ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ស.រ.អា.​ចោទប្រកាន់​ប្រទេស​ចិន​ពី​ការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ខុស​ច្បាប់​ដល់​ការ​នាំ​ចេញ


ម៉ាក​ផលិតផល​របស់​ចិន​ដែល​ពេញ​និយម​នៅ​ក្នុង​សហរដ្ឋអាមេរិក។

សហរដ្ឋអាមេរិក ​កំពុង​ចោទ​ប្រកាន់​ប្រទេស​ចិន​ពី​ការ​ផ្តល់​ប្រាក់ជំនួយ​ខុសច្បាប់​ដល់​ក្រុមហ៊ុន​នាំ​ទំនិញ​ចេញ​របស់​ខ្លួន​ក្នុង​ឧស្សាហកម្ម​ចំនួន​៦។

​លោក Michael Froman ​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​បាន​និយាយ​ថា ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​បាន​ផ្តល់​ប្រាក់ជំនួយ​ខុសច្បាប់​យ៉ាងហោច​ណាស់​ក៏​១ពាន់​លាន​ដុល្លារក្នុង​រយៈ​ពេល​៣​ឆ្នាំ​កន្លង​មក​នេះ​ ​ហើយ​ការ​ជួយ​ឧបត្ថម្ភ​ផ្នែក​ហិរញ្ញវត្ថ​នេះ​រំលោភ​ច្បាប់​ដែល​កំណត់​ដោយ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។ ​លោក Froman បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា វាយនភណ្ឌ សម្លៀកបំពាក់ ​លោហៈធាតុ​គីមី ​ផលិត​ផល​ពេទ្យ សំភារៈ​សាងសង់​និង​ឧស្សា​ហកម្ម​កសិកម្ម ​បាន​ទទួល​ផល​ប្រយោជន៍​ពី​ប្រាក់​ឧបត្ថម្ភ​របស់​រដ្ឋាភិបាល​ចិន។

​លោក Froman ​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ​ប្រាក់​ជួយ​ឧបត្ថម្ភ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កម្មករ​ កសិករ អ្នក​ចិញ្ចឹម​សត្វ​និង​ពាណិជ្ជករ​សហរដ្ឋអាមេរិកដោយ​មាន​ការ​កាត់​បន្ថយ​ការ​ប្រកួតប្រជែង ​មាន​ការ​គំរាមកំហែង​ដល់​ការងារ​និង​ប៉ះពាល់​ដល់​ប្រាក់​ឈ្នួល​នៅ​ក្នុង​សហរដ្ឋអាមេរិក។

​សហរដ្ឋអាមេរិក​បាន​និយាយ​ថា ​ខ្លួន​នឹង​ព្យាយាមធ្វើ​ឲ្យ​មាន​ដំណោះស្រាយ​នៃ​រឿង​ក្តី​នេះ​ជាមួយចិន​នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ​ក៏ប៉ុន្តែ​ប្រសិន​បើ​រឿង​នេះ​ទទួល​បរាជ័យ​ ​ខ្លួន​អាច​សុំ​ឲ្យ​ទីភ្នាក់ងារ​ដែល​មាន​ទីតាំង​ក្នុង​ទីក្រុង​ហ្សឺណែវ​នោះ​សម្រេច​ជម្លោះ​វិញ។

មិនមាន​ប្រតិកម្ម​ភ្លាម​ៗ​ដល់​ជម្លោះ​នេះ​ពី​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ទេ។

​បញ្ហា​នេះ​បាន​កើត​មាន​ឡើង​មួយ​ថ្ងៃបន្ទាប់​ពី​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ ​បារ៉ាក់ ​អូបាម៉ា​និង​ប្រធានា​ធិបតី​ចិន ស៊ី​ ជីង​ពីង ​បាន​និយាយ​គ្នា​តាម​ទូរស័ព្ទ ​ដោយ​មេដឹកនាំ​ចិន​មាន​ផែនការ​បំពេញ​ទស្សនៈ​កិច្ចផ្លូវ​រដ្ឋ​ទៅ​កាន់​រដ្ឋ​ធានី​វ៉ាស៊ីន​តោននៅ​ខែ​កញ្ញា៕

XS
SM
MD
LG