ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានរៀបចំការជួបជុំឃោសនាបោះឆ្នោតទ្រង់ទ្រាយធំនៅរដ្ឋ North Carolina រដ្ឋ Ohio និងរដ្ឋ Wisconsin កាលពីថ្ងៃសៅរ៍ម្សិលមិញ។ ចំណែកឯគូប្រជែងរបស់លោកគឺលោក Joe Biden បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យវិញ បានផ្ដោតតែលើរដ្ឋ Pennsylvania ប៉ុណ្ណោះ ដែលនៅទីនោះ លោកបានរៀបចំការជួបជុំឃោសនាបោះឆ្នោតពីរកន្លែង។
លោក Trump បានវាយប្រហារលើគណបក្សប្រជាធិបតេយ្យនិងប្រព័ន្ធផ្សព្វផ្សាយថាបានបន្តផ្ដោតលើវិបត្តិជំងឺកូវីដ១៩ ដោយបានចោទប្រកាន់ពួកគេថាបានបង្វែរចេញពីអ្វីដែលលោកហៅថាជារឿងអាស្រូវពាក់ព័ន្ធនឹងលោក Biden និងកូនប្រុសរបស់លោក Biden ឈ្មោះ Hunter។
លោក Trump បានថ្លែងនៅក្នុងការជួបជុំលើកទី ២ របស់លោកនៅក្នុងទីក្រុង Circleville រដ្ឋ Ohio ថា៖ «ពួកគេព្យាយាមលាក់រឿងពុករលួយទាំងនេះអំពីក្រុមគ្រួសាររបស់លោក Biden»។
នៅពេលដែលអ្នកកាសែតសួរនៅក្នុងទីក្រុង Columbus រដ្ឋ Ohio អំពីការកើនឡើងករណីឆ្លងជំងឺកូវីដ១៩ លោក Trump បានឆ្លើយថា៖ «អ្នកប្រើពាក្យ «ករណីឆ្លង» ដោយសារតែអ្នកព្យាយាមបន្លាចប្រជាពលរដ្ឋ។ កុំបន្លាចប្រជាពលរដ្ឋ»។
មុនពេលបង្ហាញខ្លួននៅក្នុងពិធីជួបជុំនោះ លោក Trump បានបោះឆ្នោតមុនថ្ងៃបោះឆ្នោតឲ្យខ្លួនលោកនៅក្នុងរដ្ឋ Florida ដែលជារដ្ឋកន្លែងរស់នៅរបស់លោក។
ចំណែកឯលោក Biden វិញ នៅក្នុងព្រឹត្តិការណ៍ឃោសនាបោះឆ្នោតរបស់លោកក្នុងទីក្រុង Dallas រដ្ឋ Pennsylvania កាលពីថ្ងៃសៅរ៍ លោកបាននិយាយថា៖ «ម្សិលមិញគឺជាថ្ងៃដ៏អាក្រក់បំផុត» ទាក់ទិននឹងករណីឆ្លងជំងឺកូវីដ១៩ ហើយថា លោក Trump «មិនបានធ្វើអ្វីទាំងអស់»។
លោក Biden បានបន្ថែមថា៖ «លោក Donald Trump មិនបានធ្វើតាមការសន្យារបស់ខ្លួននោះទេ»។
ទោះបីជាថ្ងៃបោះឆ្នោតនឹងចូលមកដល់ក្នុងពេលមិនដល់ពីរសប្ដាហ៍ទៀតក៏ដោយ ក៏មនុស្សជាង ៥៧ លាននាក់បានបោះឆ្នោតមុនថ្ងៃបោះឆ្នោតរួចហើយ។ មនុស្សប្រហែល ១០០ លាននាក់ទៀត ត្រូវគេរំពឹងថានឹងបោះឆ្នោត សម្រាប់ការបោះឆ្នោតលើកនេះ។
ការស្ទង់មតិទូទាំងប្រទេសភាគច្រើនកន្លងមកបង្ហាញថា លោក Biden នាំមុខលោក Trump ច្រើនគួរសម និងនាំមុខតិចតួចនៅតាមបណ្ដារដ្ឋដែលមានការប្រជែងខ្លាំងមួយចំនួនដែលគេរំពឹងថានឹងអាចជះឥទ្ធិពលដល់លទ្ធផលនៃការបោះឆ្នោតបាន៕