ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​តាមដាន​​បារម្ភ​​ពី​លទ្ធភាព​នៃ​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​របស់​សហ​ភាព​អឺរ៉ុប​លើ​កម្ពុជា


នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បោះឆ្នោតនៅមណ្ឌលបោះឆ្នោតក្នុងខេត្តកណ្តាល សម្រាប់ការបោះឆ្នោតជាតិអាណត្តិទី ៧ នាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣។ (Photo by TANG CHHIN SOTHY / AFP)
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បោះឆ្នោតនៅមណ្ឌលបោះឆ្នោតក្នុងខេត្តកណ្តាល សម្រាប់ការបោះឆ្នោតជាតិអាណត្តិទី ៧ នាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣។ (Photo by TANG CHHIN SOTHY / AFP)

ស្រប​ពេល​ដែល​ការ​បោះ​ឆ្នោត​មិន​មាន​វត្តមាន​គណបក្ស​ជំទាស់​ដ៏​មាន​សក្តានុពល អ្នក​តាម​ដាន​លើក​ឡើង​ពី​ហានិភ័យ​នៃ​ការ​ធាក់​ថយ​ក្រោយ​លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា និង​លទ្ធភាព​នៃ​ការ​ដាក់ទណ្ឌកម្ម​ពី​ប្រទេស​លោក​ខាង​លិច​ផងដែរ។

អ្នក​តាម​ដាន​ស្ថានភាព​នយោបាយ​និង​សង្គម​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ពាក់​ព័ន្ធ​នឹងលទ្ធភាព​នៃ​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ពី​សហភាព​អឺរ៉ុប ក្រោយ​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី ៧ ធ្វើ​ឡើង​ដោយ​គ្មាន​គណបក្ស​ជំទាស់​ ខណៈ​លម្ហ​សេរីភាព​នយោបាយ​ សង្គមស៊ីវិល និង​សារព័ត៌មាន​ឯករាជ្យ​ រង​ការ​រឹតត្បិត​ធ្ងន់ធ្ងរ​ជា​បន្តបន្ទាប់។

នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ លោក អំ សំអាត បាន​ថ្លែង​វីអូអេ​នៅ​មុន​ថ្ងៃ​បោះឆ្នោត​ថា ​លោក​នៅ​តែ​បារម្ភ​ខ្លាច​សហភាព​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​បន្ថែម​ ដោយ​សារ​តែ​មាន​ការ​ព្រមាន​ជា​បន្ត​បន្ទាប់ និង​ទាម​ទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​លំហ​សេរីភាព​នយោបាយ។

លោក​ថ្លែង​ថា៖ «យើង​ជា​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​សិទ្ធិ​មនុស្ស​ហ្នឹង គឺ​យើ​ង​បាន​ទទូច​រួច​ហើយ​ថា ​កម្ពុជា​យើង​គួរ​តែ​ពិនិត្យ​មើល​ទៅ​ថា​អ្វី​ដែល​យើង​អាច​កែ​លម្អ​បាន​ គួរ​តែ​កែ​លម្អ​ទៅ ​ដើម្បី​បញ្ហា​សិទ្ធិ​មនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង»។

កាលពី​ថ្ងៃទី​ ១៩ ខែ​កក្កដា ឆ្នាំ​ ២០២៣​ លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ជំទាស់​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស បាន​ថ្លែង​ថា ​លោក​បាន​ជួប​ជាមួយ​សភា​អឺរ៉ុប ដែល​គេ​បញ្ជាក់​ប្រាប់លោកចំណុច​ចំនួន ២ ​រួមមាន​លទ្ធភាព​នៃ​ការ​ដាក់​ទណ្ឌកម្ម​លើ​កម្ពុជា និង​បញ្ហា​សិទ្ធិ​សេរីភាព​នៅ​កម្ពុជា ដែល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​គោរព​និង​រៀបចំ​ការ​បោះឆ្នោត​ឱ្យ​មាន​ភាព​ត្រឹមត្រូវ សេរី និង​យុត្តិធម៌ ដោយ​មាន​វត្តមាន​គណបក្ស​ប្រឆាំង​ចូលរួម។

