ុន Mars ក្រុមហ៊ុន Nikeក្រុមហ៊ុន Levi Strauss និងក្រុមហ៊ុន Starbucks បានចុះហត្ថលេខាលើលិខិតមួយទៅកាន់លោកត្រាំ ដោយអះអាងថា ការខកខានក្នុងការបង្កើតជាសេដ្ឋកិច្ចមួយដែលមានការប្រើប្រាស់កាបូនក្នុងកម្រិតទាប បង្ក «ហានិភ័យដល់ភាពស្តុកស្តម្ភរបស់សហរដ្ឋអាមេរិក»។
ក្រុមហ៊ុនប្រេងនានា ដូចជា ក្រុមហ៊ុន Chevron និងក្រុមហ៊ុន Exxon Mobil ដែលជាគូប្រជែង នាពេលថ្មីៗនេះ បានអះអាងថា កិច្ចព្រមព្រៀងក្រុងប៉ារីសស្តីពីអាកាសធាតុ បានផ្តល់ឲ្យពួកគេនូវអនាគតមួយដែលប្រាកដប្រជាជាងមុន។
ក្រុមអ្នកកាន់ភាគហ៊ុននៅក្រុមហ៊ុន Exxon Mobil បានធ្វើសេចក្តីសម្រេចតាមរយៈការបោះឆ្នោត ដោយតម្រូវឲ្យក្រុមហ៊ុនប្រេងដ៏មហិមាមួយនេះ វាយតម្លៃបន្ថែមលើហានិភ័យផ្នែកអាជីវកម្ម ពីការប្រែប្រួលអាកាសធាតុ និងចែករំលែកព័ត៌មាននោះជាមួយនឹងអ្នកវិនិយោគ៕
ប្រែសម្រួលដោយ ប៉ូច រាសី