ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ពួក​បេក្ខជន​​ខិត​ខំ​​ធ្វើ​យុទ្ធនាការ​​ឃោសនា​ចុង​ក្រោយ​​មុន​ពេល​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ

  • Michael​ Brown

លោកស្រី ហ៊ីឡារីគ្លីន​តុន​ពេលជួបអ្នកគាំទ្រ​ក្នុង​អំឡុង​ពេល​​​បោះឆ្នោត​ពាក់កណ្តាលអាណត្តិ។​

នៅទូទាំង​សហ​រដ្ឋ​អាមេរិក​ ​ពួកបេក្ខជន​កំពុងធ្វើ​ការ​អង្វករ​ចុងក្រោយ​ដល់ពួក​អ្នក​បោះ​ឆ្នោតមុន​ពេលការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិនៅ​ថ្ងៃ​អង្គារ​នេះ។ ​ការ​ប្រកួត​ប្រជែង​គ្នានេះ​នឹង​សម្រេច​ ថា​តើ​គណ​បក្ស​ណា​នឹង​ត្រួតត្រា​សភា​និមួយៗរបស់​សហ​រដ្ឋ​អាមេ​រិក​នៅ​ក្នុង​ការ​កាន់​តំណែង​រយៈ​ពេល​២​ឆ្នាំចុង​ក្រោយ​របស់​ប្រធានាធិបតី​បារ៉ាក់ ​អូបាម៉ា។ ​ការ​ស្ទង់​មតិ​សាធារណៈ​នៅ​ពេល​ថ្មីៗនេះ​បាន​បង្ហាញ​ថា ​អ្នកបោះឆ្នោតហាក់​ដូចជា​មាន​ទំនោរ​រក​គណបក្ស​សាធារណរដ្ឋ​ នៅពេល​ដែល​យុទ្ធនាការបោះឆ្នោត​ខិត​ចូល​ទី​បញ្ចប់។

នេះ​ជាពេល​វេលា​ដ៏​សំខាន់សម្រាប់​ពួក​បេក្ខជន​ដែល​កំពុង​ស្វះស្វែងប្រមូល​ពួក​អ្នក​គាំទ្រហើយ​នឹង​បញ្ចុះ​បញ្ចូល​ពួក​អ្នក​បោះឆ្នោត​ដែល​មិន​ទាន់​សម្រេច​ចិត្ត​បោះឆ្នោត​ឲ្យ​គណបក្ស​ណា។​ លោកស្រី​ Michelle Nunn​ បេក្ខជន​ព្រឹទ្ធ​សភា​គណបក្ស​ប្រជា​ធិបតេយ្យ​របស់​រដ្ឋ ​Georgia​ និយាយ​ថា៖​

«យើង​កំពុង​ដាស់តឿន​មនុស្ស​គ្រប់​គ្នា​អំពី​អំណាចដើម្បី​ធ្វើ​ឲ្យ​មានការ​ផ្លាស់​ប្តូរនៅ​ក្នុង​ការ​បោះឆ្នោត​នេះ​ ដោយ​ចេញ​ទៅ​បោះ​ឆ្នោត»។​

សូម​ទស្សនាការ​ឆ្លើយ​ឆ្លង​អំពី​ការ​បោះ​ឆ្នោត​ពាក់កណ្តាល​អាណត្តិ​៖

គណបក្ស​ទាំង​២​បាន​បញ្ចេញ​បេក្ខជនល្បីៗបំផុត​របស់​ខ្លួន​នៅ​ក្នុង​យុទ្ធនាការឃោសនា​បោះឆ្នោត​ដូចជា លោក ​Mitt Romney និង​លោក ​John McCain ​អតីត​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​ ហើយ​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ​មាន​អតីតប្រធានាធិបតី ​Bill Clinton ​និង​លោកស្រី ​Hillary Clinton ​អតីត​រដ្ឋ​មន្រ្តី​ការ​បរទេស។​

អវត្តមាន​គួរឲ្យ​កត់​សម្គាល់​ពី​យុទ្ធនាការខាង​គណប្រ​ជាធិបតេយ្យ​ភាគ​ច្រើន​គឺ ​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា ​ដែលចំនួន​គាំទ្រ​ការ​ងារ​របស់​លោក​បាន​ធ្លាក់ចុះ​ ​ធ្វើឲ្យ​ប៉ះ​ពាល់ដល់​សមាជិក​សភា​ខាង​គណបក្សប្រជា​ធិបតេយ្យ​ដែល​ដាក់​ខ្លួន​ពួកគេ​ឲ្យ​ឆ្ងាយ​ពី​សេតវិមាន។ ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ​លោក​អូបាម៉ា​បាន​ធ្វើ​យុទ្ធនាការនៅ​ក្នុង​រដ្ឋ Michigan​ កាល​ពី​សប្តាហ៍​មុន។​

