សេតវិមាននិងក្រសួងការពារជាតិសហរដ្ឋអាមេរិកបាននិយាយនៅថ្ងៃចន្ទម្សិលមិញថា គេកំពុងពិនិត្យមើលពីស្ថានភាពចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យកាលពីសប្តាហ៍មុន របស់រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក Lloyd Austin និងការខកខានក្នុងការជូនដំណឹងដល់មន្ត្រីសេតវិមាន អំពីការផ្ទេរភារកិច្ចរបស់លោកAustin ទៅឱ្យអនុរដ្ឋមន្ត្រីរបស់លោក។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ លោក John Kirby បានប្រាប់ក្រុមអ្នកយកព័ត៌មានថា ការពិនិត្យមើលនោះគឺសំដៅទៅលើថា តើមានគោលការណ៍ឬដំណើរការណាមួយដែលមិនត្រូវបានអនុវត្ត ដូច្នេះគេអាចរៀនសូត្រអ្វីបានពីបទពិសោធន៍នោះ។
ក្នុងលិខិតផ្ទៃក្នុងមួយច្បាប់ ដែលក្រសួងការពារជាតិចេញផ្សាយកាលពីយប់ថ្ងៃចន្ទម្សិលមិញនិយាយថា ក្រសួងការពារជាតិនឹងធ្វើការត្រួតពិនិត្យដែលមានរយៈពេល ៣០ ថ្ងៃ ដែលរួមទាំងពេលវេលានិងការជូនដំណឹងចាប់តាំងពីការចូលសម្រាកក្នុងមន្ទីរពេទ្យរបស់លោក Austin ដែលជាដំណើរការមួយដើម្បីកំណត់ថា តើរដ្ឋមន្ត្រីការពារជាតិអាមេរិករូបនេះ មិនអាចបំពេញការងាររបស់លោកបានចាប់ពីពេលណាមក និងផ្តល់អនុសាសន៍មួយចំនួនដើម្បីកែលម្អដំណើរការស្តីពីការជូនដំណឹងដល់មេដឹកនាំថ្នាក់លើឱ្យកាន់តែប្រសើរឡើងក្នុងពេលខាងមុខផងដែរ។
លោក Austin ដែលមានឋានានុក្រមទី ២ បន្ទាប់ពីលោក Biden ក្នុងការបញ្ជាកងទ័ពអាមេរិកនោះ មានបញ្ហាសុខភាពឡើងវិញ បន្ទាប់ពីអ្វីដែលត្រូវបានពណ៌នាថាជា ជាដំណើរការព្យាបាលមួយ ដែលលោកបានទទួលកាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៣កន្លងទៅ ហើយលោកត្រូវចូលទៅសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៤។
អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក លោកឧត្តមសេនីយ៍ទោ Patrick Ryder និយាយថា មិនមានពេលណាមួយ ដែលបញ្ហាសន្តិសុខជាតិស្ថិតក្នុងហានិភ័យដោយសារតែការចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យរបស់លោក Austin នោះឡើយ ហើយការងាររបស់លោកត្រូវបានផ្ទេរទៅឱ្យអនុរដ្ឋមន្ត្រីក្រសួងការពារជាតិ គឺអ្នកស្រី Kathleen Hicks ក្នុងអំឡុងពេលខ្លះនៃការសម្រាកព្យាបាលក្នុងមន្ទីរពេទ្យរបស់លោក។
អស់ពេលជាច្រើនថ្ងៃ ដែលរដ្ឋមន្ត្រីការពារជាតិវ័យ ៧០ ឆ្នាំរូបនេះ មិនបានបា្រប់ដល់លោកប្រធានាធិបតី Joe Biden នោះឡើយ ហើយក្រសួងការពារជាតិអាមេរិក ក៏មិនដែលប្រកាសពីការចូលព្យាបាលក្នុងមន្ទីរពេទ្យរបស់លោកផងដែរ ដែលធ្វើមិនឱ្យមានការចាប់អារម្មណ៍ក្នុងចំណោមមន្ត្រីជាន់ខ្ពស់បំផុតរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។
លោក Austin និយាយកាលពីថ្ងៃសៅរ៍កន្លងទៅនេះថា លោកទទួលខុសត្រូវទាំងស្រុង ចំពោះភាពសម្ងាត់ជុំវិញការចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យរបស់លោកនោះ៕
វេទិកាបញ្ចេញមតិ