នៅថ្ងៃសៅរ៍នេះ រដ្ឋនៅប៉ែកខាងលិចសហរដ្ឋអាមេរិកចំនួន៣ គឺរដ្ឋ Alaska រដ្ឋ Hawaii និងរដ្ឋWashington នឹងធ្វើការបោះឆ្នោតcaucuses នៅក្នុងការប្រជែងសម្រាប់តំណែងប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ ក្នុងជំហានឆ្ពោះទៅកាន់មហាសន្និបាតគណបក្សប្រជាធិបតេយ្យ។
លោកស្រី Hillary Clinton អតីតរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកគឺជា អ្នកនាំមុខគេខាងគណបក្សប្រជាធិបតេយ្យ ដែលមានចំនួនប្រតិភូច្រើនជាងគេ ប៉ុន្តែលោក Bernie Sanders សមាជិកព្រឹទ្ធសភារដ្ឋVermont មិនព្រមឈប់ត្រឹមនេះនោះទេ ហើយនៅក្នុងតំបន់មួយចំនួន លោកSanders ជាដៃគូប្រជែងយ៉ាងខ្លាំងក្លារបស់លោកស្រី Clinton។
នៅក្នុងសុន្ទរកថាកាលពីថ្ងៃពុធបន្ទាប់ពីមានការវាយប្រហារដ៏ប្រល័យក្នុងរដ្ឋធានីប៊្រុចសែល លោកស្រី Clinton បានផ្តោតយកចិត្តទុកដាក់លើបេក្ខជនឈរឈ្មោះប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋគឺលោក Donald Trump និងលោក Ted Cruz និងអ្វីដែលលោកស្រីហៅថាជាគោលនយោបាយការបរទេសដ៏ព្រហើនដោយគ្មានកោតក្រែងរបស់ពួកគេទាំង២។
លោកស្រី Clinton បានមានប្រសាសន៍ថា «យើងត្រូវពឹងផ្អែកលើអ្វីដែលធ្វើបានពិតប្រាកដ មិនមែនជាការក្អេងក្អាងដែលធ្វើឲ្យចំណងទាក់ទងរបស់យើងជាមួយនឹងសម្ព័ន្ធមិត្តប្រេះឆានោះទេ ហើយវាក៏មិនធ្វើឲ្យយើងមានសុវត្ថិភាពជាងមុននោះទេ។
លោក Sanders ដែលមានប្រជាប្រិយភាពចំពោះមនុស្សជំនាន់សហស្សវត្សរ៍ និងអ្នកបោះឆ្នោតលើកដំបូងនោះ បានមានប្រសាសន៍ថា «យើងត្រូវការបដិវត្តន៍នយោបាយ»។
ក្រុមអ្នកវិភាគនិយាយថា ការបោះឆ្នោតcaucuses ក្នុងរដ្ឋទាំង៣នៅថ្ងៃសៅរ៍នេះ អាចនឹងមានលទ្ធផលល្អសម្រាប់លោក Sanders ពីព្រោះថា ការប្រជែងនៅក្នុងការបោះឆ្នោត caucuses ទំនងជាទាក់ទាញអ្នកប្រជាធិបតេយ្យសេរីដែលសកម្មបំផុត។ ជាងនេះទៅទៀត លោក Sanders ទទួលបានការគាំទ្រពីអ្នកបោះឆ្នោតវ័យក្មេង ដែលជាក្រុមសំខាន់ដែលធ្វើឲ្យលោកប្រធានាធិបតី Barack Obama កាន់តំណែង២អាណត្តិជាប់គ្នានៅក្នុងសេតវិមាន។
លោកស្រី Clinton ត្រូវការប្រតិភូចំនួន៦៧២ទៀតដើម្បីទទួលបានការតែងតាំងជាបេក្ខជនប្រធានាធិបតី។ លោក Sanders ត្រូវការប្រតិភូលើសពីលោកស្រីClinton ទ្វេដង ហើយនៅថ្ងៃសៅរ៍នេះ លោកត្រូវការប្រតិភូយ៉ាងហោចណាស់ចំនួន១៤២ដើម្បីទទួលបានប្រតិភូគោលដៅចំនួន២៣៨៣៕