ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden គាំទ្រ​ផែនការ​ចំណាយ ​៣,៥​ លាន​លាន​ដុល្លារ ខណៈគណបក្ស​សាធារណរដ្ឋ​រិះគន់​កញ្ចប់​ចំណាយ​ដ៏​ធំ​នេះ


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden និង​អនុ​ប្រធានាធិបតី​អ្នកស្រី Kamala Harris ជួបពិភាក្សា​អំពី​ហេដ្ឋារចនាសម្ព័ន្ធ​ជាមួយ​ក្រុមទ្វេភាគី​នៃ​អភិបាលរដ្ឋ​និង​អភិបាលក្រុង​សហរដ្ឋអាមេរិក នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden និង​អនុ​ប្រធានាធិបតី​អ្នកស្រី Kamala Harris ជួបពិភាក្សា​អំពី​ហេដ្ឋារចនាសម្ព័ន្ធ​ជាមួយ​ក្រុមទ្វេភាគី​នៃ​អភិបាលរដ្ឋ​និង​អភិបាលក្រុង​សហរដ្ឋអាមេរិក នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១។

លោក​ប្រធានាធិបតី​ Joe Biden​ បាន​ការពារ​កិច្ច​ផ្តួចផ្តើម​ហេដ្ឋា​រចនា​សម្ព័ន្ធ​របស់​លោក​ដ៏​ធំមួយ​នៅ​វិមាន​សភា​កាលពី​ថ្ងៃ​ពុធ ​គឺ​មួយ​ថ្ងៃ​បន្ទាប់ពី​អ្នក​ប្រជា​ធិបតេយ្យ​នាំ​មុខ​មួយ​ក្រុម​នៅ​ក្នុង​ព្រឹទ្ធសភា បាន​ព្រមព្រៀង​គ្នា​លើ​ផែនការ​ដែល​មាន​ទឹក​ប្រាក់​ ៣,៥​ លាន​លាន​ដុល្លារ​ ដែល​ជា​ការចំណាយ​ដ៏​ច្រើន​បំផុត​ជួយ​ក្រុម​គ្រួសារ​នៅ​សហ​រដ្ឋ​អាមេរិក​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ទសវត្សរ៍​នេះ។​

លោក​ប្រធានាធិបតី ​Biden ​បាន​ចូល​រួម​ជាមួយ​សហការី​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ​នៅ​ក្នុង​ពិធី​ពិសាអាហារ​ថ្ងៃត្រង់​បិទ​ទ្វារ ទី​ដែល​លោក​បាន​ស្វះ​ស្វែង​រក​ការ​គាំទ្រ​របស់​ពួកគេ​ និង​បាន​ពិភាក្សា​យុទ្ធសាស្ត្រ​ដើម្បី​អនុម័ត​កិច្ច​ព្រមព្រៀង​ហេដ្ឋា​រចនា​សម្ព័ន្ធ​របស់​គណបក្ស​ទាំង​២​ដែល​មាន​ទឹក​ប្រាក់​ ១,២​ លានលានដុល្លារ​ដើម្បី​ស្ថាបនា​ផ្លូវ​ និង​ស្ពាន​នៅ​អាមេរិក​ឡើង​វិញ ​និង​កញ្ចប់​ចំណាយ​កាន់​តែ​ច្រើន​របស់​គណបក្ស​ប្រជា​ធិបតេយ្យ​ដែល​នឹង​ដោះស្រាយ​ការ​ប្រែប្រួល​អាកាសធាតុ​ និង​តម្រូវ​ការ​សម្រាប់​សេវា​កម្ម​សង្គម។​

នៅពេល​ដែល​លោក​ដើរ​ទៅ​ចូល​រួម​ប្រជុំ​ជាមួយ​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ​ លោក​ប្រធានាធិបតី ​Biden ​បាន​មាន​ប្រសាសន៍​ថា​ «យើង​នឹង​ធ្វើ​ឲ្យ​កិច្ច​ព្រមព្រៀង​នេះ​បាន​សម្រេច​ជោគជ័យ»។​

ពួក​គណបក្ស​សាធារណរដ្ឋ​ បាន​ជំទាស់​ភ្លាមៗ​ប្រឆាំង​នឹង​ទំហំ​នៃ​គម្រោង​ដ៏​ធំ​នេះ​ ហើយ​យ៉ាង​ហោចណាស់​មាន​សមាជិក​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ​និយម​ផ្លូវ​កណ្តាល​ដ៏​សំខាន់​ម្នាក់​ ក៏​បាន​ប្រឆាំង​ដែរ ​ដែល​ការ​គាំទ្រ​របស់​សមាជិក​ព្រឹទ្ធសភា​នោះ​ គឺ​ជា​គន្លឹះ​សម្រាប់​អនុម័ត​កិច្ច​ព្រមព្រៀង​នេះ។​

លោក​សមាជិក​ព្រឹទ្ធសភា ​Chris Murphy​ បាន​បញ្ជាក់​ថា ​លោក ​Biden ​បាន​ជំរុញ​ឲ្យ​សមាជិក​ព្រឹទ្ធ​សភា​គិត​អំពី​កញ្ចប់​ចំណាយ​ដែល​នឹង​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​ប្រជា​ពលរដ្ឋ​អាមេរិកាំង​ថ្នាក់​កណ្តាល។ ​

ការ​ស្ទង់​មតិ​របស់​ក្រុមហ៊ុន​ Ipsos ​នៅ​ខែ​នេះ​ឲ្យ​ទីភ្នាក់ងារ​ព័ត៌មាន ​Reuters ​បាន​រក​ឃើញ​ថា ​ប្រជា​ពល​រដ្ឋ​អាមេរិកាំង​ភាគ​ច្រើន​ចង់​ឲ្យ​មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​ប្រសើរ​ឡើង​ដែល​រួមមាន​នៅ​ក្នុង​ផែន​ការ​របស់​លោក ​Biden។​ ​ការ​ស្ទង់​មតិ​នោះ ​ក៏​បាន​រក​ឃើញ​ដែរ​ថា ​ប្រជា​ពលរដ្ឋ​ជិត​២​ភាគ​៣​នៅ​ក្នុង​ប្រទេស​ គាំទ្រ​ការ​បង្កើន​ពន្ធ​លើ​ពលរដ្ឋ​អាមេរិកាំង​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់​ដើម្បី​ធ្វើ​ឲ្យ​ហេដ្ឋា​រចនា​សម្ព័ន្ធ​បាន​ប្រសើរ​ឡើង៕

XS
SM
MD
LG