លោក​ថ្លែង៖ « ថា​គេ​នឹង​បញ្ចប់​ទណ្ឌកម្ម​ទាំង​អស់ ពេល​ណា​ដែល ហ៊ុន សែន យល់​ព្រម​រៀប​ចំ​ការ​បោះ​ឆ្នោត ត្រឹមត្រូវ ដោយ​សេរី និង​យុត្តិធម៌ ការ​បោះឆ្នោ​ត​ដែល​មានបក្ស​ប្រឆាំង​ចូលរួម​ គណបក្ស​ប្រឆាំង​ពិត​ប្រាកដ​ ដូចជា​គណ​បក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ភ្លើង​ទៀន។ ចំណុច​ទី ២ ​ដែល​គេ​ទាម​ទារ​ពី​ ហ៊ុន សែន​ គឺ​ត្រូវ​តែ​ផ្តល់​សិទ្ធិ​សេរី​ភាព​សម្តែង​មតិ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​វិញ​ឱ្យ​មាន​សារ​ព័ត៌​មាន​ឯករាជ្យ ដូច​ជា​សំឡេង​ប្រជា​ធិប​តេយ្យ​ដំណើរ​ឡើង​វិញ អ្នក​សារ​ព័ត៌​មាន​អាច​សរសេរ​អាច​ធ្វើ​របាយ​ការណ៍​ពី​ស្ថានការណ៍​ពី​ប្រទេស​កម្ពុជា ​ប្រជាពលរដ្ឋ​ទូទៅ​មាន​សិទ្ធិ​សម្តែង​មតិ ហើយ​គេ​ស្នើ​ឱ្យ​ដោះ​លែង​អ្នក​ទោស​នយោបាយ​ទាំង​អស់ កុំ​ឱ្យ​មាន​ការគំរាម​កំហែង​ កុំ​ឱ្យ​មាន​ការ​ចាប់​ដាក់គុក​អ្នកនយោបាយ​ទាំង​អស់»។

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក សុខ ឥសាន ប្រាប់​វីអូអេ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទី២០ ខែ​កក្កដា​ថា ​ការ​គ្រប់​គ្រង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​មិន​ពឹង​ផ្អែក​ទៅ​លើ​ការ​គាំទ្រ​ពី​ខាង​ក្រៅ​ឡើយ​ ក្រៅ​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស។

លោក​បញ្ជាក់​ថា៖ «យើង​អត់​មាន​រណប​ទៅ​លើ​មតិ​ខាង​ក្រៅ​ ឬ​មួយ​ក៏​មតិ​របស់​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់ ដែល​មាន​មេដឹកនាំ​ជា​ជន​ក្បត់​ជាតិ​ កំពុង​រត់​គេច​ខ្លួន​នៅ​ក្រៅ​ប្រទេស​ទេ។ កត្តា​កំណត់ គឺ​អាស្រ័យ​លើ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ។ បើ​ប្រជាពលរដ្ឋ​នៅ​តែ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ ដើរ​តាម​ការ​ដឹក​នាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ គឺ​ប្រជាជាតិ​កម្ពុជា​នឹង​ថែ​រក្សា​បាន​យ៉ាង​រឹង​មាំ​នូវ​សន្តិភាព​ពេញ​លេញ ស្ថិរភាព​នយោបាយ»។

ប្រធាន​គ្រប់​គ្រង​កម្មវិធី​ការ​ងារ​របស់​អង្គការ​សង់​ត្រាល់ លោក ឃុន ថារ៉ូ ថ្លែង​ថា​ លោកព្រួយ​បារម្ភ​ថា​ សហភាព​អឺរ៉ុប​នឹង​មាន​ចំណាត់​ការ​បន្ថែ​ម​មក​លើ​រដ្ឋាភិបាល​កម្ពុជា ខណៈ​លំហ​លទ្ធិ​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្សនៅ​កម្ពុជា​កាន់​តែ​រួម​តូច។ លោក​បន្ថែម​ថា ​បើ​សិ​ន​មាន​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ វា​នឹង​ប៉ះពាល់​ដល់​ជីវភាព​រស់​នៅ​របស់​កម្មករ។

