កាលពីថ្ងៃសុក្រ ការវាយប្រហារមួយដែលត្រូវបានគេសង្ស័យថា ជាការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកបានបណ្តាលឱ្យជនសកម្មប្រយុទ្ធរដ្ឋឥស្លាមយ៉ាងតិចណាស់១៧នាក់ស្លាប់នៅក្នុងប៉ែកខាងកើតនៃប្រទេសអាហ្វហ្គានីស្ថាន ក្នុងរយៈពេលខ្លីក្រោយពីពួកជនសកម្មប្រយុទ្ធជ្រុលនិយមនេះបានកាត់ក្បាលមនុស្ស៧នាក់នៅក្នុងតំបន់ដដែលនោះ។
ក្រុមមន្ត្រី និងក្រុមអ្នកស្រុកបាននិយាយថា អំពើហិង្សានេះបានកើតមានឡើងនៅក្នុងស្រុក Achin ដាច់ស្រយាលនៃខេត្ត Nangarhar ដែលមានព្រំដែនជាប់ជាមួយប្រទេសប៉ាគីស្ថាន។ ស្រុកនេះជាកន្លែងដែលពួករដ្ឋឥស្លាមកំពុងមានកម្លាំងខ្លាំងឡើងៗ។
លោក Ataullah Khogyani អ្នកនាំពាក្យនៃអភិបាលខេត្តនេះបាននិយាយប្រាប់ VOA ថា ពួកបះបោរតាលីបង់៦នាក់ស្ថិតនៅក្នុងចំណោមពួកជនដែលបានត្រូវកាត់ក្បាលដោយពួក Daesh ដែលជាពាក្យជាភាសាអារ៉ាប់សម្រាប់សម្គាល់ពួករដ្ឋឥស្លាម។ នៅពេលកំពុងមានការប្រហារជីវិតនោះ លោកបាននិយាយថាមានយន្តហោះស.រ.អា.គ្មានមនុស្សបើកមួយគ្រឿងបានហោះនៅពីលើតំបន់ដដែលនោះ ហើយបានបាញ់កាំជ្រួចមីស៊ីលដែលបានសម្លាប់ពួកយុទ្ធជន Daesh ១៧នាក់ដោយមានរួមបញ្ចូលទាំងមេបញ្ជាការសំខាន់ៗមួយចំនួនផងដែរ។ប្រភពព័ត៌មានបាននិយាយប្រាប់ VOA ថា ការកាត់ក្បាលជនទាំងនេះបានប្រព្រឹត្តទៅនៅពេលរសៀលក្នុងរយៈពេលខ្លីក្រោយការសូត្រធម៌កាលពីថ្ងៃសុក្រនៅចំពោះមុខក្រុមអ្នកស្រុក។ ការរៀបរាប់ទាំងនេះចែងថា សមាជិកម្នាក់នៃកងទ័ពជាតិរបស់អាហ្វហ្គានីស្ថានជាជនរងគ្រោះម្នាក់នៃការប្រហារជីវិតនេះដែរ។ លោក Khogyani មិនបានបញ្ជាក់ថាពិតអំពីសេចក្តីលម្អិតនេះទេ៕