ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អូបាម៉ា​សរសើរ​សម្តេចសង្ឃ​ ដាឡៃ ឡាម៉ា​ ចំពោះ​មេត្តាធម៌​របស់​ទ្រង់


លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​ស្ថិត​នៅ​ក្នុង​ពិធី​សូត្រធម៌ និង​ទទួលទាន​អាហារ​ពេល​ព្រឹក​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ២០១៥។
លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​ស្ថិត​នៅ​ក្នុង​ពិធី​សូត្រធម៌ និង​ទទួលទាន​អាហារ​ពេល​ព្រឹក​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ២០១៥។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក់ ​អូបាម៉ា ​បាន​សរសើរ​សម្តេច​សង្ឃ ដាឡៃ ឡាម៉ា (Dalai Lama) ​ថា​ជា​មនុស្សម្នាក់​មាន​មេត្តាធម៌​ដោយ​លោក​ប្រធានាធិបតីមិន​អើពើ​ការ​តវ៉ា​របស់​ចិន​ប្រឆាំងការពាក់​ព័ន្ធ​ណាមួយ​របស់​អាមេរិក​ជាមួយ​មេដឹកនាំ​សាសនា​ដែនដី​ទីបេ​នេះ​ទេ។

​លោក​ប្រធានាធិបតី​អូបាម៉ា​មិន​បាន​ជួប​ដោយ​ផ្ទាល់​ជាមួយ​សម្តេច​សង្ឃ ដាឡៃ ឡាម៉ា ​នៅពេល​ដែល​លោក​ចូលរួម​ពិធី​សូត្រ​ធម៌ និង​ទទួល​ទាន​អាហារ​ពេល​ព្រឹកប្រចាំ​ឆ្នាំ​កាល​ពី​ថ្ងៃ​ព្រហស្បត៍​នៅ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន ក៏ប៉ុន្តែ​លោក​បាន​អង្គុយ​នៅ​ជិត​គ្នាហើយ​បាន​ធ្វើ​ការ​ស្វាគមន៍​គ្នា​ទៅ​វិញ​ទៅ​មក។

​លោក​ប្រធានាធិបតី​អូបាម៉ា​បាន​ប្រាប់​ក្រុមមេដឹកនាំ​សាសនា​និងមេដឹកនាំ​នយោបាយ​ប្រ​ហែល​៣ពាន់​៦រយនាក់​នៅ​ឯ​ពិធី​ប្រចាំ​ឆ្នាំ​ថា «​ខ្ញុំ​ចង់​ផ្តល់​ការ​ស្វាគមន៍​ពិសេសដល់​មិត្តភក្តិ​ដ៏ល្អ​ម្នាក់គឺ​សម្តេច​សង្ឃ​ ដាឡៃ ឡាម៉ា ​ដែល​ជា​ឧទាហរណ៍​ដ៏​ល្អ​បំផុត​មួយ​សម្រាប់​ការអនុវត្ត​មេត្តាធម៌​ហើយ​បាន​ជម្រុញ​លើក​ទឹកចិត្ត​យើង​ឲ្យ​និយាយ​ពី​សេរីភាព​និង​សេចក្តី​ថ្លៃថ្នូររបស់​មនុស្ស​ជាតិ​ទាំងអស់‍»។

ថ្វីបើ​សម្តេច​សង្ឃ​ ដាឡៃ ឡាម៉ា និយាយ​យ៉ាង​ទទូច​ថា ​ព្រះអង្គ​គ្រាន់​តែ​ស្វះស្វែង​រក​ស្វ័យភាព​សម្រាប់​ដែន​ដី​ទីបេ​ក៏ដោយ ចិន​បាន​ចាត់​ទុក​មេដឹកនាំ​សាសនា​អង្គ​នេះ​ថា ​ជា​អ្នក​ទាមទារ​បំបែក​រដ្ឋ​ប្រកប​ដោយ​គ្រោះ​ថ្នាក់ ​ហើយ​បាន​ថ្កោល​ទោស​ជា​ប្រចាំ​ដល់​មេដឹកនាំ​នានាដែល​បាន​ជួប​ជាមួយ​ព្រះ​អង្គ។

​លោក Hong Lei អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា «​យើង​ប្រឆាំង​ការ​ជ្រៀតជ្រែក​របស់​ប្រទេស​ណា​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ចិននៅ​ក្រោម​លេសបញ្ហា​ពាក់ព័ន្ធ​នឹង​ដែន​ដី​ទីបេ​ ហើយ​យើងជំទាស់​ប្រឆាំងដល់​ជំនួប​របស់​មេដឹកនាំ​បរទេស​ណា​ជាមួយ​សម្តេច​សង្ឃ​ ដាឡៃ ឡាម៉ា ក្នុង​ទ្រង់​ទ្រាយ​ណា​ក៏ដោយ‍»។

ចាប់​តាំងពី​ចូល​កាន់​អំណាច​មក​ ​លោក​ប្រធានាធិបតី​អូបាម៉ា ​បាន​ជួប​ជាមួយសម្តេច​សង្ឃ​ ដាឡៃ ឡាម៉ា ៣​លើក​ហើយ។ ប៉ុន្តែ​គ្មាន​ជំនួប​ណាមួយ​បាន​ធ្វើ​ឡើង​ជា​សាធារណៈទេ។

មុនពេល​ចាប់​ផ្តើម​ពិធី​សូត្រធម៌​និង​ទទួលទានអាហារ​ពេល​ព្រឹក ​សមាជិកសភា​សហរដ្ឋអាមេរិក​២រូប​បាន​ប្រាប់​វីអូអេ​ថា ការ​រិះគន់​របស់​ចិនដល់​សហរដ្ឋ​អាមេរិកជួប​ជាមួយសម្តេច​សង្ឃ​ ដាឡៃ ឡាម៉ា គ្មាន​ហេតុផល​ត្រឹមត្រូវ​ទេ៕

XS
SM
MD
LG