លោក Robert O’Brien ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក បានប្រឆាំងការស្ថាបនាយោធារបស់ចិននៅក្នុងសមុទ្រចិនខាងត្បូងនៅឯជំនួបរបស់មេដឹកនាំអាស៊ីអាគ្នេយ៍នៅក្នុងប្រទេសថៃកាលពីថ្ងៃចន្ទ។
លោក បានមានប្រសាសន៍ថា «រដ្ឋាភិបាលក្រុងប៉េកាំង បានប្រើការបំភិតបំភ័យដើម្បីព្យាយាមបញ្ឈប់ប្រទេសនានានៅក្នុងសមាគមអាស៊ានកុំឲ្យទាញយកប្រយោជន៍ពីធនធាននៅក្នុងសមុទ្ររបស់ខ្លួន ដោយការរារាំងមិនឲ្យរុករកនិងធ្វើអាជីវកម្មអណ្តូងប្រេង និងឧស្ម័នដែលមានតម្លៃ២,៥លានលានដុល្លារ។ កលល្បិចទាំងនោះប្រឆាំងនឹងការគោរពច្បាប់ ភាពត្រឹមត្រូវ និងច្បាប់អន្តរជាតិ។ តំបន់នេះ មិនបានចាប់អារម្មណ៍សម័យចក្រព័ទ្ធថ្មីដែលប្រទេសធំ អាចត្រួតត្រាប្រទេសផ្សេងទៀតនៅពេលឥឡូវនេះទេ»។
ក្នុងអត្ថាធិប្បាយដែលសំដៅលើរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន លោក Le Yucheng អនុរដ្ឋមន្រ្តីការបរទេសចិន បានរិះគន់អ្វីដែលលោក បានហៅថា «ការជ្រៀតជ្រែក» ពីមហាអំណាចក្រៅតំបន់នៅក្នុងការចរចាដើម្បីដោះស្រាយជម្លោះទឹកដី។
ថ្វីបើមានវោហាសាស្រ្តដ៏ក្តៅគគុករវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងប៉េកាំងក៏ដោយ លោក O’Brien និងនាយករដ្ឋមន្រ្តីចិនលោក Li Keqiang បានធ្វើការចរចាទ្វេភាគីនៅខាងក្រៅសន្និសីទកំពូលអាស៊ាន។
លោក O’Brien ក៏បានអានសារមកពីប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ ក្នុងអំឡុងនៃសន្ទរកថារបស់លោកដោយបានអញ្ជើញពួកមេដឹកនាំសមាគមអាស៊ានឲ្យចូលរួមជាមួយលោកនៅក្នុងជំនួបកំពូលពិសេសនៅក្នុងសហរដ្ឋអាមេរិកនៅត្រីមាសទីមួយនៃឆ្នាំ២០២០។
ចិនបានធ្វើការទាមទារផ្ទៃទឹកស្ទើរតែទាំងអស់នៅក្នុងសមុទ្រចិនខាងត្បូងដែលសម្បូរទៅដោយធនធានហើយបានធ្វើឲ្យប្រទេសជិតខាងខឹងសម្បាដោយបញ្ជូននាវាទៅ កាន់ផ្ទៃទឹកដ៏មមាញឹកនោះ ដែលនៅទីនោះ សមាជិកជាច្រើនរបស់អាស៊ានក៏បានទាមទារដែរ៕