មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអាមេរិកបានព្រមានថា វិនិយោគិនបរទេសនឹងមិនបណ្តាក់ទុនរកស៊ីនៅប្រទេសកម្ពុជានោះទេ ប្រសិនបើប្រព័ន្ធគតិយុត្តនៅក្នុងប្រទេសនេះមិនអាចគួរឲ្យទុកចិត្តបាននោះ។
លោក Daniel Russel ឧបការីរដ្ឋមន្ត្រីការបរទេសស.រ.អា.ទទួលបន្ទុកកិច្ចការអាស៊ីបាស៊ីហ្វ៊ិកបានលើកគំនិតបែបនេះក្រោយពីជំនួបជាមួយក្រុមមន្ត្រីកម្ពុជាក្នុងដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃក្នុងទីក្រុងភ្នំពេញ។ទស្សនកិច្ចរបស់លោកត្រូវបានបញ្ចប់នៅថ្ងៃពុធនេះ។
លោក Russel បានថ្លែងក្នុងជំនួបជាមួយក្រុមអ្នកយកព័ត៌មានកាលពីល្ងាចថ្ងៃអង្គារថាអនាគតនៃភាពរុងរឿងរបស់ប្រទេសកម្ពុជាត្រូវពឹងផ្អែកលើប្រព័ន្ធយុត្តាធិការក្នុងប្រទេសនិងការអប់រំក្រុមយុវជន។
ហើយកត្តាផ្លូវច្បាប់នេះ ហើយដែលអាចរារាំងវិនិយោគទុនមិនឱ្យហូរចូលស្រុកខ្មែរ។
«វិនិយោគិនអន្តរជាតិនឹងមិនជ្រើសរើសយកប្រទេសកម្ពុជាដើម្បីបណ្តាក់ទុនទេប្រសិនបើតុលាការនិងហេដ្ឋារចនាសម្ព័ន្ធគតិយុត្តមិនគួរឲ្យជឿទុកចិត្តបាននោះ។អ្នកវិនិយោគទុនត្រូវការការជឿជាក់ថាកិច្ចសន្យាត្រូវបានអនុវត្តន៍ នីតិរដ្ឋត្រូវបានគាំទ្រហើយអំពើពុករលួយត្រូវបានទប់ស្កាត់»។
លោកឧបការីរដ្ឋមន្ត្រីការបរទេសស.រ.អា.បានជួបជាមួយលោក អ៊ុច បូរិទ្ធ រដ្ឋមន្ត្រីស្តីទីនៃក្រសួងការបរទេសកម្ពុជា ជួបជាមួយមន្ត្រីអង្គការសង្គមស៊ីវិលនិងមន្ត្រីគណបក្សជំទាស់ផងដែរ។ លោកបានលើកពីកង្វល់ពីការរំលោភបំពានដីធ្លី និងបញ្ហាក្រុមបាតុករបឹងកក់និងការតាមឃ្លាំមើលដំណើរការចាប់ខ្លួននិងកាត់ទោសសកម្មជននយោបាយប្រឆាំងជាដើម។
លោក Daniel Russel មានប្រសាសន៍ថាការធ្វើឲ្យប្រសើរផ្នែកអភិបាលកិច្ចនិងការពង្រឹងស្ថាប័នរដ្ឋគឺជាសារសំខាន់ក្នុងការសម្រេចឲ្យបានគោលដៅស្ថិរភាពយូរអង្វែង។
មន្ត្រីការទូតសហរដ្ឋអាមេរិកដដែលលើកឡើងថាវិនិយោគិនអាមេរិកនៅកម្ពុជានៅមានចំនួនតិចតួចនៅឡើយ។
«និយាយដោយត្រង់ទៅការប្រឈមអំពីបញ្ហាពុករលួយ ការប្រឈមក្នុងប្រព័ន្ធតុលាការកម្ពុជានិងស្ថាប័នផ្សេងទៀតរួមទាំងភាពមិនជាក់លាក់អំពីអនាគតនៃការព្រមព្រៀងគ្នាផ្នែកនយោបាយរបស់ប្រទេសកម្ពុជាអាចជាកត្តានៃការវិនិយោគតិចតួចរបស់អ្នកជំនួញអាមេរិក។វាមិនមែនជានយោបាយរបស់រដ្ឋាភិបាលអាមេរិកទេ»។
