ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចំនួន​សន្លឹក​ឆ្នោត​បោះ​មុន​កាល​កំណត់​​កើន​លើស​ចំនួន​​កាល​ពី​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ​២០១៦


ពលរដ្ឋ​អាមេរិកាំង​ម្នាក់​ទៅ​បោះឆ្នោត​មុន​ថ្ងៃ​បោះឆ្នោត​​ប្រធានាធិបតី​អាមេរិក​មក​ដល់ នៅ​ក្រុង Urbandale រដ្ឋ Iowa ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០។

ទី​ភ្នាក់ងារ​ព័ត៌មាន AP បាន​រាយការណ៍​ថា នៅ​៨ថ្ងៃមុន​ថ្ងៃ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ផ្លូវការ​នៅ​ថ្ងៃ​ទី៣ ខែ​វិច្ឆិកា​នោះ​ ​មាន​អ្នក​បោះឆ្នោត​អាមេរិក​ជា​ច្រើន​អ្នក​ បាន​បោះ​ឆ្នោត​រួច​ហើយ​មុន​ថ្ងៃ​កំណត់​ឬបោះឆ្នោតផ្ញើ​តាម​ប្រៃសណីយ៍​ ក្នុង​ចំនួន​ច្រើន​ជាង​ចំនួន​ក្នុង​ការ​បោះ​ឆ្នោត​ដូច​គ្នា​នេះ​ក្នុង​ឆ្នាំ​២០១៦​ ខណៈ​ពេល​ដែល​ការ​បោះឆ្នោត​ដោយ​ផ្ទាល់​មុន​ថ្ងៃ​កំណត់ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​រដ្ឋ​ធំៗ​មួយ​ចំនួន ដែល​មាន​ពលរដ្ឋ​ចេញ​ទៅ​បោះ​ឆ្នោត​ក្នុង​ចំនួន​ជា​ច្រើនក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​។

​ការ​បើកការិយាល័យ​បោះឆ្នោត​មុន​ពេល​កំណត់​ក្នុង​ទីតាំង​មួយ​ចំនួន ក្នុង​រដ្ឋ Floridaរដ្ឋ Texas​ និង​រដ្ឋ​មួយ​ចំនួន​ជា​ច្រើន​ទៀត​ បាន​បង្កើន​ចំនួន​សន្លឹកថ្មីៗ​រាប់​លាន​សន្លឹក​ត្រូវ​បាន​បោះ​ហើយ​ បន្ថែម​ពី​លើ​ចំនួន​សន្លឹក​ឆ្នោត​ដែល​ត្រូវ​បានផ្ញើ​តាម​ប្រៃសណីយ៍​នោះ​ ដោយ​អ្នក​បោះ​ឆ្នោត​ជា​ច្រើន​ បាន​ព្យាយាមជៀស​វាង​ ខ្លាច​មាន​ការ​ប្រជ្រៀតគ្នា​ នៅ​ថ្ងៃ​បោះ​ឆ្នោត ​៣ ​វិច្ឆិកា​ ខាង​មុខ​នេះ​ ក្នុង​អំឡុង​ពេល​នៃ​ជំងឺ​រាតត្បាតជំងឺ​កូវីដ១៩​នោះ។

​យោង​តាម​មន្រ្តី​បោះ​ឆ្នោត​មូលដ្ឋាន​ មាន​សន្លឹក​ឆ្នោត​ប្រមាណ​៥៨,៦​លាន​សន្លឹក​ត្រូវ​បាន​បោះ​រួច​ហើយ​រហូត​មក​ដល់​ពេល​នេះ​ ដែល​ចំនួននេះ​ច្រើន​ជាង​ចំនួន៥៨​លាន​ដែល​ទី​ភ្នាក់ងារ​ព័ត៌មាន AP បាន​កត់​ត្រា​ក្នុង​ការ​បោះ​ឆ្នោត​តាម​ប្រៃសណីយ៍​ឬ​ដោយ​ផ្ទាល់ក្នុង​ការ​បោះឆ្នោត​មុន​កាលកំណត់​ក្នុង​ឆ្នាំ​២០១៦​នោះ។

នៅ​ក្នុងការ​បោះឆ្នោតមុនកាល​កំណត់​នេះ ដំបូង​ឡើយ​គេ​ឃើញ​ក្រុម​អ្នក​បោះឆ្នោត​គាំទ្រគណបក្សប្រជាធិបតេយ្យ​មាន​ចំនួន​ច្រើន​ខ្លាំង​ ប៉ុន្តែ​ចំនួន​អ្នក​បោះឆ្នោត​គាំទ្រ​គណបក្ស​សាធារណរដ្ឋនៅ​ពេល​នេះបានតាម​ប្រកិតៗ​ពី​ក្រោយ​ ដោយ​ពួក​គេ​បានចាប់​ផ្តើម​ចេញ​ទៅបោះ​ឆ្នោត​ដោយ​ផ្ទាល់​ក្នុង​ការ​បោះ​ឆ្នោត​លឿន​មុន​កាល​កំណត់។ នេះជា​សញ្ញា​ដែល​ថា​ ពួក​គេ​ធ្វើ​តាម​ការ​អំពាវនាវ​របស់​លោក​ប្រធានាធិបតី Donald Trump ដែល​ធ្លាប់​បាន​ព្រមាន​ដោយ​មិន​មានភស្តុតាង​ថា​ ការបោះ​ឆ្នោត​តាម​ប្រអប់​សំបុត្រ​ប្រៃសណីយ៍​ អាច​មាន​ការលួ​ចបន្លំ​នោះ។

កាល​ពី​ថ្ងៃ​ទី​១៥ ខែ​តុលា ៥១%​នៃ​ចំនួន​សន្លឹក​ឆ្នោត​បោះ​រួច គឺ​បោះ​ដោយ​អ្នក​បោះឆ្នោត​ដែល​បាន​ចុះ​ឈ្មោះ​ជា​អ្នក​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាធិបតេយ្យ ខណៈ​អ្នក​បោះឆ្នោត​ឲ្យ​គណបក្ស​សាធារណរដ្ឋ​មាន​២៥%។ ប៉ុន្តែ​មក​ត្រឹម​ថ្ងៃ​អាទិត្យ​ទី​២៥ ខែ​តុលា ចំនួនបោះឆ្នោត​ឲ្យ​គណបក្ស​សាធារណរដ្ឋ​ដែល​បាន​បោះរួច​បាន​កើន​ដល់​៣១% ធៀប​នឹង​អ្នកបោះឆ្នោត​ខាង​បក្សប្រជាធិបតេយ្យ​៥១%៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG