ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រេសិត​ អ.ស.ប. ​អំពាវនាវ​ឲ្យមាន​ដំណើរការ​អន្តរកាល​ដឹកនាំ​ដោយ​ស៊ីរី ក្រោយ​ការ​ដួល​រលំ​របប​លោក Assad


រូបថតចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ប្រទេសស៊ីរី SANA នេះ បង្ហាញពីមេដឹកនាំ លោក Hayat Tahrir al-Sham Ahmad al-Sharaa ខណៈគាត់ជួបជាមួយបេសកជនពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅស៊ីរី លោក Geir Pederson នៅទីក្រុងដាម៉ាស់ ថ្ងៃច័ន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០២៤។
រូបថតចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ប្រទេសស៊ីរី SANA នេះ បង្ហាញពីមេដឹកនាំ លោក Hayat Tahrir al-Sham Ahmad al-Sharaa ខណៈគាត់ជួបជាមួយបេសកជនពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅស៊ីរី លោក Geir Pederson នៅទីក្រុងដាម៉ាស់ ថ្ងៃច័ន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០២៤។

ការិយាល័យ​របស់​ប្រេសិត​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​ស៊ីរី​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​ថា ប្រេសិត​របស់​ការិយាល័យ​នេះ​លោក Geir Pederson បាន​សង្កត់ធ្ងន់​អំពី​តម្រូវការ​នៅក្នុង​ការ​មាន​អន្តរកាល​នយោបាយ​មួយ​ដែល​ដឹកនាំ​ដោយ​ស៊ីរី នៅ​ពេល​លោក​ជួប​ពិភាក្សា​នៅ​ក្នុង​ទីក្រុង​ដាម៉ាស​ជាមួយ​មេដឹកនាំ​ក្រុម​ឧទ្ទាម​ដែល​បាន​បណ្តេញ​ប្រធានាធិបតី​កាន់តំណែង​យូរ​របស់​ស៊ីរី​លោក Bashar al-Assad ចេញ​ពី​អំណាច។

អន្តរកាល​នេះ​គួរតែ​ផ្អែក​លើ​គោលការណ៍​នៃ​សេចក្តីសម្រេច​ឆ្នាំ ២០១៥ របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដែល​បាន​អំពាវនាវ​ឲ្យ​មាន «អភិបាលកិច្ច​ដ៏​គួរឲ្យ​ទុកចិត្ត ប្រកប​ដោយ​បរិយាបន្ន និង​គ្មាន​ការ​ប្រកាន់​ក្រុម​និកាយ​សាសនា» ក្នុង​អំឡុង​រយៈពេល ៦ ខែ​ខាងមុខ ព្រមទាំង​បង្កើត​ដំណើរការ​ធ្វើ​សេចក្តី​ព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី​ដោយ​មាន​ការ​បោះឆ្នោត​បន្ទាប់ពី​នោះ។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​ការិយាល័យ​ប្រេសិត​អង្គការ​សហប្រជាជាតិ​លោក Geir Pederson។

ពេល​ជួប​ពិភាក្សា​ជាមួយ​លោក Ahmad al-Sharaa ដែល​ជា​មេដឹកនាំ​ក្រុម​ឧទ្ទាម លោក Pederson ក៏​បាន «សង្កត់ធ្ងន់​អំពី​គោល​បំណង​របស់​អង្គការ​សហប្រជាជាតិ​ក្នុង​ការ​ផ្តល់​ជំនួយ​គ្រប់​បែបយ៉ាង​ដល់​ប្រជាពលរដ្ឋ​ស៊ីរី​ផងដែរ»។

សេចក្តី​ថ្លែងការណ៍​របស់​ក្រុម​ឧទ្ទាម​បាន​លើកឡើង​ថា លោក al-Sharaa បាន​ពិភាក្សា​ពី​តម្រូវការ​ធ្វើ​បច្ចុប្បន្នភាព​សេចក្តីសម្រេច​របស់​អង្គការ​សហប្រជាជាតិ​ដើម្បី​ឆ្លុះបញ្ចាំង​ពី​ស្ថានការណ៍​បច្ចុប្បន្ន​នៅ​ស៊ីរី។

ដំណើរ​ទស្សនកិច្ច​របស់​លោក Pederson នេះ​គឺជា​ការ​ប្រឡូក​របស់​អន្តរជាតិ​ដ៏​ទូលំទូលាយ​មួយ​ជាមួយ​ក្រុម​ឧទ្ទាម​ស៊ីរី​ចាប់តាំង​ពី​ពេល​ដែល​លោក Assad ត្រូវបាន​ទម្លាក់​ចេញ​ពី​អំណាច​មក ស្របពេល​ដែល​ស៊ីរី​ប្រឈម​នឹង​កលយុគ​នយោបាយ​នៅ​ក្រោយ​ការ​ត្រួតត្រា​របស់​គ្រួសារ​ត្រកូល Assad អស់​ជាង ៥០ ឆ្នាំ​និង​តម្រូវការ​កសាង​ប្រទេស​ឡើងវិញ​ទ្រង់ទ្រាយ​ធំ​នៅក្រោយ​សង្គ្រាម​ស៊ីវិល​ដ៏​បង្ហូរឈាម៕

ព័ត៌មាន​ខ្លះ​នៅក្នុង​សេចក្តី​រាយការណ៍​នេះ​ត្រូវបាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, AFP និង Reuters។

XS
SM
MD
LG