លោកឧបការីរដ្ឋមន្ត្រីការបរទេសស.រ.អា ក៏បានលើកបញ្ហាពាណិជ្ជកម្មនិងការបណ្តាក់ទុននេះជាមួយរដ្ឋមន្ត្រីស្តីទីនៃក្រសួងការបរទេសកម្ពុជា លោក អ៊ុច បូរិទ្ធ និងជាមួយមេដឹកនាំគណបក្សសង្គ្រោះជាតិផងដែរ។
លោកអ៊ុច បូរិទ្ធ មិនបានបញ្ជាក់ថាលោកឆ្លើយតបទៅនឹងមន្ត្រីការទូតអាមេរិកយ៉ាងណានោះទេប៉ុន្តែលោកគាំទ្រទស្សនៈរបស់លោក Daniel Russel ថាការវិនិយោគរបស់អាមេរិកនឹងជួយបង្កើនឱកាសការងារដល់ពលរដ្ឋកម្ពុជាបន្ថែមទៀត។
«ក្នុងការវិនិយោគក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចទាំងអស់ហ្នឹងគឺដូចដែលលោកជម្រាបជូនពាក់ព័ន្ធនឹងកម្ពុជាគឺថាការវិនិយោគមិនមែនគ្រាន់តែផ្លាស់ប្តូរទំនិញទេប៉ុន្តែសំខាន់បំផុតពាំនាំមកនូវបច្ចេកវិទ្យាដើម្បីធ្វើយ៉ាងណាអភិវឌ្ឍន៍ប្រទេសដើម្បីការរីកចម្រើន»។
ដោយឡែកលោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិនិងជាអនុប្រធានសភាជាតិបានបញ្ជាក់ក្រោយពីជំនួបជាមួយលោកDaniel Russel ថាលោកRusselចង់ជំរុញការវិនិយោគឲ្យកាន់តែច្រើនពីសហរដ្ឋអាមេរិកមកកាន់កម្ពុជាដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចក្នុងស្រុក។ប៉ុន្តែលោកបានត្អួញត្អែរពីប្រព័ន្ធច្បាប់និងអំពើពុករលួយ។
លោក កឹម សុខា យល់ស្របនឹងការលើកឡើងរបស់លោក Russel។
«យើងបានជជែកគ្នាហើយថាបើសិនជាស្ថាប័នរបស់យើងនៅមិនទាន់រឹងមាំទេ។តុលាការមិនទាន់ឯករាជ្យទេ ប្រព័ន្ធច្បាប់យើងមិនទាន់ធានាទេគឺគេមិនអាចមក(វិនិយោគ)បានទេ។ហើយបើសិនជាស្ថានភាពនយោបាយមិនទាន់នឹងធឹងទេក៏អ្នកវិនិយោគទុនធំៗមិនអាចមកបានដែរ»។
ក្នុងជំនួបជាមួយក្រុមអ្នកយកព័ត៌មានកាលពីម្សិលមិញលោកឧបការីរដ្ឋមន្ត្រីការបរទេសស.រ.អា.ទទួលបន្ទុកកិច្ចការអាស៊ីបាស៊ីហ្វ៊ិក Daniel Russel បានលើកឡើងថា យុត្តិធម៌ដែលមិនត្រូវគេផ្តល់ឲ្យដោយស្មើភាពនៅក្នុងប្រទេសកម្ពុជានឹងធ្វើឲ្យខូចខាតដល់មុខមាត់កម្ពុជានេះ។
លោកបានបញ្ជាក់ថា ស.រ.អា.មានការប្តេជ្ញាចិត្តក្នុងការជួយជ្រោមជ្រែងដល់ប្រទេសកម្ពុជាសម្រាប់ការរីកចម្រើនក្នុងប្រទេស៕