លោក​ថ្លែង​ថា៖ «ជា​ការ​ពិត​ណាស់ ​វា​នឹង​ប៉ះពាល់​ទៅ​ដល់​ជីវភាព​រស់​នៅ​របស់​កម្មករ​និយោជិត​ក្នុង​ប្រទេស​កម្ពុជា ហើយ​រោងចក្រ​មួយ​ចំនួន​នឹង​ប្រឈម​ទៅ​នឹង​ការ​ព្យួរ​ការងារ ឬក៏​ការ​បិទ​នូវ​ខ្សែ​ចង្វាក់​ផលិតកម្ម ពីព្រោះ​ថា ​បញ្ហា​ទាំង​អស់​នេះ វា​នឹង​ជះ​ឥទ្ធិពល​អវិជ្ជមាន​ទៅ​ដល់​ភាព​គ្មាន​ការងារ​ធ្វើ ហើយ​និង​បង្ក​នូវ​ផល​វិបាក​ធ្ងន់​ធ្ងរ​ទៅ​ដល់​ស្ថានភាព​សេដ្ឋកិច្ច​»។

អ្នកតាម​ដាន​រូប​នេះ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ឆ្លើ​យតប​ទៅ​នឹង​ការ​ស្នើ​សុំ​របស់​សភា​អឺរ៉ុប។
លោក​បញ្ជាក់​បន្ថែម​ថា៖ «អ៊ីចឹង​ចំណុច​នេះ​ វា​ជាក្តី​បារម្ភ​សម្រាប់​យើង​ក្នុង​នាម​ជា​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើ​ការងារ​ផ្នែក​សិទ្ធិមនុស្ស​ ហើយ​ករណី​នេះ ​គឺចាំ​បាច់​ណាស់​ដែល​រដ្ឋាភិបាល​ត្រូ​វ​មាន​វិធាន​ការ​ជាក់​លាក់​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​សម្រេច​ចិត្ត ឬ​ក៏​អនុសាសន៍​របស់​សហភាព​អឺរ៉ុប​ដែល​បាន​ស្នើ​ទៅ​រដ្ឋាភិបាល​នា​ពេល​កន្លង​មក»។

ចាប់​តាំង​ពី​ឆ្នាំ​ ២០១៧​ នៅ​ពេល​ដែល​គណ​បក្ស​ប្រជា​ជន​កម្ពុជា​បាន​ចាប់​ផ្តើម​បង្ក្រាប​នយោបាយ​របស់​គណបក្ស​ប្រឆាំង​ដោយ​ការ​ចោទប្រកាន់​តាម​ប្រព័ន្ធ​តុលាការ​ពី​បទញុះញុង និង​ក្បាត់ជាតិ​មក ក្នុង​នោះ​រហូត​ដល់​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ សហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប​ បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​បើក​លំហ​ប្រជាធិបតេយ្យ​ឡើង​វិញ និង​គោរព​សិទ្ធិ​នយោបាយ​ជា​មូលដ្ឋាន។

ចាប់​តាំង​ពី​ខែ​សីហា ឆ្នាំ​ ២០២០ សហភាព​អឺរ៉ុប​បាន​កាត់​បន្ថយ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ចំនួន​ ២០%​ ដែល​ការណ៍​នេះ​បាន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​វិស័យ​កាត់​ដេរ ​ស្បែក​ជើង ​ទំនិញ​ធ្វើ​ដំណើរ​ និង​ស្ករស​ ដែល​ជារួម​ផ្តល់​ការងារ​ដល់​កម្មករ​ប្រមាណ​ ១​លាន​នាក់។ ទន្ទឹម​នឹង​នោះ ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​របស់​សហរដ្ឋ​អាមេរិក​បាន​ផុត​កំណត់​ក្នុង​ខែ​ធ្នូ​ ឆ្នាំ​២០២០ ហើយ​មិន​ត្រូវ​បាន​បន្ត​ទេ ​មាន​ន័យ​ថា​ កម្ពុជា​កំពុង​ខាត​បង់​ប្រាក់​ច្រើន​រយ​លាន​ក្នុង​ការ​នាំចេញ​ដោយ​គ្មាន​បង់​ពន្ធ​ ឬ​បង់​ពន្ធ​ទាប ​ក្នុង​គ្រា​ដែល​សហរដ្ឋ​អាមេរិក​នៅ​តែ​ជា​ទីផ្សារ​នាំ​ចេញ​ធំ​បំផុត​របស់​កម្ពុជា។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​សហជីព។

