ក្នុងពេលឆាប់ៗនេះអាចនឹងមានការកែប្រែធំមួយអំពីអ្វីដែលជនជាតិអាមេរិកាំងឃើញនៅលើបណ្តាញអ៊ីនធឺណិត នៅក្រោយពួកនិយតករសហព័ន្ធបានបោះឆ្នោតកាលពីថ្ងៃព្រហស្បតិ៍លប់ចោលបទប្បញ្ញត្តិ«អព្យាក្រិតភាពនៃបណ្តាញអ៊ីនធឺណិត» ដែលភាសាអង់គ្លេសហៅថា net neutrality។
ការបោះឆ្នោតកាលពីថ្ងៃព្រហស្បតិ៍ដោយមានសំឡេងឆ្នោតគាំទ្រ៣ទល់នឹង២ដោយគណៈកម្មការសហព័ន្ធខាងគមនាគមន៍ហៅកាត់ថា FCC ដែលត្រួតត្រាដោយពួកសាធារណរដ្ឋបានសម្របសម្រួលតាមខ្សែបន្ទាត់នយបាយរបស់គណបក្សនេះដោយពួកសមាជិកនៃគណបក្សសាធារណរដ្ឋបានបោះឆ្នោតបញ្ចប់បទប្បញ្ញត្តិនេះ ហើយពួកប្រជាធិបតេយ្យបានជំទាស់។
រដ្ឋនីមួយៗក្នុងប្រទេសអាមេរិកក៏បានត្រូវហាមប្រាមមិនឱ្យអនុវត្តបទប្បញ្ញត្តិរបស់ផងខ្លួនផ្ទាល់ដែលគ្រប់គ្រងបណ្តាញអ៊ីនធឺណិតទេ។
Net neutrality ជាបទដ្ឋានមួយចាប់តាំងពីមានការបង្កើតអ៊ីនធឺណិត ជាង៣០ឆ្នាំមកហើយ។ គណៈកម្មការ FCC ក្នុងពេលដែលលោក បារ៉ាក់ អូបាម៉ា កាន់តំណែងជាប្រធានាធិបតីនោះ បានធ្វើឱ្យបទប្បញ្ញត្តិ Net neutrality មានភាពផ្លូវការកាលពីឆ្នាំ២០១៥។
គំនិតនៃ Net neutrality គឺសម្រាប់ឱ្យមហាក្រុមហ៊ុនផ្តល់បណ្តាញអ៊ីនធឺណិត ផ្សព្វផ្សាយអ្វីទាំងអស់ឱ្យស្មើភាពគ្នា។ បទប្បញ្ញត្តិនៅសម័យលោក អូបាម៉ា កាន់
តំណែងប្រធានាធិបតីអាមេរិកាំងបានរារាំងក្រុមហ៊ុនទាំងនេះមិនឱ្យលម្អៀងទៅខាងសេវារបស់ពួកគេផ្ទាល់ ហើយរាំងខ្ទប់និងធ្វើឱ្យយឺតដល់អ្វីដែលផ្សព្វផ្សាយដោយគូប្រជែងរបស់ពួកគេ៕