អ្នកការទូតអាមេរិកបានជួបពិភាក្សាជាមួយមេដឹកនាំថ្មីរបស់ស៊ីរីកាលពីថ្ងៃសុក្រ ស្របពេលបណ្ដាប្រទេសមហាអំណាចស្វះស្វែងធ្វើយ៉ាងណាឲ្យមានការធានាថាអាជ្ញាធរដឹកនាំដោយក្រុមអ៊ិស្លាមនិយមរបស់ប្រទេសស៊ីរីនេះនឹងមានលក្ខណៈមិនជ្រុលនិយមនិងមានបរិយាបន្ន។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន AFP។
មន្ត្រីស៊ីរីមួយរូបដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានបញ្ជាក់ថាគណៈប្រតិភូអាមេរិកពិតជាបានជួបពិភាក្សាជាមួយមេដឹកនាំថ្មីរបស់ស៊ីរីលោក Ahmed al-Sharaa ដែលជាមេដឹកនាំក្រុម HTS ពិតប្រាកដមែន។
មន្ត្រីរូបនោះបានបន្ថែមថា៖ «លទ្ធផលនឹងមានលក្ខណៈវិជ្ជមាន»។
សន្និសីទកាសែតដែលមានការគ្រោងទុកដោយគណៈប្រតិភូអាមេរិក «ត្រូវបានលុបចោលដោយសារការបារម្ភពីសន្តិសុខ»។
គណៈប្រតិភូអាមេរិកនេះរួមមានអ្នកស្រី Barbara Leaf មន្ត្រីកំពូលនៃក្រសួងការបរទេសទទួលបន្ទុកកិច្ចការតំបន់មជ្ឈិមបូព៌ា និងមន្ត្រីតំណាងសហរដ្ឋអាមេរិកខាងកិច្ចការចំណាប់ខ្មាំង ដែលបានព្យាយាមស្វែងរកតម្រុយទាក់ទងនឹងពលរដ្ឋអាមេរិកាំងដែលបានបាត់ខ្លួនដែលក្នុងនោះរួមទាំងលោក Austin Tice ផងដែរ ដែលជាអ្នកកាសែតអាមេរិកាំងដែលត្រូវបានចាប់ពង្រត់ក្នុងប្រទេសស៊ីរីកាលពីខែសីហា ឆ្នាំ ២០១២។
ដោយឡែកនៅថ្ងៃសុក្រនោះដែរ យោធាអាមេរិកថាកងកម្លាំងអាមេរិកបានសម្លាប់មេដឹកនាំក្រុមជ្រុលនិយមរដ្ឋអ៊ិស្លាម (Islamic State) ឈ្មោះ Abu Yusif និងសមាជិកម្នាក់ទៀតរបស់ក្រុមនេះក្នុងការវាយប្រហារមួយកាលពីថ្ងៃព្រហស្បតិ៍ក្នុងខេត្ត Deir Ezzor នៅប៉ែកខាងកើតរបស់ស៊ីរី។ នេះបើយោងតាមការបញ្ជាក់របស់បញ្ជាការដ្ឋានសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការតំបន់មជ្ឈិមបូព៌ានិងអាស៊ីកណ្ដាល (CENTCOM) នៅលើបណ្តាញសង្គមអនឡាញដោយមិនបានផ្តល់សេចក្តីលម្អិតណាមួយអំពីជនសកម្មប្រយុទ្ធអ៊ិស្លាមនិយមជ្រុលទាំងពីរនាក់នេះទេ។
អស់រយៈពេលជាច្រើនឆ្នាំមកហើយ សហរដ្ឋអាមេរិកបានវាយប្រហារនិងវាយឆ្មក់ម្តងម្កាលដើម្បីជួយបង្ការកុំឲ្យក្រុមជ្រុលនិយមរដ្ឋអ៊ិស្លាមប្រមូលផ្តុំឡើងវិញបាន តែអាមេរិកបានបើកការវាយប្រហាររាប់សិបដងតាំងពីការដួលរលំរបស់របបលោក Assad នៅស៊ីរីមក៕
វេទិកាបញ្ចេញមតិ