«ខ្ញុំ​ចង់​ប្រាប់​អស់​លោក​អ្នក​ថា តើ​ហេតុ​អ្វី​បាន​ជា​អស់​លោក​អ្នក​ចាំ​បាច់​បោះ​ឆ្នោត។​ប្រទេស​នេះ​បានធ្វើ​ឲ្យ​មាន​ការ​ជឿនលឿន​ពិត​ប្រាកដចាប់​តាំង​ពី​វិបត្តិ​សេដ្ឋ​កិច្ច​ដ៏​ធ្ងន់​ធ្ងរក្នុង​មួយ​ជី​វិត​របស់​យើង​នេះ។ ​ជាង​៤​ឆ្នាំកន្លះ​កន្លង​មក​នេះ ​យើង​បាន​ឃើញ​ពាណិជ្ជ​កម្ម​អាមេរិកាំង បង្កើត​ការងារថ្មីជាង​១០​លាន។​ ​ ​ជាង​៦​ខែ​កន្លង​មកនេះ ​សេដ្ឋ​កិច្ច​របស់​យើង​បាន​រីក​លូតលាស់​ក្នុង​ល្បឿន​លឿន​បំផុតនៅ​ក្នុង​រយៈ​ពេល​ជាង​១០​ឆ្នាំ​នេះ»។​

លោក ​Norm Ornstein ​អ្នក​វិភាគ​ខាង​នយោបាយ ​និយាយ​ថា៖​

«ប្រធានាធិបតី ​បារ៉ាក់ ​អូបាម៉ា ​បាន​ដឹង​ខ្លួន​ថា ​លោកស្ថិតក្នុង​ស្ថានភាព​ដូចជា​អតីត​ប្រធានាធិបតី​ George W. Bush ​កាល​ពី​៦​ឆ្នាំ​មុន​ដែរ។ ​បេក្ខជន​គណបក្ស​របស់​លោក​ជា​ច្រើន​មិន​បាន​ស្វាគមន៍​វត្តមាន​របស់​លោក លើកលែង​តែ​ក្នុង​ពិធី​រៃ​អង្កៀស​ប្រាក់។ ​ពួក​គេ​មិន​ចង់​ឲ្យ​ប្រធានាធិបតី​នៅ​ក្បែរ​ពួក​គេទេ»។​

ម៉្យាង​វិញ​ទៀត ​ពួក​ខាង​គណបក្ស​សាធារណរដ្ឋ​បាន​ស្វះស្វែងភ្ជាប់​គូ​ប្រជែង​ខាង​គណបក្សប្រជា​ធិបតេយ្យ​របស់​ខ្លួន​ទៅ​នឹង​ប្រ​ធានាធិបតី។​ បេក្ខជន​ព្រឹទ្ធ​សភា ​Scott Brown​ ក្នុង​រដ្ឋ ​New Hampshire​ និយាយ​ថា៖​

«របៀប​វារៈ​លោក ​Obama ​និង ​Shaheen បញ្ចប់​នៅ​ទី​នេះ ​នៅ​ពេល​ឥឡូវ​នេះ»។​

ពួក​ខាង​គណបក្ស​សាធារណរដ្ឋ​ត្រូវ​គេ​រំពឹង​យ៉ាង​ខ្លាំងនឹង​រក្សា​ការ​ត្រួតត្រា​នៅ​សភា​តំណាង​រាស្រ្ត។​ ​នៅ​ក្នុង​ព្រឹទ្ធ​សភា ​ពួកគេ​ត្រូវការ​បង្កើន​អាសនៈ​ចំនួន​៦​ទៀតដើម្បី​ដណ្តើម​ការ​ត្រួតត្រាពី​គណបក្ស​ប្រ​ជាធិបតេយ្យ។​

«យើង​ដឹងថា មាន​និន្នាការ​គាំទ្រ​គណបក្ស​សាធារណរដ្ឋ។​ គណបក្ស​មិនកាន់​តំណែង​ប្រធានាធិបតី​ ​ច្រើន​ទទួល​បាន​លទ្ធផលល្អ​នៅ​ក្នុង​ការ​បោះឆ្នោតពាក់​កណ្តាល​អាណត្តិ​នេះ។ ​ពួកគណបក្ស​ប្រ​ជា​ធិបតេយ្យ​ជួបប្រទះ​នឹង​ការ​លំបាក។​ មាន​មធ្យោបាយ​ដើម្បី​រក្សា​សំឡេង​ភាគ​ច្រើន​ក្នុង​ព្រឹទ្ធ​សភា។ ​ពួក​គណបក្ស​សាធារណរដ្ឋ​ ​មាន​មធ្យោបាយ​ជា​ច្រើន​ដើម្បី​ទទួល​បាន​សំឡេង​ភាគ​ច្រើន»។​

ពួក​គណបក្ស​ប្រជាធិបតេយ្យ​បានខំ​ឲ្យ​ពួក​អ្នក​បោះឆ្នោត​ចេញ​ទៅ​បោះ​ឆ្នោត​យ៉ាង​ច្រើន​ដែល​ពួកគេ​និយាយ​ថា ​នឹង​បង្ហាញ​ថា ​ការ​ស្ទង់​មតិ​នោះ​ខុស។ ​ក្នុង​ខណៈ​នោះ​ដែរ​ ខាង​គណបក្ស​សាធារណ​រដ្ឋកំពុង​សម្តែង​នូវ​ទំនុក​ចិត្តកាន់​តែច្រើន​ឡើងថា ​នឹង​ទទួល​បាន​ជ័យ​ជម្នះ​នៅ​ថ្ងៃ​អង្គារ​នេះ។ ​ជានិច្ចកាល​អ្នក​ដែល​បង្ហាញ​ខ្លួន​ដើម្បី​បោះឆ្នោតនឹង​ធ្វើការ​សម្រេច​ចុងក្រោយ៕

ប្រែ​សម្រួល​ដោយ ​ជឹង ​ប៉ូជីន

XS
SM
MD
LG