ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump និង​លោក Biden ជជែក​ដេញដោល​គ្នា​លើក​ចុងក្រោយ​មុនពេល​ការបោះឆ្នោត​ប្រធានាធិបតី​ថ្ងៃ​ទី៣ ខែ​វិច្ឆិកា


មនុស្សម្នាមើល​តាមកញ្ចក់​ទូរទស្សន៍​នៅឯ​មជ្ឈមណ្ឌលFort Mason Center ក្នុង​ទីក្រុងSan Francisco នូវ​ការជជែក​ដេញដោល​រវាង​លោក​ប្រធានាធិបតី Donald Trump (ឆ្វេង) និង​លោក Joe Biden ដែល​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ កាលពី​យប់​ថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២០។
មនុស្សម្នាមើល​តាមកញ្ចក់​ទូរទស្សន៍​នៅឯ​មជ្ឈមណ្ឌលFort Mason Center ក្នុង​ទីក្រុងSan Francisco នូវ​ការជជែក​ដេញដោល​រវាង​លោក​ប្រធានាធិបតី Donald Trump (ឆ្វេង) និង​លោក Joe Biden ដែល​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ កាលពី​យប់​ថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២០។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ខាង​គណបក្ស​សាធារណរដ្ឋ​លោក Donald Trump និង​គូ​ប្រជែង​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោក Joe Biden បានចូលរួម​ក្នុង​ការជជែក​ដេញដោល​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ​មុន​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​ថ្ងៃ​ទី៣ ខែ​វិច្ឆិកា ដោយបាន​បង្ហាញ​នូវ​ទស្សនៈ​ផ្ទុយ​គ្នា​យ៉ាង​ខ្លាំង ​អំពី​ការដឹកនាំ​ប្រទេស​ក្នុង​រយៈពេល​៤ឆ្នាំ​ខាង​មុខ។

ក្នុង​ការជជែក​ដេញដោល​រយៈពេល​៩០​នាទី បេក្ខជន​ទាំង២​ បាន​រិះគន់​ជំហរ​របស់​គ្នា​ទៅវិញ​ទៅមក ​ស្តីពី​ការត្រួតត្រា​វីរុសកូរ៉ូណា​ និង​ការទប់ស្កាត់​ការបន្ត​ស្លាប់​របស់​មនុស្ស​ជាង​២សែន​ ២ម៉ឺន ​២ពាន់​នាក់ ​ក្នុង​សហរដ្ឋ​អាមេរិក​ ដែល​ជា​ចំនួន​ច្រើន​ជាងគេ​ក្នុង​ពិភពលោក។ បេក្ខជន​ទាំង២ បាន​ជជែក​អំពី​ការថែទាំ​សុខភាព​ ប្រាក់​ឈ្នួល​សម្រាប់​កម្មករ​ដែល​មាន​ប្រាក់​ចំណូល​ទាប អំពើ​ឧក្រិដ្ឋកម្ម ទំនាក់​ទំនង​ជាតិ​សាសន៍​នៅ​សហរដ្ឋ​អាមេរិក ការប្រែប្រួល​អាកាសធាតុ​ និង​ការដឹកនាំ​នៅ​ក្នុង​សេតវិមាន។

នៅ​ទីបញ្ចប់ លោក Trump បាន​ថ្លែងថា លោក​សាកសមកាន់​ដំណែង​ជា​ប្រធានាធិបតីអាណត្តិ​ទី២​នៅ​សេតវិមាន​ ពីព្រោះតែ«ជោគជ័យនឹងបង្រួប​បង្រួម​យើង​ទាំងអស់​គ្នា។ យើង​មាន​សេដ្ឋកិច្ច​ដ៏​ល្អ​បំផុត» មុន​ការរាតត្បាត​វីរុស​កូរ៉ូណា​នៅ​ក្នុង​ប្រទេស​នៅ​ដើម​ឆ្នាំ២០២០ ហើយ​ថា​ លោក​នឹង​ស្តារ​សេដ្ឋកិច្ច​សហរដ្ឋ​អា​មេរិក​ឡើង​វិញ។

ក៏ប៉ុន្តែ​លោកបាន​អះអាង​ថា បើ​លោក Biden ឈ្នះ​ឆ្នោត «យើងនឹង​មាន​ការធ្លាក់​ចុះ​សេដ្ឋកិច្ច​ដែល​គេ​មិន​ដែល​បាន​ធ្លាប់​ឃើញ»។

លោក Biden ដែល​បាន​ស្ថិត​នៅ​លើ​ឆាក​នយោបាយ​សហរដ្ឋ​អាមេរិក​ជិត​កន្លះ​សតវត្សរ៍​ជា​សមាជិក​ព្រឹទ្ធសភា​ និង​អនុប្រធានាធិបតី​របស់​អតីត​ប្រធានាធិបតី លោក Barack Obama បាន​រិះគន់លោកប្រធានាធិបតី Trump ម្តង​ហើយ​ម្តង​ទៀត​ថា ដឹកនាំ​ប្រទេស​ខុស មិន​ខ្វល់ខ្វាយ​និងភាព​ច្របូក​ច្របល់ ហើយ​លោក​សន្យា​បង្រួប​បង្រួម​ប្រទេស​ឡើង​វិញ​ បើសិនជា​លោក​ជាប់ឆ្នោត៕

ថ្វីបើមាន​ការរិះគន់​គ្នា​ខ្លាំងៗ​ទៅវិញ​ទៅមក​ក៏ដោយ ការជជែក​ដេញដោល​របស់បេក្ខជន​ទាំង​២ ជា​លើកទី២ ​និង​ជា​លើក​ចុង​ក្រោយ​ដែល​ធ្វើឡើង​១២​ថ្ងៃ​ទៀតមុន​ថ្ងៃ​បោះឆ្នោត មាន​ភាព​រម្យទម​ជាងមុន ហើយ​មិនមាន​ភាព​ជូរចត់​ដូច​ការជជែក​ដេញ​ដោល​លើក​ទី១​ នៅពេល​ដែល​បេក្ខជន​ទាំង២ ប្រឈម​មុខ​គ្នា​នៅលើ​ឆាក​ជជែក​ដេញដោល​កាលពី​ចុងខែ​កញ្ញាទេ៕

XS
SM
MD
LG