ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រឹទ្ធ​សភា​អាមេរិក​ពិចារណា​​លើ​កញ្ចប់​ថវិកា​ដ៏​ធំ​​មួយ​សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ


រូបឯកសារ៖ លោក Chuck Schumer ប្រធាន​​ព្រឹទ្ធសភា​សំឡេង​ភាគ​ច្រើន​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​វិមាន​សភា​សហរដ្ឋ​អាមេរិក ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១។
រូបឯកសារ៖ លោក Chuck Schumer ប្រធាន​​ព្រឹទ្ធសភា​សំឡេង​ភាគ​ច្រើន​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​វិមាន​សភា​សហរដ្ឋ​អាមេរិក ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១។

សមាជិក​ព្រឹទ្ធ​សភា​សហ​រដ្ឋ​អាមេរិក​បាន​ដាក់​ចេញ​នូវ​សេចក្តី​ព្រាង​កញ្ចប់​ថវិកា​ហេដ្ឋា​រចនា​សម្ព័ន្ធ​របស់​គណបក្ស​ទាំង​ពីរ​ ដែល​មាន​តម្លៃ​ប្រមាណ​១​លាន​លាន​ដុល្លារ​ដើម្បី​ជួស​ជុល​ផ្លូវថ្នល់​ និង​ស្ពាន​ ដែល​ទ្រុឌទ្រោម​នៅក្នុងសហ​រដ្ឋអាមេរិក ​និង​ពង្រីក​បណ្តាញសេវា​អ៊ីនធឺណិត​ល្បឿន​លឿន​នៅ​ទូទាំង​ប្រទេស​ផង​ដែរ។

សំណើ​នេះ​បាន​កើត​មាន​ឡើង​នៅ​ក្នុង​អំឡុងពេល​នៃ​កិច្ចប្រជុំ​ដ៏​កម្រ​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ​ ហើយ​សមាជិក​សភា​នឹង​មាន​ឱកាសស្នើ​វិសោធនកម្ម​ចំពោះ​សេចក្តី​ព្រាង​ច្បាប់​កម្រាស់​២.៧០០​ទំព័រ​នោះ។សំណើ​នេះ​ជា​លទ្ធផល​នៃការ​ចរចា​គ្នា​ជា​ច្រើន​សប្តាហ៍​រវាង​សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​ប្រជាធិបតេយ្យ គណបក្ស​សាធារណរដ្ឋ​ និង​សេតវិមាន។ សំណើ​នេះ​រួម​មាន​គម្រោង​ចំណាយ​ថ្មី​មាន​ទឹក​ប្រាក់​ប្រមាណ​៥៥០​លាន​ដុល្លារ និង​មូលនិធិ​៤៥០​ពាន់​លាន​ដុល្លារ​ ដែល​ត្រូវ​បាន​យល់ព្រម​កន្លង​ទៅ។

ទឹក​ប្រាក់​ដែលរួម​បញ្ចូលក្នុង​កញ្ចប់​ថវិកា​នោះ​គឺ​មានចំនួន​១១០​ពាន់​លាន​ដុល្លារ​សម្រាប់​ផ្លូវ​ និង​ស្ពាន ចំនួន​៣៩​ពាន់​លាន​ដុល្លារ​សម្រាប់​ធ្វើ​ទី​កន្លែង​ឆ្លង​កាត់​របស់អ្នក​ដំណើរ​ និង​៦៦​ពាន់​ដុល្លារ​ទៀត​សម្រាប់​ផ្លូវ​រថភ្លើង។ ចំណែក​ទឹក​ប្រាក់៥៥​ពាន់​លាន​ដុល្លារត្រូវ​បាន​បម្រុង​សម្រាប់ទឹក​បរិភោគ និង​ហេដ្ឋារចនា​សម្ព័ន្ធ​ទឹក​សំណល់​ ហើយ​នឹង​រាប់​ពាន់​លានដុល្លារ​ទៀត​សម្រាប់​អាកាសយានដ្ឋាន កំពង់ផែ​ បណ្តាញ​សេវា​អ៊ីនធឺណិត​ល្បឿន​លឿន ​និង​ស្ថានីយ​បញ្ចូលថាមពល​រថយន្ត​ប្រើ​អគិ្គសនី។​

ថ្លែង​ទៅ​កាន់​កិច្ច​ប្រជុំ​ព្រឹទ្ធ​សភាកាល​ពី​ថ្ងៃ​អាទិត្យ​ ប្រធានសំឡេង​ភាគ​ច្រើន​នៃ​គណបក្ស​ប្រជាធិបតេយ្យ​លោក Chuck Schumer លើក​ឡើង​ថា៖ «ដោយ​សារ​សេចក្តី​ព្រាង​ច្បាប់​នេះ​ត្រូវ​បានស្នើ​ឡើង​ដោយ​គណបក្ស​ទាំង​ពីរ​ និង​មាន​ការ​ងារ​លម្អិតជា​ច្រើន​នោះ អ៊ីចឹង​ខ្ញុំ​គិត​ថា​ ព្រឹទ្ធ​សភាអាច​ដំណើរ​ការធ្វើ​វិសោធនកម្ម​ និង​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​នេះក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ»។

សមាជិក​ព្រឹទ្ធ​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​លោក​ Rob Portman ​ដែល​ជា​អ្នក​ចរចា​មួយ​រូប​សម្រាប់​កញ្ចប់​ថវិកា​នេះ បាន​ឲ្យ​ដឹង​ថា ច្បាប់​នេះ​នឹង​មាន​ប្រយោជន៍​ជា​ខ្លាំង​ដល់​ពលរដ្ឋ​អាមេរិក។​

កញ្ចប់​ថវិកា​នេះ​គឺ​ជា​អាទិភាពដ៏ធំ​បំផុត​មួយ​នៃ​អាទិភាពរបស់​លោកប្រធានាធិបតី Joe Biden។​

សេតវិមានប្រមាណ​ថា ការ​ចំណាយ​នោះ​អាច​បន្ថែម​ការ​ងារ​ថ្មី​ប្រមាណ​២​លានក្នុង​មួយ​ឆ្នាំៗ​ ដែល​ភាគ​ច្រើន​ក្នុង​វិស័យ​សំណង់​ នៅ​ទសវត្សរ៍​ខាង​មុខ៕​

XS
SM
MD
LG