ទោះ​ជា​យ៉ាងណា លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ធ្លាប់​បាន​បញ្ជាក់​ថា ​វា​មិន​មាន​ផល​ប៉ះពាល់​ទេ ​ទោះ​ជា​គ្មាន​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ EBA (Everything But Arms) នៅ​ឆ្នាំ​ខាង​មុខៗ​ក្តី។

ដោយឡែក អ្នកស្រាវជ្រាវ​នៅ​វិទ្យាស្ថានខ្មែរសម្រាប់​សហប្រតិបត្តិការនិង​សន្តិភាព​ លោក វណ្ណ ប៊ុនណា ប្រាប់​វីអូអេ​ថា​ បើ​ទោះបី​ជា​មាន​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ពី​សហភាព​អឺរ៉ុប​ ក៏​វា​មិន​នឹង​អាច​ផ្លាស់​ប្តូរ​ឥរិយាបថ​របស់​រដ្ឋាភិបាល​កម្ពុជា​ឡើយ ខណៈ​បណ្តា​ប្រទេស​លោក​ខាង​លិច​ទាំងនេះ​កំពុង​យកចិត្ត​ទុកដាក់​លើ​បញ្ហា​ជា​ច្រើនផ្សេង​ទៀត​ ​ដូច​ជា​សង្គ្រាម​នៅ​អ៊ុយក្រែន​ និង​ភាព​តានតឹង​រវាង​ចិន​និង​សហរដ្ឋ​អាមេរិក​ជាដើម។

លោក​ថ្លែង​ថា៖ «អ៊ីចឹង​ខ្ញុំ​គិត​ថា វាមិន​សូវ​ជា​ដាក់​សម្ពាធ​លើ​រដ្ឋា​ភិបាល​កម្ពុជា​ប៉ុន្មាន​ឡើយ។ មួយ​ទៀត​ បើ​សិន​ជា​ដាក់​សម្ពាធ​មែន​ ក៏​វា​ជា​លក្ខណៈ​រូបភាព ដើម្បី​លម្អ​ផ្នែក​សាធារណមតិ​អី​ច្រើន​ជាង​ទង្វើ​ចង់​បាន​ឱ្យ​មាន​ការ​កែ​ប្រែ។ ដូច្នេះ​រដ្ឋា​ភិបាល​កម្ពុជា គាត់​ដឹង​ពី​ចំណុច​នេះ។ អ៊ីចឹង​ខ្ញុំ​គិត​ថា​ មិន​មាន​សម្ពាធ​ណា​មួយ​ដែល​ធ្វើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្លាស់​ប្តូរ​ជំហរ​របស់​ខ្លួន​ទេ»។

គួរ​បញ្ជាក់​ថា​ កម្ពុជា​បាន​រៀបចំ​ការ​បោះ​ឆ្នោត​ដោយ​មិន​មាន​វត្តមាន​គណបក្ស​ជំទាស់​ដ៏​មាន​សក្តានុពល​ចំនួន​ពីរ​លើក​ជាប់​គ្នា រួមមាន​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី ៧ នេះ​ដែល​គ្មាន​គណបក្ស​ភ្លើងទៀន និង​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី ៦ ឆ្នាំ ២០១៨ គ្រា​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​កំពូល​ នៅ​ចុង​ឆ្នាំ ២០១៧៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG