ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ថា ​មិន​មាន​កិច្ច​ព្រមព្រៀង​ដោះដូរ​ចំណាប់​ខ្មាំង​ជាមួយ​អ៊ីរ៉ង់​ទេ


រូបឯកសារ៖ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Ned Price ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាប្រចាំថ្ងៃនៅក្រសួងការបរទេសអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២១។
រូបឯកសារ៖ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Ned Price ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាប្រចាំថ្ងៃនៅក្រសួងការបរទេសអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២១។

សហរដ្ឋ​អាមេរិក​បាន​ច្រានចោល​សេចក្ដី​រាយការណ៍​មួយ​របស់​ទូរទស្សន៍​រដ្ឋ​អ៊ីរ៉ង់​ ដែល​ថា រដ្ឋាភិបាល​អ៊ីរ៉ង់​បាន​ឈាន​ដល់​ការ​ព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​និង​ចក្រភព​អង់គ្លេស ​អំពី​ការ​ដោះលែង​អ្នក​ទោស​ដែល​ពាក់ព័ន្ធ​នឹង​បស្ចិម​ប្រទេស​ជា​ថ្នូរ​នឹង​ប្រាក់​ជំនួយ​សេដ្ឋកិច្ច​ថ្មី​រាប់​ពាន់​លាន​ដុល្លារ។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Ned Price បាន​បញ្ជាក់​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា៖ «សេចក្ដី​រាយការណ៍​ដែល​ថា ការ​ព្រមព្រៀង​ដោះដូរ​អ្នក​ទោស​ត្រូវ​បាន​សម្រេច​ឡើង​នោះ គឺ​មិន​ពិត​ទេ។ ដូច​ដែល​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​រួច​មក​ហើយ សហរដ្ឋ​អាមេរិក​តែងតែ​លើកឡើង​អំពី​ករណី​ជនជាតិ​អាមេរិកាំង​ដែល​ជាប់​ឃុំ​ ឬ​បាត់​ខ្លួន​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់។ សហរដ្ឋ​អាមេរិក​នឹង​មិន​បញ្ឈប់​ទេ រហូត​ទាល់តែ​យើង​អាច​ធ្វើ​ឲ្យ​ពួកគេ​បាន​ជួបជុំ​ក្រុម​គ្រួសារ​របស់​ពួកគេ​ឡើង​វិញ»។

នាយក​ខុទ្ទកាល័យ​សេតវិមាន​លោក Ron Klain ក៏​បាន​បដិសេធ​ផងដែរ ​អំពី​សេចក្ដី​រាយការណ៍​របស់​អ៊ីរ៉ង់​នេះ។ លោក​បាន​បញ្ជាក់​នៅ​ក្នុង​កម្មវិធី «Face the Nations» របស់​ទូរទស្សន៍ CBS ថា៖ «មិន​មាន​កិច្ច​ព្រមព្រៀង​ណា​មួយ​ដើម្បី​ដោះលែង​ពលរដ្ឋ​អាមេរិកាំង​ទាំង ៤ នាក់​នោះ​ទេ។ យើង​កំពុង​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ដើម្បី​ឲ្យ​មាន​ការ​ដោះលែង​ពួកគេ»។

ទូរទស្សន៍​រដ្ឋ​របស់​អ៊ីរ៉ង់​បាន​ស្រង់​សម្ដី​ប្រភព​មួយ​ដែល​បាន​និយាយ​ថា៖ «សហរដ្ឋ​អាមេរិក​យល់ព្រម​បង់​ប្រាក់​ចំនួន ៧ ពាន់​លាន​ដុល្លារ​ ដើម្បី​ដោះដូរ​ពលរដ្ឋ​អ៊ីរ៉ង់ ៤ នាក់ ជាមួយ​ចារបុរស​អាមេរិកាំង ៤ នាក់»។

អ៊ីរ៉ង់​ត្រូវ​បាន​គេ​ដឹង​ថា​បាន​ឃុំ​ឃាំង​ពលរដ្ឋ​អាមេរិកាំង ៤ នាក់​នៅ​ក្នុង​ពន្ធនាគារ។ ពលរដ្ឋ​ទាំង ៤ នាក់​នោះ​គឺ​លោក Baquer លោក Siamak Namazi បរិស្ថាន​វិទូ​លោក Morad Tahbaz និង​ពាណិជ្ជករ​អាមេរិកាំង​ដើម​កំណើត​អ៊ីរ៉ង់​លោក Emad Shargi។ ទូរទស្សន៍​រដ្ឋ​អ៊ីរ៉ង់​មិន​បាន​បង្ហាញ​ឈ្មោះ​របស់​ពលរដ្ឋ​អ៊ីរ៉ង់​នៅ​ក្នុង​សេចក្ដី​រាយការណ៍​អំពី​ការ​ដោះដូរ​នោះ​ទេ៕

XS
SM
MD
LG