ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​ការពារ​ជាតិ​អាមេរិក​ថា កងទ័ព​រុស្ស៊ី​ចូល​ទៅក្នុង​មូលដ្ឋាន​យោធា​អាមេរិក​ក្នុង​ប្រទេស​នីហ្សេ


រូបឯកសារ៖ ទង់ជាតិ​សហរដ្ឋ​អាមេរិក​និង​ទង់ជាតិ​របស់​ប្រទេស​នីហ្សេ​ត្រូវបាន​ដាក់​នៅ​មូលដ្ឋាន​ទ័ព​អាកាស​នីហ្សេ​ ២០១ នៅ​ក្រុង Agadez ប្រទេសនីហ្សេ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨។
រូបឯកសារ៖ ទង់ជាតិ​សហរដ្ឋ​អាមេរិក​និង​ទង់ជាតិ​របស់​ប្រទេស​នីហ្សេ​ត្រូវបាន​ដាក់​នៅ​មូលដ្ឋាន​ទ័ព​អាកាស​នីហ្សេ​ ២០១ នៅ​ក្រុង Agadez ប្រទេសនីហ្សេ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨។

កងយោធារុស្ស៊ី​បាន​ចូលទៅ​ក្នុង​ទីតាំង​មូលដ្ឋាន​កងទ័ព​អាកាស​មួយ​កន្លែង​ក្នុង​ប្រទេស​នីហ្សេ​ដែលជា​កន្លែង​ដែល​កងទ័ព​អាមេរិក​កំពុង​ឈរជើង​នៅ​ទី​នោះ។ នេះ​បើ​តាម​ការឱ្យ​ដឹង​របស់មន្ត្រី​ការពារជាតិ​ជាន់ខ្ពស់​អាមេរិក​ម្នាក់ ​ដែល​បាន​ប្រាប់​ទី​ភ្នាក់ងារ​សារព័ត៌មាន Reuters ដែល​នេះ​ជា​សកម្មភាព​មួយ ក្រោយ​ពីរបប​សឹកប្រទេស​នីហ្សេ​បានសម្រេច​ចិត្ត​បណ្តេញកងយោធា​អាមេរិក​ចេញ​ពី​ប្រទេស​នេះ។ នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

ក្រុមមន្ត្រី​យោធា​នីហ្សេ​ដែល​កំពុង​កាន់កាប់ប្រទេសនៅ​ទ្វីប​អាហ្រ្វិក​ខាង​លិច​មួយ​នេះ​ បាន​ប្រាប់ឱ្យ​អាមេរិក​ដក​កងទាហាន​របស់​ខ្លួនប្រមាណ​ជិត ១.០០០ នាក់ ​ចេញពី​ប្រទេស​នេះ​ ដែល​កាល​ពី​មុន​រដ្ឋប្រហារ​យោធា​កាល​ពី​ឆ្នាំទៅ​ធ្លាប់ធ្វើ​ជា​ដៃគូ​ដ៏​សំខាន់មួយ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ប្រឆាំង​នឹង​ក្រុមបះបោរ​ ដែល​បាន​សម្លាប់មនុស្ស​អស់​ជា​ច្រើន​ពាន់​នាក់ ​និង​ធ្វើ​ឱ្យ​មានការ​បម្លាស់​ទី​ពលរដ្ឋ​ជាច្រើន​លាន​នាក់ផ្សេងទៀត​។

មន្ត្រី​ការពារ​ជាតិ​អាមេរិក​ជាន់​ខ្ពស់​រូប​នេះ​ ដែល​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញឈ្មោះ​ថា​ កងទ័ព​រុស្ស៊ី​មិន​បាន​មក​ក្បែរ​កងទ័ព​អាមេរិកនោះ​ឡើយ​ ប៉ុន្តែ​បាន​ប្រើប្រាស់​ទី​តាំង​អគារ​ដាក់យន្តហោះ​មួយ​ផ្សេង​ទៀត​ នៅ​ព្រលាន​យន្តហោះ​ទ័ពអាកាស​ ១០១ ​ដែល​នៅ​ជាប់​នឹង​អាកាសយាន្តដ្ឋាន​អន្តរជាតិ Diori Hamani ក្នុង​រដ្ឋធានី​នីញ៉ាម៉េនៃប្រទេស​នីហ្សេ។

សកម្មភាព​របស់​កងយោធា​រុស្ស៊ី​ទាំង​នេះ ​ដែលត្រូវ​បាន​ផ្សព្វផ្សាយ​មុន​គេ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ​នោះ ​បាន​ដាក់​កងយោធាអាមេរិកនិង​រុស្ស៊ី​នៅ​ជិត​គ្នាបំផុត​ នៅ​ពេល​ដែលគូប្រជែងខាង​ការទូត​និងយោធា​នៃប្រទេសទាំង​ពីរ​កំពុង​បង្កើនភាព​ជូរចត់​ជា​មួយ​គ្នា ​ជុំវិញជម្លោះ​ក្នុង​ប្រទេស​អ៊ុយក្រែន​។

វា​ក៏​បាន​បង្កើតនូវ​សំណួរ​ជា​ច្រើនពី​ជោគវាសនានៃ​ទី​តាំង​យោធា​អាមេរិក​ក្នុង​ប្រទេស​នីហ្សេ ​បន្ទាប់​ពី​អាមេរិក​ត្រូវ​ដក​កងទ័ព​ចេញ​ពី​ប្រទេស​នេះ។

មន្ត្រី​អាមេរិក​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​រូបនោះ​បន្ត​ទៀត​ថា​«ស្ថានភាព​នេះ​មិន​ល្អទាល់​តែ​សោះ​ ​ប៉ុន្តែ​អាច​គ្រប់គ្រង​បាន​ក្នុង​រយៈពេល​ខ្លី​»។ ​

នៅ​ពេល​សួរពី​របាយការណ៍ព័ត៌មានដែល​ចេញ​ផ្សាយ​ដោយ​ទី​ភ្នាក់ងារ​សារព័ត៌មា Reuters នោះ​ រដ្ឋមន្ត្រីការពារ​ជាតិ​អាមេរិក​លោក Lloyd Austin បានចាត់ទុកថា​មិនមាន​ហានិភ័យអ្វី​ខ្លាំង​ទេ​ សម្រាប់កងទ័ព​អាមេរិក​នៅ​ទី​នោះ​ ​ឬ​ក៏​ឱកាស​ដែល​កងទ័ពរុស្ស៊ី​អាច​ទៅ​កាន់តែ​គៀក​នឹង​គ្រឿង​ឧបករណ៍យោធា​ធន់ធ្ងន់​របស់​អាមេរិក។

លោក Lloyd Austin បាន​ប្រាប់​សន្និសីទ​កាសែត​ក្នុង​ទីក្រុង​ហូណូលូលូ រដ្ឋហាវ៉ៃ​ថា​៖ «កងទ័ព​រុស្ស៊ី​ស្ថិត​នៅ​ក្នុង​បរិវេណ​មួយ​ដាច់ដោយឡែក​ និង​មិន​អាច​ចូល​ទៅ​ដល់​កន្លែង​កងទ័ព​អាមេរិកកំពុង​ឈរជើង​ឬ​ឧបករណ៍យោធា​របស់​យើង​ឡើយ»៕

XS
SM
MD
LG