ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិកមិន​ផ្តល់​ទិដ្ឋាការ​ដល់​រដ្ឋ​មន្រ្តីការ​បរទេស​អ៊ីរ៉ង់​ដើម្បី​ចូលរួម​ជំនួប​នៅ​ទីស្នាក់​ការ​របស់​អ.ស.បនៅ​បូរីញូយ៉ក​


រូបឯកសារ៖ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Javad Zarif ថ្លែងអំឡុងពេលសន្និសីទសារព័ត៌មានជាមួយរដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov នៅក្រុងមូស្គូ ប្រទេសរុស្ស៊ី កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩។
រូបឯកសារ៖ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Javad Zarif ថ្លែងអំឡុងពេលសន្និសីទសារព័ត៌មានជាមួយរដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov នៅក្រុងមូស្គូ ប្រទេសរុស្ស៊ី កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩។

​សហរដ្ឋ​អាមេរិក ​បដិសេធ​មិន​ផ្តល់​ទិដ្ឋាការ​ដល់​រដ្ឋ​មន្រ្តីការ​បរទេស​អ៊ីរ៉ង់​ដែល​ធ្វើ​ដំ​ណើរ​ទៅ​កាន់​ទីស្នាក់​ការ​ធំ​របស់​អង្គការ​សហប្រជាជាតិ​នៅ​បូរី​ញូយ៉ក​ដើម្បី​ចូល​រួម​ជំនួប​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​នៅ​ថ្ងៃ​ព្រហស្បត៍​ខាង​មុខនេះ ​ដែល​ជា​ការ​រំលោភ​សន្ធិសញ្ញា​របស់​អង្គការ​សហប្រជាជាតិ​ឆ្នាំ​១៩៤៧​ដែល​តម្រូវ​ឲ្យ​សហរដ្ឋ​អាមេរិក​អនុញ្ញាតិ​ឲ្យ​ពួក​មន្រ្តី​បរទេស​ចូល​ក្នុង​សហរដ្ឋ​អាមេរិកដើម្បី​ដោះ​ស្រាយ​បញ្ហា​របស់​អង្គការ​សហប្រជាជាតិ។

រដ្ឋមន្រ្តីការ​បរទេស​អ៊ីរ៉ង់​លោក Javad Zarif បាន​និយាយថា ​លោក​បាន​ទទួល​ព័ត៌មាន​អំ​ពី​ការ​សម្រេច​នេះពីលោក​អគ្គលេខាង​ធិការ​អង្គការ​សហប្រជាជាតិ​ Antonio Guterres ​ដែល​បាន​ធ្វើ​ឲ្យ​មានការ​រឹះគន់​ពីមេដឹកនាំ​អ៊ីរ៉ង់​តាម​ Twitter។

កិច្ចព្រមព្រៀង​អង្គការ​សហប្រជាជាតិ​ឆ្នាំ​១៩៤៧ ​ជាទូទៅ​តម្រូវ​ឲ្យ​សហរដ្ឋ​អាមេ​រិក​អនុញ្ញាតិ​ឲ្យ​មន្រ្តី​បរទេសចេញ​ចូល​អង្គការ​សហប្រជាជាតិ។ក៏ប៉ុន្តែ រដ្ឋបាល​របស់ប្រធា នា​ធិបតី​ត្រាំ ​និយាយ​ថា ខ្លួន​អាច​បដិសេធ​មិនផ្តល់​ទិដ្ឋាការ​ដោយ​សារ​មូលហេតុ​ដែល​ទាក់​ទិន​នឹង«សន្តិសុខ ភេរវកម្ម​និង​គោល​នយោបាយការបរ​ទេស»។

​ក្រសួងការ​បរទេស​សហរដ្ឋ​អាមេរិក​និង​អង្គការ​សហប្រជាជាតិ ​បាន​បដិសេធ​ពុំ​ធ្វើ​អត្ថាធិប្បាយស្តីពីការ​បដិសេធ​ទិដ្ឋាការ​សម្រាប់​លោក Zarif ​នេះ ​ដែល​ត្រូវ​បាន​រាយ​ការណ៍​ជាលើក​ដំបូង​កាល​ពី​ថ្ងៃ​ច័ន្ទ​ដោយ​ទស្សនាវដ្តីគោលនយោបាយ​ការ​បរទេស​ដែល​ដក​ស្រង់​ប្រភពការទូត​ដែល​មិន​ប្រាប់​ឈ្មោះ។​ការ​បដិសេធ​មិន​ផ្តល់​ទិដ្ឋាការ​នេះ ក៏ត្រូវបាន​រាយការណ៍​ដោយ​ទីភ្នាក់​ងារ​ព័ត៌មាន​ Associated Press ​ដែល​បាន​ដក​ស្រង់​ប្រភព​មន្រ្តី​សហរដ្ឋ​អាមេរិក​ដែល​មិន​ប្រាប់ឈ្មោះដែរ។

រដ្ឋមន្រ្តី​ការបរទេស​អ៊ីរ៉ង់​លោក Zarif ​មាន​គម្រោង​ចូលរួម​ជំនួប​របស់ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ​នៅពេល​មាន​ការតាន​តឹងរីកកាន់​តែធំឡើង​រវាង​សហរដ្ឋ​អាមេរិក​និង​អ៊ីរ៉ង់​បន្ទាប់​ពី​ធ្វើ​ឃាត​ឧត្តម​សេនីយ៍អ៊ីរ៉ង់ Qassem Soleimani ​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន៕

XS
SM
MD
LG