ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាលោកនៅតែជឿជាក់ថា ចិន «នឹងចង់ធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយជាមួយសហរដ្ឋអាមេរិកហើយប្រហែលឥឡូវនេះស្តាយក្រោយដោយចង់វិលត្រឡប់មកកាន់កិច្ចព្រមព្រៀងខ្លះ ដែលក្រុមអ្នកចរចាសម្រាប់ប្រទេស២បានធ្វើកាលពីពេលមុន»។
ប្រធានាធិបតី ត្រាំ បាននិយាយនៅឯសេតវិមានថា «យើងមានកិច្ចព្រមព្រៀងមុន ហើយចិន មិនបានគោរពកិច្ចព្រមព្រៀងនោះ។ ខ្ញុំគិតថា ប្រសិនបើពួកគេត្រូវធ្វើវាម្តងទៀត ពួកគេនឹងមិនបានធ្វើអ្វីដែលពួកគេចង់បាននោះទេ»។
ប្រធានាធិបតី ត្រាំ បានពោលអះអាងថា ពន្ធគយដែលលោកបានយកលើទំនិញនាំចូលរបស់ចិនដែលមានតម្លៃរាប់រយពាន់លានដុល្លារបានបណ្តាលឲ្យរោងចក្រខ្លះនៅក្នុងប្រទេសចិនរើការផលិតរបស់ពួកគេទៅកាន់ប្រទេសផ្សេងទៀត។
លោកប្រធានាធិបតី ត្រាំ និយាយថា «ខ្ញុំគិតថា យើងកំពុងធ្វើកិច្ចការបានល្អណាស់»។ លោកបាននិយាយទៀតថា ពន្ធគយមានផលប៉ះពាល់តិចតួចដល់អតិផរណានៅក្នុងសហរដ្ឋអាមេរិក។
ការចរចាពាណិជ្ជកម្មរវាងក្រុមមន្រ្តីរបស់ប្រទេសដែលមានសេដ្ឋកិច្ចធំបង្អស់២របស់ពិភពលោកបានបញ្ឈប់ភ្លាមៗ កាលពីពេលថ្មីៗនេះ ក៏ប៉ុន្តែ លោក Steven Mnuchin រដ្ឋមន្រ្តីក្រសួងរតនាគារសហរដ្ឋអាមេរិក និយាយថា លោក ដូចជានឹងត្រូវធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ក្នុងពេលឆាប់ៗនេះដើម្បីបន្តការចរចា។
ខណៈនោះដែរ លោក Zhang Hanhui អនុរដ្ឋមន្ត្រីការបរទេសចិន បានចោទប្រកាន់សហរដ្ឋអាមេរិកពីការធ្វើភេរវកម្មសេដ្ឋកិច្ចក្នុងសង្គ្រាមពាណិជ្ជកម្ម។ លោកបានធ្វើការចោទប្រកាន់នៅក្នុងទីក្រុងប៉េកាំង ក្នុងអំឡុងសន្និសីទកាសែតស្តីពីដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់ប្រធានាធិបតីចិន ស៊ី ជីនពីង ទៅកាន់ប្រទេសរុស្ស៊ីនៅសប្តាហ៍ក្រោយ៕