ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​នៅ​តំបន់​មជ្ឈិម​បូព៌ា​មាន​ប្រតិកម្ម​ចម្រុះ បន្ទាប់ពី​សហរដ្ឋ​អាមេរិក​សម្លាប់​មេបញ្ជាការ​កំពូល​អ៊ីរ៉ង់​ប្រចាំ​តំបន់​នោះ


ប្រជាជន​អ៊ីរ៉ាក់​ដើរ​លើ​ទង់ជាតិ អាមេរិក​ក្នុង​បាតុករ​មួយ​បន្ទាប់​ពី​វាយប្រហារ​តាមអាកាសនៅ​ទីស្នាក់ការកណ្តាល​ក្រុម​យោធា Kataib Hezbollah ក្នុង​ទីក្រុង Qaim ទីក្រុង​បរិសុទ្ធ Najaf ប្រទេស​អ៊ីរ៉ាក់ កាលពី​ថ្ងៃទី​៣០ ខែធ្នូ ២០១៩។
ប្រជាជន​អ៊ីរ៉ាក់​ដើរ​លើ​ទង់ជាតិ អាមេរិក​ក្នុង​បាតុករ​មួយ​បន្ទាប់​ពី​វាយប្រហារ​តាមអាកាសនៅ​ទីស្នាក់ការកណ្តាល​ក្រុម​យោធា Kataib Hezbollah ក្នុង​ទីក្រុង Qaim ទីក្រុង​បរិសុទ្ធ Najaf ប្រទេស​អ៊ីរ៉ាក់ កាលពី​ថ្ងៃទី​៣០ ខែធ្នូ ២០១៩។

មេដឹកនាំ​កំពូល​អ៊ីរ៉ង់​លោក Ayatollah Ali Khamenei បាន​សន្យា​ថា​នឹង​ធ្វើ​ការ «សងសឹក​ដោយ​ហិង្សា‍» និង​បាន​ប្រកាស​ធ្វើ​ការ​កាន់​ទុក្ខ ៣ ថ្ងៃ សម្រាប់​ការ​ស្លាប់​បុរស​ដៃ​ស្ដាំ​របស់​លោក​នេះ។

មនុស្ស​រាប់​ម៉ឺន​នាក់​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​តាម​ដង​ផ្លូវ​នានា​នៅ​ក្នុង​ទីក្រុង Kerman ប្រទេស​អ៊ីរ៉ង់ ដែល​ជា​ស្រុក​កំណើត​របស់​មេបញ្ជាការ​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​លោក​ឧត្ដមសេនីយ៍ Qassem Soleimani ដើម្បី​បង្ហាញ​អារម្មណ៍​សោកសៅ​កាន់​ទុក្ខ​ចំពោះ​ការ​ស្លាប់​របស់​លោក បន្ទាប់ពី​សហរដ្ឋ​អាមេរិក​បាន​វាយ​ប្រហារ​ក្បួន​រថយន្ត​របស់​លោក​នៅ​ជិត​ប្រលាន​យន្តហោះ​ក្នុង​ទីក្រុង​បាដាដ ប្រទេស​អ៊ីរ៉ាក់។

ថ្នាក់​ដឹកនាំ​កំពូល​នៃ​ប្រទេស​អ៊ីរ៉ង់​បាន​ប្រឆាំង​ទៅ​នឹង​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​សហរដ្ឋ​អាមេរិក​នេះ និង​បាន​សន្យា​ថា​នឹង​ធ្វើ​ការ​សងសឹក។ អ្នក​នាំ​ពាក្យ​របស់​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​លោក Ramadan Sharif បាន​ចាប់ផ្ដើម​យំ​នៅ​ពេល​ដែល​អ្នក​កាសែត​ទូរទស្សន៍​អ៊ីរ៉ង់​មួយ​រូប​សួរ​អំពី​ប្រតិកម្ម​របស់​លោក​ចំពោះ​ការ​ស្លាប់​របស់​លោក Soleimani នេះ។

លោក Sharif និយាយ​ថា សហរដ្ឋ​អាមេរិក និង​ប្រទេស​អ៊ីស្រាអែល​នឹង​មិន​អាច​ត្រេកអរ​សប្បាយ​យូរ​នោះ​ទេ។ ភាព​សប្បាយ​រីករាយ​របស់​ពួកគេ​នឹង​ក្លាយទៅជា​ភាព​សោកសៅ និង​ទុក្ខសោក​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

មេដឹកនាំ​កំពូល​អ៊ីរ៉ង់​លោក Ayatollah Ali Khamenei បាន​សន្យា​ថា​នឹង​ធ្វើ​ការ «សងសឹក​ដោយ​ហិង្សា‍» និង​បាន​ប្រកាស​ធ្វើ​ការ​កាន់​ទុក្ខ ៣ ថ្ងៃ សម្រាប់​ការ​ស្លាប់​បុរស​ដៃ​ស្ដាំ​របស់​លោក​នេះ។ ប្រធានាធិបតី​អ៊ីរ៉ង់​លោក Hassan Rouhani បាន​ប្រកាស​ថា ការ​សម្លាប់​នេះ «នឹង​ធ្វើ​ឲ្យ​អ៊ីរ៉ង់​កាន់តែ​តាំង​ចិត្ត​ខ្លាំង​ជាង​មុន​ថែម​ទៀត​នៅ​ក្នុង​ការ​តតាំង​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក‍»។

ប្រជាពលរដ្ឋ​អ៊ីរ៉ាក់​ជា​ច្រើន​មាន​ការ​ត្រេកអរ​ជា​ខ្លាំង​នៅ​តាម​ដង​ផ្លូវ​នានា​ក្នុង​ទីក្រុង​បាដាដ បន្ទាប់ពី​បាន​ឮ​ដំណឹង​នេះ។ ប៉ុន្តែ ប្រធានាធិបតី​អ៊ីរ៉ាក់​លោក Barham Salih បាន​ថ្កោលទោស​ការ​វាយ​ឆ្មក់​របស់​សហរដ្ឋ​អាមេរិក​នេះ និង​បាន​អំពាវនាវ​ឲ្យ​ភាគី​ទាំង​អស់ «ធ្វើ​ការ​អត់ធ្មត់​ឲ្យ​បាន​ជា​អតិបរមា‍»។

នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់​លោក Adel Abdel Mehdi បាន​ហៅ​ការ​វាយ​ប្រហារ​នេះ​ថា​ជា «ការ​រំលោភ​ធ្ងន់ធ្ងរ‍» លើ​កិច្ច​ព្រមព្រៀង​ស្ដី​អំពី​វត្តមាន​របស់​ទាហាន​អាមេរិកាំង​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់។

បុរស​អ៊ីរ៉ាក់​ម្នាក់ ដែល​ត្រូវ​បាន​សម្ភាសន៍​នៅ​ទីលាន Tahrir ដ៏​ល្បីល្បាញ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ ដែល​ជា​ទីតាំង​ដែល​ពលរដ្ឋ​អ៊ីរ៉ាក់​ធ្វើ​ការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ជិត ៣ ខែ បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អារ៉ាប់​ថា លោក «សង្ឃឹម​ថា សហរដ្ឋ​អាមេរិក និង​អ៊ីរ៉ង់​អាច​បន្ត​ការ​ឈ្លោះ​គ្នា​របស់​ពួកគេ​នៅ​ក្រៅ​ប្រទេស​អ៊ីរ៉ាក់‍»។

លោក Sheikh Abdel Medhi al-Karbalaie អ្នក​នាំ​ពាក្យ​របស់​មេដឹកនាំ​សាសនា​ឥស្លាម​និកាយ Shi'ite កំពូល​របស់​អ៊ីរ៉ាក់ បាន​ប្រាប់​អ្នក​បួងសួង​នៅ​ក្នុង​ពិធី​សូត្រ​ធម៌​បួងសួង​ក្នុង​ទីក្រុង Najaf ប្រទេស​អ៊ីរ៉ាក់​កាល​ពី​ថ្ងៃ​សុក្រ​ថា លោក​ប្រឆាំង​ទៅ​នឹង​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​សហរដ្ឋ​អាមេរិក​លើ​ក្រុង Qaim នៅ​ព្រំដែន​អ៊ីរ៉ាក់​កាលពី​សប្ដាហ៍​មុន​ដែល​បាន​សម្លាប់​កង​ជីវពល Shi'ite ២៥ នាក់ ការ​វាយ​ប្រហារ​លើ​លើ​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ទីក្រុង​បាដាដ ប្រទេស​អ៊ីរ៉ាក់ និង​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​សហរដ្ឋ​អាមេរិក​ដែល​បាន​សម្លាប់​លោក Qassem Soleimani។ លោក​ហៅ​ការ​វាយ​ប្រហារ​ទាំង​នេះ​ថា​ជា​ការ​រំលោភ​ធ្ងន់ធ្ងរ​លើ​អធិបតេយ្យភាព​ប្រទេស​អ៊ីរ៉ាក់។

ប្រតិកម្ម​របស់​សាធារណជន​នៅ​ក្នុង​ប្រទេស​អារ៉ាប់​ភាគ​ច្រើន​ដែល​មាន​ពលរដ្ឋ​កាន់​សាសនា​ឥស្លាម​និកាយ Sunni ដូចជា​អេហ្ស៊ីប អារ៉ាប៊ីសាអ៊ូឌីត និង​ប្រទេស​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់​ឈូង​សមុទ្រ​ពែក្ស គឺ​ភាគ​ច្រើន​គាំទ្រ​ការណ៍​ដែល​សហរដ្ឋ​អាមេរិក​សម្លាប់​លោក Soleimani នេះ។ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​តាម​អ៊ីនធឺណិត​ភាគ​ច្រើន​បាន​បង្ហោះ​វីដេអូ​នៃ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​រ៉ុកកែត​ដ៏​ខ្លាំងក្លា​នេះ ដែល​បាន​សម្លាប់​លោក Soleimani និង​បាន​កម្ទេច​រថយន្ត​ដែល​លោក Soleimani កំពុង​ជិះ។

ក្រុម​កង​ជីវពល Hezbollah ឥស្លាម​និកាយ Shi'ite នៅ​ក្នុង​ប្រទេស​លីបង់​បាន​ស្រែក​បន្ទរ​ថា «ស្លាប់​ទៅ​សហរដ្ឋ​អាមេរិក‍» និង «ស្លាប់​ទៅ​អ៊ីស្រាអែល‍» នៅ​ឯ​វិហារ​ឥស្លាម​មួយ​កន្លែង​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​លីបង់ ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការ​សម្លាប់​លោក Soleimani នេះ។ លោក Soleimani បាន​ចំណាយ​ពេល​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​លីបង់​តាំង​ពី​ទសវត្សរ៍ ១៩៨០ មក និង​ជា​អ្នក​រួម​ចំណែក​នៅ​ក្នុង​ការ​បង្កើត​ក្រុម Hezbollah ដែល​មាន​ទំនោរ​ទៅ​រក​ប្រទេស​អ៊ីរ៉ង់ ដែល​ជា​ក្រុម​មួយ​ដែល​បាន​វាយ​ប្រយុទ្ធ​ជាមួយ​នឹង​ប្រទេស​អ៊ីស្រាអែល​រហូត​ទាល់តែ​ដល់​ពេល​ដែល​ក្រុម​នេះ​ចាកចេញ​ពី​ប្រទេស​លីបង់​នៅ​ឆ្នាំ ២០០១៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG