រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austinនឹងមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា នៅដើមខែមិថុនាខាងមុខនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិអាមេរិកចេញផ្សាយនៅថ្ងៃសៅរ៍នេះ។
ដំណើរទស្សនកិច្ចនេះកើតឡើង ស្របពេលដែលលោករដ្ឋមន្រ្តីការពារជាតិនឹងមកចូលរួមសន្និសីទកំពូលស្តីពីសន្តិសុខ Shangri-La Dialogue ដែលប្រព្រឹត្តទៅក្នុងប្រទេសសិង្ហបុរី។ សន្និសីទកំពូលនេះចាប់ផ្តើមពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤។
បន្ទាប់ពីសន្និសីទនេះ លោករដ្ឋមន្រ្តីការពារជាតិអាមេរិកនឹងមកប្រទេសកម្ពុជា ដើម្បីបំពេញទស្សនកិច្ច។ នៅក្នុងប្រទេសកម្ពុជា លោកនឹងជួបជាមួយមន្រ្តីជាន់ខ្ពស់របស់កម្ពុជាមួយចំនួន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិអាមេរិក។
លោក Lloyd Austin ធ្លាប់មកប្រទេសកម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ដែលកាលនោះ លោកមកចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន។
បើតាមក្រសួងការពារជាតិអាមេរិក ដំណើរទស្សនកិច្ចលើកទី១០របស់លោក Lloyd Austin មកតំបន់ឥណ្ឌូប៉ាស៊ីហ្វិក កើតឡើងស្របពេលដែលក្រសួងការពារជាតិអាមេរិកបន្តពង្រឹងទំនាក់ទំនងរវាងអាមេរិកនិងសម័ន្ធមិត្ត និងដៃគូ ដើម្បីគាំទ្រនូវទស្សនៈតំបន់រួមគ្នាសម្រាប់សន្តិភាព ស្ថិរភាព និងវិធានការបង្ការ។
វីអូអេមិនទាន់អាចសុំការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោក ឈុំ សុជាត បាននៅឡើយទេ។
គួរបញ្ជាក់ថាដំណើរទស្សនកិច្ចនេះ កើតឡើងបន្ទាប់ពីកម្ពុជានិងចិនបានធ្វើសមយុទ្ធទ្រង់ទ្រាយធំជាមួយគ្នា ដែលគ្រោងបញ្ចប់នាចុងខែឧសភានេះ។ ដំណើរទស្សនកិច្ចនេះ ក៏កើតឡើង ស្របពេលកងទ័ពចិនបានជួយកម្ពុជាក្នុងការធ្វើទំនើបកម្មមូលដ្ឋានបញ្ជាការដ្ឋានកងទ័ពជើងទឹករាម ក្នុងខេត្តព្រះសីហនុ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន។ ការធ្វើទំនើបកម្មនេះត្រូវបានសហរដ្ឋអាមេរិកបង្ហាញការសង្ស័យថាអាចប្រើប្រាស់ដើម្បីធ្វើជាមូលដ្ឋានកងទ័ពរបស់ចិននាពេលណាមួយ ដើម្បីពង្រីកឥទ្ធិពលរបស់ចិននៅក្នុងតំបន់ទប់ទល់នឹងអាមេរិក ប៉ុន្តែកម្ពុជាបានបដិសេធជាបន្តបន្ទាប់៕
វេទិកាបញ្ចេញមតិ