ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក បញ្ជាក់​ឡើងវិញ​អំពី​សម្ព័ន្ធភាព​ជាមួយ​អ៊ីស្រាអែល


រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Benny Gantz (ស្ដាំ) បង្ហាញរដ្ឋមន្រ្តី​ក្រសួងការពារជាតិ​អាមេរិក​លោក Lloyd Austin (ឆ្វេង) នូវគំរូនៃប្រព័ន្ធការពារមីស៊ីល Iron Dome ដែលត្រូវបានប្រើ​ដោយអ៊ីស្រាអែលនិងកងទ័ពអាមេរិកនៅ​មូលដ្ឋានទ័ព​អាកាស​អ៊ីស្រាអែល Nevatim នៅថ្ងៃចន្ទទី ១២ ខែមេសា ឆ្នាំ២០២១។

រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក Lloyd Austin បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ីស្រាអែល​លោក Benny Gantz កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​រយៈពេល ២ ថ្ងៃ​របស់​លោក​ទៅ​កាន់​ប្រទេស​អ៊ីស្រាអែល។

លោក Austin បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា៖ «យើង​បាន​ពិភាក្សា​អំពី​បញ្ហា​ជា​ច្រើន​ទាក់ទិន​នឹង​ផ្នែក​ការពារ ដូចជា​គម្រោង​រយៈពេល​វែង​របស់​អ៊ីស្រាអែល​សម្រាប់​ដំណើរការ​ការពារ បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ​នៅ​ក្នុង​តំបន់ និង​ការ​ជួយ​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​កិច្ច​ប្រឹងប្រែង​នានា​នៅ​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​ប្រក្រតីភាព​ឡើង​វិញ​នូវ​ទំនាក់ទំនង​រវាង​អ៊ីស្រាអែល​និង​បណ្ដា​ប្រទេស​អារ៉ាប់​និង​ប្រទេស​ដែល​មាន​ពលរដ្ឋ​ភាគ​ច្រើន​កាន់​សាសនា​ឥស្លាម​ជាដើម»។

លោក Austin ក៏​បាន​បញ្ជាក់​ឡើង​វិញ​អំពី​ការ​តាំងចិត្ត​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​មាន​សម្ព័ន្ធភាព​ដ៏​រឹងមាំ​មួយ​ជាមួយ​អ៊ីស្រាអែល និង​បាន​កត់​សម្គាល់​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក បាន​ធ្វើ​ឡើង​មិន​យូរ​ប៉ុន្មាន​នៅ​ក្រោយ​ទិវា​ចងចាំ ដែល​ជា​ទិវា​គោរព​ដល់​ជាតិ​សាសន៍​ជ្វីហ្វ​ប្រហែល ៦ លាន​នាក់​ដែល​បាន​បាត់បង់​ជីវិត​នៅ​ក្នុង​អំឡុង​ពេល​នៃ​ការ​សម្លាប់​រង្គាល​ក្នុង​សម័យ​សង្គ្រាម​លោក​លើក​ទី​ពីរ។

លោក Austin គឺជា​មន្ត្រី​ជាន់​ខ្ពស់​ដំបូង​បង្អស់​នៃ​គណៈរដ្ឋមន្ត្រី​របស់​លោក​ប្រធានាធិបតី Joe Biden ដែល​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​អ៊ីស្រាអែល ចាប់​តាំងពី​រដ្ឋបាល​របស់​លោក Biden បាន​ប្រកាស​ថា ខ្លួន​នឹង​ធ្វើ​ការ​ចរចា​ដើម្បី​ស្តារ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ ឡើង​វិញ។

លោក Gantz បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា អ៊ីស្រាអែល​នឹង​សហការ​ជាមួយ​សហរដ្ឋ​អាមេរិក​លើ​រឿង​អ៊ីរ៉ង់។

លោក​បាន​បញ្ជាក់​ប្រាប់​អ្នក​កាសែត​ដូច្នេះ​ថា៖ «អ៊ីស្រាអែល​ចាត់ទុក​សហរដ្ឋ​អាមេរិក​ជា​ដៃគូ​ពេញលេញ​មួយ​នៅ​គ្រប់​បញ្ហា​ទាំង​អស់ មិន​ត្រឹមតែ​បញ្ហា​អ៊ីរ៉ង់​ប៉ុណ្ណោះ​ទេ»៕

XS
SM
MD
LG