លោកប្រធានាធិបតីស.រ.អា. បារ៉ាក់ អូបាម៉ា បានមានប្រសាសន៍ប្រាប់សមាជិកគណបក្សលោកថា លោកមានការប្រាកដក្នុងចិត្តថា សមាជិកម្នាក់នៃគណបក្សប្រជាធិបតេយ្យនឹងក្លាយទៅជាប្រធានាធិបតីអាមេរិកាំងបន្ទាប់ពីលោក។
ថ្លែងកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងក្រុង Baltimore នៅខាងជើងរដ្ឋធានីវ៉ាស៊ីនតោន លោកប្រធានាធិបតីបានមានប្រសាសន៍ថា «សមាជិកនៃគណបក្សប្រជាធិបតេយ្យនឹងឈ្នះឆ្នោតក្នុងខែវិច្ឆិកាហើយយើងនឹងមានអ្នកប្រជាធិបតេយ្យម្នាក់នឹងបន្តតំណែងពីខ្ញុំ»។
លោកអូបាម៉ាបានមានប្រសាសន៍ថា លោកមានទំនុកចិត្តលើការទស្សន៍ទាយរបស់លោក ពីព្រោះសមាជិកនៃគណបក្សប្រជាធិបតេយ្យ «ផ្តោតការយកចិត្តទុកដាក់លើអ្វីៗដែលមានសារៈសំខាន់នៅក្នុងជីវិតរបស់ប្រជារាស្ត្រអាមេរិកាំង»។
មេដឹកនាំស.រ.អា.រូបនេះបានថ្លែងសុន្ទរកថាទៅកាន់សមាជិកសភាខាងគណបក្សប្រជាធិបតរយ្យនៅកន្លែងសម្រាកកាយប្រចាំរបស់ពួកគេ។
នៅក្នុងការរិះគន់មួយដល់លោក Donald Trump បេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ លោកអូបាម៉ាបានមានប្រសាសន៍នៅក្នុងការប្រជុំនេះថា «យើងនឹងមិនពង្រឹងភាពជាមេដឹកនាំរបស់យើងនៅទូទាំងពិភពលោកដោយអនុញ្ញាតឱ្យអ្នកនយោបាយប្រមាថមើលងាយអ្នកកាន់សាសនាឥស្លាម ឬញុះញង់ក្រុមផ្សេងៗនៃប្រជារាស្ត្រអាមេរិកាំងឱ្យឈ្លោះគ្នានោះទេ»។
លោក Trump ដែលសង្ឃឹមថានឹងកាន់តំណែងប្រធានាធិបតីស.រ.អា.បានអំពាវនាវឱ្យមានបំរាមបណ្តោះអាសន្នមិនអនុញ្ញាតឱ្យអ្នកគោរពសាសនាឥស្លាម ចូលមកក្នុងស.រ.អា. ហើយលោកក៏បានបង្កឱ្យមានការបែកបាក់គ្នាក្នុងគណបក្សសាធារណរដ្ឋផងដែរ៕