លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា កំពុងដកកងទ័ពអាមេរិកាំងភាគច្រើនដែលបញ្ជូនទៅកាន់តំបន់អាហ្វ្រិកខាងលិចដើម្បីប្រយុទ្ធការរាលដាលនៃជំងឺអ៊ីបូឡា។
សហរដ្ឋអាមេរិកបានដាក់ពង្រាយបុគ្គលិកយោធា៣ពាន់នាក់ដើម្បីបង្កើតកងឯកភាពដើម្បីព្យាបាលជំងឺអ៊ីបូឡានិងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតដើម្បីប្រយុទ្ធមេរោគនោះ។ ថ្លែងកាលពីថ្ងៃពុធនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន លោកប្រធានាធិបតីអូបាម៉ាបានមានប្រសាសន៍ថា ពីព្រោះតែការងាររបស់កងទ័ពមានប្រសិទ្ធិភាព ដូច្នេះប្រហែល១រយនាក់នឹងត្រូវវិលត្រឡប់ទៅកាន់មាតុភូមិវិញនៅថ្ងៃទី៣០ ខែកុម្ភៈ។
លោកប្រធានាធិបតីមានប្រសាសន៍ទៀតថា បុគ្គលិក១ពាន់៥រយនាក់បានវិលត្រឡប់ទៅកាន់មាតុភូមិវិញហើយ។
លោកប្រធានាធិបតីមានប្រសាសន៍បន្តទៀតថា លោកចង់បញ្ជាក់ឲ្យច្បាស់ថា ថ្វីបើកងទ័ពវិលត្រឡប់ទៅកាន់មាតុភូមិក៏ដោយ ការងារប្រយុទ្ធជំងឺអ៊ីបូឡាមិនទាន់ចប់ទេ។ លោកមានប្រសាសន៍ថា ការយកចិត្តទុកដាក់ឥឡូវនេះគឺធ្វើយ៉ាងណាឲ្យចំនួនករណីនៃជំងឺនេះធ្លាក់ដល់សូន្យ ពីព្រោះតាមពាក្យលោកប្រធានាធិបតីករណីទាំងអស់ជាងងើកភ្លើងដែលអាចចាប់ផ្តើមផ្ទុះឡើងវិញ។
កងទ័ពសហរដ្ឋអាមេរិកដែលនៅសល់ក្នុងតំបន់អាហ្វ្រិកខាងលិចត្រូវគេរំពឹងថានឹងធ្វើការជាមួយយោធានៃប្រទេសលីបេរីយ៉ា (Liberia) ដៃគូក្នុងតំបន់និងជនស៊ីវិលសហរដ្ឋអាមេរិកដើម្បីបន្តប្រយុទ្ធជំងឺអ៊ីបូឡា។
ការផ្ទុះឡើងនូវជំងឺអ៊ីបូឡាដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្រ្តពិភពលោកបានសម្លាប់មនុស្សជិត៩ពាន់នាក់។ ករណីជំងឺក្នុងប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុតមាននៅប្រទេសហ្គីណេ (Guinea) លីបេរីយ៉ា (Liberia) និងប្រទេសសៀរ៉ាឡែអូន(Sierra Leone) បានកើនឡើងក្នុងរយៈពេល២សប្តាហ៍កន្លងមកនេះបន្ទាប់ពីការធ្លាក់ចុះអស់រយៈពេលជាច្រើនសប្តាហ៍មក៕