ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​មាតុភូមិ​សហរដ្ឋ​អាមេរិក​ថា «ព្រំដែន​មាន​សន្តិសុខ​ល្អ»


ភ្នាក់ងារល្បាត​តាម​ព្រំដែន​ស.រ.អ អមដំណើរ​អ្នកស្វែងរក​សិទ្ធិជ្រកកោន​ជា​អនីតិជន​ចំនួន​២នាក់ មកពី​ទ្វីប​អាមេរិក​កណ្តាល គ្រាដែល​អ្នកផ្សេងទៀត​សម្រាក​នៅក្បែរ​នោះ បន្ទាប់ពី​ពួកគេ​បាន​ជិះក្បូន​ឆ្លងទន្លេ Rio Grande ពី​ប្រទេស​ម៉ិកស៊ិក​ចូល​ស.រ.អ កាលពី​ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។
ភ្នាក់ងារល្បាត​តាម​ព្រំដែន​ស.រ.អ អមដំណើរ​អ្នកស្វែងរក​សិទ្ធិជ្រកកោន​ជា​អនីតិជន​ចំនួន​២នាក់ មកពី​ទ្វីប​អាមេរិក​កណ្តាល គ្រាដែល​អ្នកផ្សេងទៀត​សម្រាក​នៅក្បែរ​នោះ បន្ទាប់ពី​ពួកគេ​បាន​ជិះក្បូន​ឆ្លងទន្លេ Rio Grande ពី​ប្រទេស​ម៉ិកស៊ិក​ចូល​ស.រ.អ កាលពី​ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។

រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​មាតុភូមិ​សហរដ្ឋ​អាមេរិក​លោក Alejandro Mayorkas បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា ព្រំដែន​ភាគ​និរតី​របស់​សហរដ្ឋ​អាមេរិក​ជាប់​ជាមួយ​ប្រទេស​ម៉ិចស៊ិក​មាន «សន្តិសុខ​ល្អ»។

លោក​ថ្លែង​ដូច្នេះ ស្រប​ពេល​ដែល​ជន​ចំណាក​ស្រុក​រាប់​ពាន់​នាក់​មកពី​ទ្វីប​អាមេរិក​កណ្តាល​ កំពុង​សម្រុក​ចូល​មក​ក្នុង​សហរដ្ឋ​អាមេរិក​ក្នុង​អត្រា​ដ៏​ខ្ពស់​បំផុត​មួយ​ក្នុង​រយៈពេល ២០ ឆ្នាំ​កន្លង​មក​នេះ។

នៅ​ពេល​បច្ចុប្បន្ន​នេះ សហរដ្ឋ​អាមេរិក​កំពុង​ដាក់​នៅ​មួយ​កន្លែង​នូវ​កុមារ​ចំណាក​ស្រុក​ដែល​គ្មាន​អាណាព្យាបាល​មក​ជាមួយ​ចំនួន​ប្រហែល ១៥.០០០ នាក់។

លោក Mayorkas បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​មាន​កាតព្វកិច្ច​នៅ​ក្រោម​ច្បាប់​របស់​ខ្លួន​ដើម្បី​មើល​ថែ​ពួកគេ ជាជាង​បណ្តេញ​ពួកគេ​ទៅកាន់​ប្រទេស​កំណើត​របស់​ខ្លួន​វិញ ​ដូច​ដែល​បាន​ធ្វើ​ឡើង​នៅ​ក្រោម​គោល​នយោបាយ​របស់​រដ្ឋបាល​លោក​អតីត​ប្រធានាធិបតី Donald Trump។

លោក Mayorkas បាន​បន្ថែម​ថា វា​ជា «ការ​មិន​ត្រឹមត្រូវ» នោះ​ទេ ដែល​និយាយ​ថា កុមារ​ទាំង​នេះ ​ត្រូវ​បាន​អតីត​រដ្ឋបាល​របស់​លោក Trump «ចាត់ចែង​ដោយ​ភាព​មនុស្ស​ធម៌» នោះ។

លោក​បាន​បញ្ជាក់​នៅ​ក្នុង​កម្មវិធី Fox News Sunday របស់​ទូរទស្សន៍ Fox News ថា៖ «រដ្ឋបាល​មុន បាន​បំផ្លាញ​ប្រព័ន្ធ​សុំសិទ្ធិ​ជ្រកកោន។ យើង​លើក​ទឹក​ចិត្ត​ក្រុម​គ្រួសារ​នានា​កុំ​ឲ្យ​បញ្ជូន​កូនៗ​របស់​ពួកគេ [មក​កាន់​ព្រំដែន​សហរដ្ឋ​អាមេរិក]»។

ក៏ប៉ុន្តែ លោក​បាន​បន្ថែម​ថា ប្រសិនបើ​កុមារ​ទាំង​នោះ​ឆ្លង​កាត់​ព្រំដែន​ចូល​ក្នុង​សហរដ្ឋ​អាមេរិក ពួកគេ​នឹង​ត្រូវ​បាន​ទទួល​ការ​មើល​ថែទាំ​ជា​ច្រើន​ថ្ងៃ ឬ​ត្រូវ​បញ្ជូន​ទៅកាន់​សាច់ញាតិ​ដែល​កំពុង​រស់នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ស្រាប់ ឬ​ក៏​ត្រូវ​ដាក់​នៅ​ជាមួយ​អ្នក​ណា​ដែល​ចង់​មើល​ថែ​ពួកគេ ដែល​អ្នក​ដែល​មើល​ថែ​នោះ​នឹង​តម្រូវ​ឲ្យ​មាន​ការ​ពិនិត្យ​ប្រវត្តិរូប​ត្រឹមត្រូវ។

កាលពី​ថ្ងៃ​អាទិត្យ លោក​ប្រធានាធិបតី Joe Biden បាន​និយាយ​ថា លោក​មាន​គម្រោង​ធ្វើ​ទស្សនកិច្ច​ទៅកាន់​ព្រំដែន​ជាប់​ប្រទេស​ម៉ិចស៊ិក «នៅ​ពេល​ណា​មួយ»។ លោក​បាន​បញ្ជាក់​ថា រដ្ឋបាល​របស់​លោក​បាន​ធ្វើការ​ដើម្បី​ធានា​ថា ជន​ចំណាក​ស្រុក​នៅ​ពេល​ខាង​មុខ​អាច​ដាក់​ពាក្យ​សុំ​សិទ្ធិ​ជ្រកកោន​បាន​នៅ​ក្នុង​ប្រទេស​កំណើត​របស់​ខ្លួន៕

XS
SM
MD
LG